ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, March 25, 2017
ការរុករានទន្ទ្រានយកដីព្រៃលេចទឹកធ្វើស្រែប្រាំងនៅភូមិសាស្ត្រឃុំអន្លង់សំណរ
ការរុករានទន្ទ្រានយកដីព្រៃលេចទឹកដើម្បីធ្វើស្រែប្រាំងនៅតំបន់ព្រៃ តាពៀមនិងតំបន់ផ្សេងៗទៀត ដែលស្ថិតនៅភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប គឺកាន់តែជ្រៅទៅៗ ចូលដីព្រៃលេចទឹក ជាជម្រកត្រីកូន ត្រីពង សត្វព្រៃបក្សាបក្សីរស់នៅ តាមផ្ទៃដីព្រៃនៃបរិវេណជុំវិញមាត់បឹងទន្លេសាប ។ ការរុករានឈូសឆាយកាប់បំផ្លាញព្រៃលេចទឹកដើម្បីយកដីធ្វើស្រែប្រាំងនេះ គឺបានចូលជ្រៅទៅលើផ្ទៃដីតំបន់ហាមឃាត់អស់ជាច្រើនគីឡូម៉ែត្រ ឆ្ងាយពីព្រំប្រទល់ចាស់ ដែលរដ្ឋអំណាចបានកំណត់ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់បរិដ្ឋានជីវចម្រុះនៃសម្បត្តិធនធានធម្មជាតិជលផល ។ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃលេចទឹកដើម្បីធ្វើស្រែនេះ គឺទី១ ដោយសារប្រជាពលរដ្ឋកសិករក្រីក្រ ខ្វះដីធ្វើស្រែចំការ ខ្វះខាតសេដ្ឋកិច្ចចិញ្ចឹមជីវិតក្រុមគ្រួសារ ទើបចេះតែសំរុកនាំគ្នាលួចកាប់គាស់ដីព្រៃលេចទឹកធ្វើស្រែប្រាំងក្នុងរដូវទឹកស្រកដូច្នេះទៅ ។ ទី២ គឺកើតចេញពីក្រុមឈ្មួញជួញដូរស្រូវ ដែលគេជាអ្នកមានលុយ មានអំណាច ឃុបឃិតគ្នាជាបក្សពួកពុករលួយ យកអាត្រាក់ទ័រ ទៅលួចឈួសកំទេចដីព្រៃពេលយប់ៗ យកដីធ្វើស្រែប្រាំងជាច្រើនរយហិចតា ។ ទី៣ គឺអសមត្ថភាព នៃមន្ទីរក្រសួង ស្ថាប័ន និង សមត្ថកិច្ច អាជ្ញាធរ ដែលពាក់ព័ន្ធនិងការគ្រប់គ្រងទឹកដីព្រៃឈើនិងសត្វព្រៃ និងអាចមានអំពើរបក្សពួកពុករលួយនៅក្នុងហ្នឹង ។ ថ្មីៗនេះសមត្ថកិច្ច អាជ្ញាធរដែនដី បានចុះទៅចាប់ម៉ាស៊ីនច្រូតស្រូវ ដែលរកស៊ីច្រូតស្រូវឲ្យប្រជាកសិករដែលក្រីក្រធ្វើស្រែប្រាំងលើផ្ទៃដែលហាមឃាត់ និងបានរឹបអូសយកស្រូវប្រជាកសិករដែលច្រូតបានមួយចំនួន ហើយបាននាំខ្លួនអ្នករកស៊ីច្រូតស្រូវនិងម៉ាស៊ីនច្រូតស្រូវទៅកានើតុលាការផងដែរ ប៉ុន្តែមហាជនបានរិះគន់ថា ហាមឃាត់ចោទចាប់តែប្រជាពលរដ្ឋក្រីក្រថា ខុសច្បាប់អញ្ចេះ ខុសច្បាប់អញ្ចោះ តែចំពោះឈ្មួញដី ឈ្មួញស្រូវស្រែប្រាំង ដែលគេមានលុយមានអំណាច មានបក្សមានពួក មានដីជាច្រើនហិចតា រុករានទន្ទ្រានចូលដីតំបន់ហាមឃាត់គឺគេអាចធ្វើស្រែបានដោយសេរីគ្មានឃើញថាខុសច្បាប់អីផង ។ ប្រជាពលរដ្ឋបានលើកឡើងថា គេចោទគេចាប់យកតែលុយទេ ព្រោះកាលគេកំពុងរុករានដីព្រៃក្តី ពេលគេកំពុងធ្វើស្រែសាបព្រោះដាំដុះក្តី គឺអត់ឃើញមានសមត្ថកិច្ចអាជ្ញាធរថ្នាក់លើ ថ្នាក់កណ្តាល ថ្នាក់ក្រោមណា ទៅហាមឃាត់ប្រជាពលរដ្ឋថាខុសច្បាប់ទេ ប៉ុន្តែដល់ពេលប្រជាកសិករធ្វើស្រែបាន ដល់ពេលប្រមូលផលច្រូតកាត់ តាំងនាំគ្នាចុះទៅចាប់យកស្រូវ យកម៉ាស៊ីនច្រូតស្រូវគេ ថាខុសច្បាប់អញ្ចេះ ខុសច្បាប់អញ្ចុះ ហើយបន្ទាប់មកទៀត ពេលចចារត្រូវរ៉ូវគ្នាហើយ ក៏ដោះលែងវិញទៅ ឆ្នាំក្រោយកសិករនាំគ្នាទៅធ្វើស្រែលើដីនោះទៀត ក៏ចាប់ទៀតទៅ ក៏ដោះលែងវិញទៅ នៅពេលសែនត្រូវគ្នា ។ រូបភាព ២៣មិនា២០១៧
"Non-Violence Overcome All Obstacles"
Labels:
ព្រៃលេចទឹក,
ស្រូវប្រាំង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment