ម្យ៉ាងវិញទៀត ការដែលចេះតែអះអាងថា ស្រុកខ្មែរកាន់លទ្ធិប្រជាធិបតេយ្យ គឺប្រជាធិបតេយ្យតែមាត់ តែក្នុងចិត្ត នៅតែប្រកាន់ចរិតផ្តាច់ការដដែលឬ? បើមើលទៅហាក់បីដូចជាលទិ្ធប្រជាធិបតេយ្យស្រុកខ្មែរ ចាស់ខែ ចាស់វស្សាជាងប្រទេសភូមា តែហេតុអ្វីបានជាភូមា ចាប់ផ្តើមលទ្ធិប្រជាធិបតេយ្យលឿនគួរឲ្យកត់សម្គាល់ម្ល៉េះ? ដូចជាបង្កើតច្បាប់ឲ្យប្រជាពលរដ្ឋគេមានសិទ្ធិតវ៉ា និងធ្វើបាតុកម្ម ហើយកាលពីសប្តាហ៍មុននេះរដ្ឋាភិបាលភូមា បានដោះស្រាយបញ្ហាដំឡើងប្រាក់ខែ ដល់កម្មករ ដែលមកតវ៉ា ដែលមិនធ្លាប់មានជាង ៤០ ឆ្នាំកន្លងមកហើយក៏ដោយ បើទោះជាបានដំឡើងប្រាក់តិចតួចក្តី តែជាការចាប់ផ្តើមមួយដ៏ល្អប្រពៃ។ នេះមកពីភូមារៀនពីស្រុកខ្មែរ អំពីលទ្ធិប្រជាធិបតេយ្យនេះ? ចុះហេតុអ្វីបានជាស្រុកខ្មែរ ក៏ខិតខំធ្វើត្រាប់តាមអ្វីដែលអាក្រក់ៗ ដែលភូមាធ្លាប់តែកាន់របបផ្តាច់ការអំឡុងពេល ៤០ ឆ្នាំ ដូចជាការយកកម្លាំងប្រដាប់់អាវុធ ទៅបង្ក្រាប និងចាប់ប្រជាពលរដ្ឋ និងព្រះសង្ឃដែលតវ៉ា និងធ្វើបាតុកម្មអហិង្សាទៅវិញ?
Phnom Penh Post
- Monday, 20 February 2012 12:00
- តុង សុប្រាជ្ញ
ហេតុអ្វីបានជាជាង ៦០ ឆ្នាំ កន្លងមកហើយស្រុកខ្មែរ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់សោះ ប្រជាពលរដ្ឋ នៅតែត្រូវគេជិះជាន់សង្កត់សង្កិនដដែល? បើទោះបីជាប្រទេសជាតិសព្វថ្ងៃនេះ មានច្បាប់ទម្លាប់ហើយក៏ដោយ? តើនេះមកពីប្រទេសកម្ពុជា ដែលអានថា៖«កម្មពុជា» បានជាប្រជាពលរដ្ឋ ចេះតែរងកម្មរហូតមកពីរបបមួយទៅរបបមួយ មិនចេះចប់ មិនចេះហើយអ៊ីចឹង?
ថ្មីៗនេះ យើងកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋ ហាក់បីដូចជាត្រូវបានគេចាត់ទុកជាសត្រូវ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ដោយសាររឿងទំនាស់ដីធ្លី។ ឧទាហរណ៍៖ កាលពី ២ សប្តាហ៍មុននេះ មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ចប្រដាប់អាវុធចម្រុះ មានទាំងប៉ូលិស មានទាំងកងរាជអាវុធហត្ថ មានកងទ័ព ដែលមានអាវុធគ្រប់ដៃ និងមានទាំងកាំភ្លើងយន្តថែមទៀត មកហ៊ុមព័ទ្ធប្រជាពលរដ្ឋ មកស្តាប់សវនាការស្រ្តីដែលជាអ្នកភូមិពួកគាត់ម្នាក់ ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី និងតវ៉ារឿងដីធ្លី នៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ។ ការប្រើកងកម្លាំងប្រដាប់អាវុធចម្រុះ ដើម្បីគំរាមកំហែងប្រជាពលរដ្ឋ មកតវ៉ាដីធ្លីនោះ ដែលមើលទៅ ជារូបភាពគួរឲ្យភ័យខ្លាចផង និងគួរឲ្យខ្មាសអៀនផងក្នុងការប្រើប្រាស់អាវុធបែបនេះធ្វើជា ដំណោះស្រាយ សម្រាប់ប្រទេសដែលកំណត់ទិសដៅថា កំពុងកាន់លទ្ធិប្រជាធិបតេយ្យនោះ។
សកម្មភាពប្រើប្រាស់កងកម្លាំងនេះ ហាក់បីដូចជាផ្ទុយទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមុន ដែលបានប្រកាសចាប់ខ្លួនកងកម្លាំងពីរនាក់ ដែលយាមដី ឲ្យក្រុមហ៊ុនធីធីវាយ (TTY) បានបាញ់អ្នកភូមិ ២ ធ្នូ ក្នុងស្រុកស្នួលខេត្តក្រចេះ យកមកផ្តន្ទាទោស ហើយព្រមានទៅកងកម្លាំងសមត្ថកិច្ច ដែលប្រើបាស់អាវុធចំពោះរឿងដីធ្លីជាមួយប្រជាពលរដ្ឋ។
តែបញ្ហាធ្វើឡើងនៅខេត្តកំពង់ស្អឺនេះ ធ្វើឲ្យប្រសាសន៍របស់លោក ហ៊ុន សែន ហាក់នៅមិនទាន់មានប្រសិទ្ធភាព ដូចការយកច្បាប់មកអនុវត្តទេ? មកទល់ពេលនេះ ជនដែលបាញ់ប្រជាពលរដ្ឋបានចាប់ខ្លួនហើយ តែមិនដឹងជានៅទីណា បាត់ដំណឹងឈឹង។
តាមពិតទៅ កងទ័ព គឺសម្រាប់ការពារទឹកដី ប្រយុទ្ធប្រឆាំងជាមួយបរទេសឈ្លានពាន ជាពិសេសប្រទេសជិតខាង មិនមែនយកមកគំរាមកំហែងប្រជាពលរដ្ឋខ្មែរគ្នាឯង ដែលធ្វើការតវ៉ាដោយសន្តិវិធី មានតែដៃទទេបែបនេះនោះទេ។ មានតែរបបខ្មែរក្រហម ប៉ុល ពត ទេ ដែលចាត់ទុកប្រជាពលរដ្ឋខ្មែរខ្លួនឯងជាសត្រូវនោះ ចុះហេតុអ្វីបានជាខ្មែរចេះតែចង់ដើរជាន់ដានប្រវត្តិសាស្ត្រ ដែលអន់ថយដដែលៗអ៊ីចឹង? ចំណែកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេស គឺជាកាតព្វកិច្ចរបស់ប៉ូលិស រីឯកងរាជអាវុធហត្ថ គឺសម្រាប់មើលការខុសត្រូវចំពោះមន្រ្តីប៉ូលិស និងមន្ត្រីយោធាណា ដែលប្រព្រឹត្តខុសនឹងច្បាប់? ការដែលយកកងទ័ព មកបង្ក្រាប និងសម្លាប់ប្រជាពលរដ្ឋ ដែលតវ៉ានោះ មានតែប្រទេសកាន់របបផ្តាច់ការទេ ដូចនៅប្រទេសលីប៊ី ដែលធ្លាប់ដឹកនំាដោយកាដាហ្វីត្រូវបានគេសម្លាប់និងប្រទេស ស៊ីរីបច្ចុប្បន្ននេះ...។ សម្រាប់ប្រទេសដែលមានឈ្មោះថា កាន់លទ្ធិប្រជាធិបតេយ្យដូចស្រុកខ្មែរ មិនត្រូវការដំណោះស្រាយបែបចុងកាណុងទេ។
បើតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រាទី ៣៥ កថាខណ្ឌទី ២ បានចែងថា «សេចក្តីស្នើទាំងឡាយ របស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ»។ សំណួរសួរថា តើអង្គការរដ្ឋ តុលាការសព្វថ្ងៃហ្នឹង ផ្តល់ភាពយុត្តិធម៌ ដល់ប្រជាពលរដ្ឋហើយឬនៅ? ឲ្យតែប្រជាពលរដ្ឋប្តឹងប្តល់រឿងដីធ្លីជាមួយអ្នកធំ ឬក៏ឧកញ៉ាៗ នៅតុលាការ គឺប្រជាពលរដ្ឋកម្រឈ្នះក្តីណាស់។ បញ្ហាអយុត្តិធម៌នៅប្រព័ន្ធតុលាការនេះហើយ ទើបធ្វើឲ្យមានការតវ៉ា ចេះតែកើតមានឡើងជាហូរហែពីកន្លែងមួយទៅកន្លែងមួយទៀត ដោយសារតែភាពអយុត្តិធម៌នៅក្នុងសង្គម។
កាលពីមុនបោះឆ្នោត អ្នកនយោបាយ ឬសកម្មជនគណបក្សនីមួយៗ ម្នាក់ៗ នាំគ្នាចុះពង្រឹងមូលដ្ឋាន សួរសុខទុក្ខប្រជាពលរដ្ឋ ចុះចែកក្រមា សារុង មី ប៊ីចេង អង្ករ បន្តិចបន្តួចហាលថ្ងៃ ហាលភ្លៀង លុយទឹក លុយភក់ មើលទៅតាមកញ្ចាក់ទូរទស្សន៍ និងតាមសារព័ត៌មានក្នុងស្រុកមួយចំនួន ដូចជាស្រឡាញ់ប្រជាពលរដ្ឋខ្លាំងណាស់! ដល់ពេលដឹងលទ្ធផលជាប់ឆ្នោតជាបឋមលើសលប់រួចហើយ គឺមកសងគុណប្រជាពលរដ្ឋ តាមបែបប្រើកងកម្លាំងចម្រុះ ស្ពាយសុទ្ធតែអាវុធគ្រប់ដៃ និងកាំភ្លើងយន្ត មកហ៊ុមព័ទ្ធ បាញ់វាយឲ្យរងរបួស និងគំរាមកំហែងប្រជាពលរដ្ឋដែលគ្រាន់តែតវ៉ារឿងទំនាស់ដីធ្លី។ ទង្វើដល់ត្រើយសើយគូទបែបនេះ តើប្រជាពលរដ្ឋ គួរតែពិចារណាដែរឬទេ ចំពោះការបោះឆ្នោតលើកក្រោយៗទៀតនោះ?
ការប្រើកម្លាំងឡោមព័ទ្ធប្រជាពលរដ្ឋស្លូតត្រង់ដៃទទេបែបនេះ គឺហាក់បីដូចជាសត្វខ្លាព័ទ្ធស៊ីសត្វគោ ដូចនៅក្នុងទូរស្សន៍ប៉ុស្តិ៍ឌីសខោវ័រី (Discovery)អ៊ីចឹងដែរ ដែលសត្វខ្លាទាំងនោះ បើទោះបីជាវាកាចសាហាវប៉ុនណាក៏ដោយ ក៏វាមិនដែលស៊ីកូនវា ឬក៏ធ្វើបាបកូនវាទេ គឺមានតែវាការពារ និងថែទាំកូនវាទៅវិញ។ សម្រាប់សកម្មភាពនេះទៀតសោត ហាក់បីដូចជាបង្ហាញពីភាពហិង្សា នៅតែកើតមាននៅក្នុងស្រុកខ្មែរ បើទោះបីជាស្រុកខ្មែរ លែងមានសង្គ្រាមហើយក៏ដោយ តែសល់ចំហាយខ្លះពីសង្គ្រាម? ឬមួយក៏ចង់បង្ហាញសាច់ដុំដាក់ប្រទេសជិតខាងយើងថា ស្រុកខ្មែរមានកងកម្លាំង និងអាវុធគ្រប់គ្រាន់សម្រាប់ការពារជាតិ? តែតាមពិតទង្វើនេះ គឺជាទង្វើមួយគួរឲ្យខ្មាសអៀន និងគួរឲ្យអស់សំណើច សម្រាប់ប្រទេសជិតខាងទៅវិញទេ ដែលយកកងទ័ពមកគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់ខ្លួនឯង ដែលគ្រាន់តែធ្វើការតវ៉ា មានតែដៃទទេនោះ។
ម្យ៉ាងវិញទៀត ការដែលចេះតែអះអាងថា ស្រុកខ្មែរកាន់លទ្ធិប្រជាធិបតេយ្យ គឺប្រជាធិបតេយ្យតែមាត់ តែក្នុងចិត្ត នៅតែប្រកាន់ចរិតផ្តាច់ការដដែលឬ? បើមើលទៅហាក់បីដូចជាលទិ្ធប្រជាធិបតេយ្យស្រុកខ្មែរ ចាស់ខែ ចាស់វស្សាជាងប្រទេសភូមា តែហេតុអ្វីបានជាភូមា ចាប់ផ្តើមលទ្ធិប្រជាធិបតេយ្យលឿនគួរឲ្យកត់សម្គាល់ម្ល៉េះ? ដូចជាបង្កើតច្បាប់ឲ្យប្រជាពលរដ្ឋគេមានសិទ្ធិតវ៉ា និងធ្វើបាតុកម្ម ហើយកាលពីសប្តាហ៍មុននេះរដ្ឋាភិបាលភូមា បានដោះស្រាយបញ្ហាដំឡើងប្រាក់ខែ ដល់កម្មករ ដែលមកតវ៉ា ដែលមិនធ្លាប់មានជាង ៤០ ឆ្នាំកន្លងមកហើយក៏ដោយ បើទោះជាបានដំឡើងប្រាក់តិចតួចក្តី តែជាការចាប់ផ្តើមមួយដ៏ល្អប្រពៃ។ នេះមកពីភូមារៀនពីស្រុកខ្មែរ អំពីលទ្ធិប្រជាធិបតេយ្យនេះ? ចុះហេតុអ្វីបានជាស្រុកខ្មែរ ក៏ខិតខំធ្វើត្រាប់តាមអ្វីដែលអាក្រក់ៗ ដែលភូមាធ្លាប់តែកាន់របបផ្តាច់ការអំឡុងពេល ៤០ ឆ្នាំ ដូចជាការយកកម្លាំងប្រដាប់់អាវុធ ទៅបង្ក្រាប និងចាប់ប្រជាពលរដ្ឋ និងព្រះសង្ឃដែលតវ៉ា និងធ្វើបាតុកម្មអហិង្សាទៅវិញ? ប្រទេសទាំង ២ នេះ ហាក់ដូចជាមាននិន្នាការផ្ទុយគ្នាទាំងស្រុង ក្នុងការអនុវត្តប្រជាធិបតេយ្យរបស់ខ្លួន ដែលគួរឲ្យឆ្ងល់ ថាតើប្រទេសមួយណា អនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ? តិចខ្មាសភូមាទៅវិញ ដែលលទិ្ធប្រជាធិបតេយ្យទើបកើតកាលពីចុងឆ្នាំទៅមិញសោះ ហើយម្ចាស់ជំនួយ និងវិនិយោគទុនធំៗ កំពុងសម្លឹងមើលយ៉ាងដិតដល់ ចំពោះដំណើរការវិវត្តរបស់ប្រទេសភូមា និងមានបំណងបង្វែរទិសទៅប្រទេសនោះបណ្តើរៗហើយ។
អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា គួរតែពិចារណា រកដំណោះស្រាយដោយសន្តិវិធី ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ឲ្យបានសមរម្យផង ជាជាងការប្រើប្រាស់កងកម្លាំងអាវុធយុទ្ធភណ្ឌ ជាមួយនឹងប្រជាពលរដ្ឋតូចតាចខ្លួនឯង ដែលមានតែដៃទទេ ដោយសារទំនាស់ដីធ្លីនេះ ពីព្រោះការធ្វើបែបនេះ វាមិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋដែលបាត់បង់ដីធ្លី កាន់តែទទួលរងនូវភាពអយុត្តិធម៌ថែមទៀតប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះ និងមុខមាត់របស់ប្រទេសកម្ពុជាថែមទៀតខណៈដែលកម្ពុជា កំពុងតែធ្វើជាប្រធានអាស៊ានផងនោះ។ គួរសន្សំគ្រាប់ទុកប្រើសម្រាប់ប្រយុទ្ធតតាំងជាមួយនឹងខ្មាំងសត្រូវ បច្ចាមិត្ត និងប្រទេសជិតខាងឈ្លានពានទឹកដីយើងវិញ ទើបជាការប្រសើរជាង៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
No comments:
Post a Comment