ម្យ៉ាងវិញទៀត ការដែលចេះតែអះអាងថា ស្រុកខ្មែរកាន់លទ្ធិប្រជាធិបតេយ្យ គឺប្រជាធិបតេយ្យតែមាត់ តែក្នុងចិត្ត នៅតែប្រកាន់ចរិតផ្តាច់ការដដែលឬ? បើមើលទៅហាក់បីដូចជាលទិ្ធប្រជាធិបតេយ្យស្រុកខ្មែរ ចាស់ខែ ចាស់វស្សាជាងប្រទេសភូមា តែហេតុអ្វីបានជាភូមា ចាប់ផ្តើមលទ្ធិប្រជាធិបតេយ្យលឿនគួរឲ្យកត់សម្គាល់ម្ល៉េះ? ដូចជាបង្កើតច្បាប់ឲ្យប្រជាពលរដ្ឋគេមានសិទ្ធិតវ៉ា និងធ្វើបាតុកម្ម ហើយកាលពីសប្តាហ៍មុននេះរដ្ឋាភិបាលភូមា បានដោះស្រាយបញ្ហាដំឡើងប្រាក់ខែ ដល់កម្មករ ដែលមកតវ៉ា ដែលមិនធ្លាប់មានជាង ៤០ ឆ្នាំកន្លងមកហើយក៏ដោយ បើទោះជាបានដំឡើងប្រាក់តិចតួចក្តី តែជាការចាប់ផ្តើមមួយដ៏ល្អប្រពៃ។ នេះមកពីភូមារៀនពីស្រុកខ្មែរ អំពីលទ្ធិប្រជាធិបតេយ្យនេះ? ចុះហេតុអ្វីបានជាស្រុកខ្មែរ ក៏ខិតខំធ្វើត្រាប់តាមអ្វីដែលអាក្រក់ៗ ដែលភូមាធ្លាប់តែកាន់របបផ្តាច់ការអំឡុងពេល ៤០ ឆ្នាំ ដូចជាការយកកម្លាំងប្រដាប់់អាវុធ ទៅបង្ក្រាប និងចាប់ប្រជាពលរដ្ឋ និងព្រះសង្ឃដែលតវ៉ា និងធ្វើបាតុកម្មអហិង្សាទៅវិញ?
Phnom Penh Post
- Monday, 20 February 2012 12:00
- តុង សុប្រាជ្ញ
កម្លាំងទ័ពដែលគេដឹកយកទៅគម្រាមអ្នកភូមិអមលាំងនៅតុលាការកំពង់ស្ពឺ។ រូបថត ជីវ័ន
ហេតុអ្វីបានជាជាង ៦០ ឆ្នាំ កន្លងមកហើយស្រុកខ្មែរ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់សោះ ប្រជាពលរដ្ឋ នៅតែត្រូវគេជិះជាន់សង្កត់សង្កិនដដែល? បើទោះបីជាប្រទេសជាតិសព្វថ្ងៃនេះ មានច្បាប់ទម្លាប់ហើយក៏ដោយ? តើនេះមកពីប្រទេសកម្ពុជា ដែលអានថា៖«កម្មពុជា» បានជាប្រជាពលរដ្ឋ ចេះតែរងកម្មរហូតមកពីរបបមួយទៅរបបមួយ មិនចេះចប់ មិនចេះហើយអ៊ីចឹង?
ថ្មីៗនេះ យើងកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋ ហាក់បីដូចជាត្រូវបានគេចាត់ទុកជាសត្រូវ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ដោយសាររឿងទំនាស់ដីធ្លី។ ឧទាហរណ៍៖ កាលពី ២ សប្តាហ៍មុននេះ មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ចប្រដាប់អាវុធចម្រុះ មានទាំងប៉ូលិស មានទាំងកងរាជអាវុធហត្ថ មានកងទ័ព ដែលមានអាវុធគ្រប់ដៃ និងមានទាំងកាំភ្លើងយន្តថែមទៀត មកហ៊ុមព័ទ្ធប្រជាពលរដ្ឋ មកស្តាប់សវនាការស្រ្តីដែលជាអ្នកភូមិពួកគាត់ម្នាក់ ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី និងតវ៉ារឿងដីធ្លី នៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ។ ការប្រើកងកម្លាំងប្រដាប់អាវុធចម្រុះ ដើម្បីគំរាមកំហែងប្រជាពលរដ្ឋ មកតវ៉ាដីធ្លីនោះ ដែលមើលទៅ ជារូបភាពគួរឲ្យភ័យខ្លាចផង និងគួរឲ្យខ្មាសអៀនផងក្នុងការប្រើប្រាស់អាវុធបែបនេះធ្វើជា ដំណោះស្រាយ សម្រាប់ប្រទេសដែលកំណត់ទិសដៅថា កំពុងកាន់លទ្ធិប្រជាធិបតេយ្យនោះ។