Monday, May 28, 2012

ព្រះតេជព្រះគុណ លួន សុវ៉ាត លាតត្រដាង​កិច្ច​សន្យា​ដោយ​បង្ខំ


2012-05-26
ព្រះភិក្ខុ​សង្ឃ លួន សុវ៉ាត ដែល​រង​ការ​បង្ខំ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឲ្យ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ដោយ​បង្ខំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា កន្លង​មក​នេះ បាន​លាត​ត្រដាង​ឯកសារ​កិច្ច​សន្យា​ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ព្រះអង្គ។
RFA/Uon Chhin
កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។
ស្ថិត​ក្នុង​បន្ទប់​មួយ នៅ​វត្ត​បទុមវតី ហ៊ុមព័ទ្ធ​ទៅ​ដោយ​អាជ្ញាធរ​ចម្រុះ​ប្រមាណ​ជា ៥០​នាក់ ក្នុង​នោះ​មាន​ទាំង​គណៈ​សង្ឃ​ផង​នោះ ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​ចុះ​ហត្ថ​លេខា​យល់​ព្រម​លើ​លិខិត​មួយ ដែល​មាន​សម្ដេច​សង្ឃ នន្ទ ង៉ែត ជា​សាក្សី។
ខ្លឹម​សារ​ក្នុង​លិខិត​កិច្ច​សន្យា ដែល​សរសេរ​ដោយ​ដៃ ទុក​អោយ​ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត ចុះ​ហត្ថ​លេខា ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នោះ សរសេរ​ថា ១.ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​ព្រះ​ករុណា​អាត្មាភាព​ឈប់​ដឹក​នាំ​បាតុកម្ម កូដកម្ម កុប្បកម្ម ឬ​សកម្មភាព​តវ៉ា​ជំទាស់​គ្រប់​រូបភាព​ដែល​បង្ក​អោយ​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​សង្គម។ ព្រះ​អង្គ​យល់​ព្រម​រួម​រស់​ជា​មួយ​សហគមន៍​សង្ឃ​គង់​នៅ​ក្នុង​វត្ត ហើយ​ក្នុង​ករណី​ប្រព្រឹត្ត​ខុស​នឹង​កិច្ច​សន្យា​នេះ ខ្ញុំ​ព្រះ​ករុណា​អាត្មាភាព លួន សាវ៉ាត សូម​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​គ្មាន​តវ៉ា។
ក្រោយ​ពី​ការ​ដោះ​លែង​នៅ​ថ្ងៃ​ទី​២៤ ឧសភា ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត មាន​ថេរដីកា​ថា ព្រះអង្គ​គ្មាន​ជម្រើស​ទេ គឺ​ព្រះ​អង្គ​ត្រូវ​បង្ខំ​ព្រះ​ទ័យ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​នោះ បើ​មិន​ដូច្នេះ​ទេ ព្រះ​អង្គ​នឹង​ត្រូវ​ចាប់​ផ្សឹក​នា​ពេល​នោះ និង​បន្ទាប់​មក​តុលាការ​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ព្រះ​អង្គ​ពី​បទ​ញុះញង់​ប្រព្រឹត្ត​ឧក្រិដ្ឋ។
ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត៖ «មាន​តែ​អាត្មា​តែ​មួយ​គត់ ដែល​ត្រូវ​បាន​គេ​ចាក់​សោ​បិទ​ទ្វារ​សូម្បី​តែ​ដើរ​មួយ​ជំហាន​ក៏​មិន​បាន ហើយ​នៅ​លើ​ខ្លួន​ប្រាណ​យើង​ត្រូវ​បាន​គេ​ដក​ហូត​យក​ទាំង​អស់ គិត​ថា​ជា​រឿង​មួយ​បំបិទ​សិទ្ធិ​សេរីភាព។ ជា​រឿង​បង្ខិតបង្ខំ ជា​រឿង​គំរាម​កំហែង​ទាំង​ស្រុង ហើយ​ករណី​នៅ​ថ្ងៃ​នេះ... គឺ​ប្រសិន​បើ​អាត្មា​មិន​ចុះ​ហត្ថ​លេខា​ផ្ដិត​មេ​ដៃ​នៅ​លើ​លិខិត​ទាំង​នោះ​ទេ អាត្មា​នឹង​ត្រូវ​បាន​គេ​ចាប់​ផ្សឹក​ដោយ​បង្ខំ ហើយ​នឹង​ត្រូវ​បាន​គេ​កាត់​ទោស​ដោយ​ប្រព័ន្ធ​តុលាការ​ពីរ​បី​សំណុំ​រឿង​ទៀត ដូច្នេះ​ការ​ដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ពី​ស្ថាប័ន​ច្បាប់ ពី​តុលាការ​ផង ពី​ខាង​ទាំង​សង្ឃ​ប្រើ​អំណាច​កៀប​មក​លើ​អាត្មា​ហ្នឹង ធ្វើ​ឲ្យ​អាត្មា​តែ​ម្នាក់​ឯង​ត​ទល់​គ្មាន​តម្លាភាព។ ហើយ​ការ​បិទ​បាំង​មិន​ឲ្យ​អង្គការ​សារព័ត៌មាន​ចូល​ទៀត​ក្នុង​វត្ត គឺ​ជា​រូប​ភាព​មួយ​ហាក់​ដូច​ជា​ចាប់​បង្ខំ​អាត្មា​ទាំង​ស្រុង​តែ​ម្ដង»


លិខិត​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន ដែល​មាន​ភ្ជាប់​ជា​មួយ​កិច្ច​សន្យា​នេះ ក៏​មាន​លិខិត​របស់​ក្រសួង​យុត្តិធម៌​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា និង​លិខិត​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចុះ​ហត្ថ​លេខា​ដោយ​ចៅក្រម​ស៊ើប​អង្កេត ឌុច កឹមសន ដាក់​ព្រះ​អង្គ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នានា នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​២០១១។
ទាក់ទង​នឹង​ភាព​ស្រប​ច្បាប់​នៃ​កិច្ច​សន្យា​ដែល​ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត ត្រូវ​បាន​បង្ខំ​អោយ​ចុះ​ហត្ថ​លេខា​ផ្ទុយ​ពី​ឆន្ទៈ​ព្រះ​អង្គ​នេះ ប្រធាន​អង្គការ​ការពារ​សិទ្ធិ​កម្ពុជា លោក មេធាវី សុក សំអឿន បាន​ចាត់​ទុក​ថា កិច្ច​សន្យា​បែប​នេះ​គឺ​គ្មាន​ន័យ​អ្វី​ទេ។
លោក មេធាវី សុក សំអឿន៖ «មាន​កិច្ច​សន្យា​ក៏​ដោយ អត់​ក៏​ដោយ បទ​ល្មើស​ក្នុង​ក្រម​ព្រហ្មទណ្ឌ​អា​ហ្នឹង​ថា​គ្មាន​ក៏​ដោយ មិន​មាន​ក៏​ដោយ អា​ហ្នឹង​ក៏​គង់​តែ​គេ​ដាក់​ទោស​ដដែល​ហ្នឹង។ ដូច្នេះ​អា​កិច្ច​សន្យា​បែប​ហ្នឹង​វា​អត់​មាន​ន័យ​អី​ទេ វា​សម្រាប់​តែ​គំរាម​មនុស្ស​ឲ្យ​ខ្លាច​ឲ្យ​អី ឬ​ក៏​ឲ្យ​ឈប់​ធ្វើ​ស្អី​មួយ​តែ​ប៉ុណ្ណឹង​ទេ»
ឆ្លើយ​តប​នឹង​កិច្ច​សន្យា​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ចុះ​ហត្ថ​លេខា​ដោយ​បង្ខំ ជា​ហត្ថ​លេខា​គ្មាន​សុពលភាព។ តាម​ច្បាប់ តុលាការ​ត្រូវ​លុប​ចោល​កិច្ច​សន្យា​នោះ។ លោក​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ការណ៍​ដែល​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​តុលាការ និង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ទាំង​នោះ​ចាប់​បង្ខំ គំរាម​មនុស្ស​ម្នាក់​ឲ្យ​ចុះ​ហត្ថ​លេខា​បែប​ដែល​សាមី​ខ្លួន​មិន​ពេញ​ចិត្ត​​នឹង​ធ្វើ​​បែប​នោះ គឺ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​រួច​ទៅ​ហើយ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ដោយ​បង្ខំ​គឺ​មិន​មែន​ជា​កិច្ច​សន្យា​ទេ។ ដូច្នេះ​ភាគី​ដែល​ទទួល​រង​ការ​កៀប​សង្កត់​ហ្នឹង​មិន​ទទួល​ស្គាល់​បាន​បើ​ទៅ​តុលាការ​បែប​តុលាការ​ក៏​បដិសេធ​ដែរ។ ហើយ​រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​ខាង​សង្ឃ។ ដូច្នេះ​ដើម្បី​ចោទ​ប្រកាន់​បាន​លុះ​ត្រា​តែ​លោក​សឹក ឬ​ក៏​លាចាក​សិក្ខា​បទ​លោក​សង្ឃ។ អា​ហ្នឹង​ដូច​មិន​ដែល​យក​ព្រះ​សង្ឃ​ជា​សង្ឃ​ទៅ​ឡើង​តុលាការ​ផង។ ខាង​លោក​សង្ឃៗ​ហ្នឹង នឹង​ដាក់​ទណ្ឌកម្ម​បាន​តែ​មាន​បង្កើត​ជា​គណៈ​សង្ឃ ហើយ​គេ​ត្រូវ​ប្រកាន់​ឥរិយាបទ​ចៀស​វាង​អគតិ​ទាំង​បួន គឺ​ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ​ហ្នឹង ទី​ពីរ គឺ​ត្រូវ​បាន​វត្តមាន​ដែល​ជាប់​ចោទ​ហ្នឹង​នៅ​មុខ​ដែល​ហៅ​ថា តុលាការ​សង្ឃ ទី​បី គឺ​ត្រូវ​តែ​ព្រះ​សង្ឃ​ដែល​ជាប់​ចោទ​ហ្នឹង​ទទួល​សារភាព ហើយ​បើ​សិន​ជា​អត់​មាន​វត្ត​មាន ហើយ​សម្រេច​ទៅ​ហ្នឹង​ក្នុង​ត្រៃបិដក​ថា គណៈ​សង្ឃ​ដែល​សម្រេច​ដោយ​អវត្តមាន​អា​ហ្នឹង​គឺ​ត្រូវ​អាប័ទ»
កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ព្រះ​សង្ឃ លួន សុវ៉ាត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ខណៈ​ព្រះអង្គ​រួម​ជា​មួយ​អ្នក​តវ៉ា​ជា​ច្រើន​នាក់​ទៀត ឈរ​តវ៉ា​ដោយ​សន្តិ​វិធី អំពាវនាវ​សុំ​ដោះ​លែង​ស្រ្តី​រង​គ្រោះ​ដោយ​បញ្ហា​ដីធ្លី​នៅ​បឹង​កក់ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ចំនួន ១៣​នាក់៕

No comments:

Post a Comment