ព្រះសង្ឃ​ពុទ្ធសាសនា​ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ មនុស្ស​មួយ​អង្គ មាន​សង្ឃ​ដិកា​ថា ព្រះអង្គ​ត្រូវ​បាន​បង្ខំ​ឲ្យ​យល់​ព្រម​លើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​របស់​ព្រះអង្គ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​តទៅ​ទៀត​ បន្ទាប់​ពី​ព្រះអង្គ​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​អ្នក​ភូមិ​ក្នុង​ការ​តវ៉ា​ចំពោះ​ការ​រំលោភ​ដី​ធ្លី​និង​សិទ្ធិ​រស់រាន​របស់​ពួក​គេ។ ​
ភិក្ខុ ​លួន សាវ៉ាត​មាន​សង្ឃ​ដិកា​ថា ​ព្រះអង្គ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាព​របស់​ព្រះអង្គ​ជាមួយ​ក្រុម​អ្នក​ភូមិ​ដែល​តវ៉ា​រឿង​ដី​ធ្លី​របស់​ពួកគេ​តទៅ​ទៀត។​
«កិច្ច​សន្យា​ហ្នឹង​ជា​រឿង​ធ្ងន់​ធ្ងរ​ ព្រោះ​វា​មិន​មែន​ប៉ះ​ពាល់​ត្រឹម​អាត្មា​ទេ វា​ប៉ះពាល់​ទាំង​អស់​គ្នា​ហ្នឹង»។​
ភិក្ខុលួន សាវ៉ាត ដែល​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ប៉ូលិស​និង​មន្រ្តី​សង្ឃ​ចាប់​ព្រះកាយ​ទាំង​បង្ខំ ​បន្ទាប់​ពី​ព្រះអង្គ​បាន​ចូល​រួម​ជាមួយ​ក្រុម​អ្នកភូមិ​បឹង​កក់​និង​ថតរូប​ការ​តវ៉ា​របស់​ពួកគេ​ប្រឆាំង​នឹង​ការ​​ចាប់​ខ្លួន​អ្នក​ភូមិ​នេះ​ចំនួន​១៣នាក់​យក​មក​ជំនុំ​ជម្រះ​ទោស​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ម៉ិញ។​