Friday, June 5, 2015

ស្តាប់បទវិភាគ : តើកម្ពុជាមានសិទ្ធិអាចយកទឹកដីកម្ពុជាក្រោមមកវិញបានដែរឬទេ ???

​ស្តាប់បទវិភាគ : តើកម្ពុជាមានសិទ្ធិអាចយកទឹកដីកម្ពុជាក្រោមមកវិញបានដែរឬទេ ???
======VOD.5.6.2015======
ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​បាន​កន្លងផុតទៅ​៦៦​ឆ្នាំ​ហើយ ប៉ុន្តែ​ក្រុម​អ្នកស្នេហាជាតិ​អះអាងថា ពួកគេ​មិន​ទាន់​អស់​សង្ឃឹម​លើ​ការទាមទារ​ទឹក​របស់​ដូនតា​ខ្មែរ​មក​វិញ​នោះទេ ។ មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចេះ​តែ​ព្យាយាម​រើ​បម្រាស់​ពី​របប​គ្រប់គ្រង​របស់​វៀតណាម​នោះ ដោយ​ពួកគេ​អះអាងថា អាជ្ញាធរ​កុម្មុយនីស្ត​មួយ​នេះ តែងតែ​បំបិត​សិទ្ធិសេរីភាព​ខ្មែរ​ម្ចាស់​ស្រុក​រួមមាន ជំនឿ​សាសនា ការសិក្សា​ពី​វប្បធម៌ អក្សរសាស្ត្រ​ខ្មែរ និង​សេរីភាព​នៃ​ការប្រកប​របរ​ចិញ្ចឹមជីវិត​ជា​ដើម ។​
ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បញ្ជាក់ថា ស្ថានភាព​រស់នៅ​របស់​ខ្មែរ​ម្ចាស់​ស្រុក​នៅ​ទឹកដី​កម្ពុជា ខុស​គ្នា​ស្រឡះ​ពី​ការរស់នៅ​របស់​និគមជន​វៀតណាម លើទឹក​កម្ពុជា​សព្វថ្ងៃ​ដែល​មាន​សេរីភាព​ពេញទី​ក្នុង​ការប្រកប​របរ​រ​ក​ស៊ី និង​ដើរហើរ​គ្រប់​ទីកន្លែង ។ ចំណែក​ខ្មែរ​កម្ពុជា​ក្រោម​វិញ មិន​ងាយស្រួល​ក្នុង​ការចេញចូល​ប្រទេស​កម្ពុជា​នោះ​ឡើយ ។​
គណបក្សប្រឆាំង និង​សកម្មជន​ខ្មែរ​កម្ពុជា​អះអាងថា ពួកគេ​ទូទាំង​ពិភពលោក​តែងតែ​ធ្វើ​ការតស៊ូ​មតិ​ទាមទារ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរ​កម្ពុជា​ជា​ម្ចាស់​ស្រុក ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ឃើញ​រំឭក​ពិធី​បាត់បង់​ទឹកដី​ខ្មែរ​ដ៏​ធំធេង​នោះទេ ។​
​ក្រុមអ្នកវិភាគ​និយាយថា បញ្ហា​នេះ​មក​ពី​ខ្មែរ​នៅ​មិនទាន់​មាន​ការឯកភាព​គ្នា​ជា​ធ្លុង​មួយ លើ​បញ្ហា​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ។ តើ​កម្ពុជា​អាច​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ​បាន​ទេ​?
ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ និង​អ្នកជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​អះអាង​ថា កម្ពុជា​នៅ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការប្តឹង​ទាមទារ​ទឹក​ខ្មែរ​កម្ពុជា​មក​គ្រប់គ្រង​វិញ ។​
លោក​បណ្ឌិត ហ៊ាង ឫទ្ធី ប្រធាន​គណៈកម្មាធិការ​ពង្រឹង​ផ្នែក​ច្បាប់ ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បញ្ជាក់ថា យោង​តាម​ច្បាប់​អន្តរជាតិ គឺ​កម្ពុជា​នៅ​មាន​ពេល​៣៤​ឆ្នាំ​ទៀត ដើម្បី​ប្តឹង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មកវិញ ព្រោះ​អាជ្ញា​យុ​កាល​នៃ​ការប្តឹង​ទាមទារ​មាន​រយៈពេល​១០០​ឆ្នាំ ។ ប៉ុន្តែ​លោក​ថាបញ្ហា​ត្រង់​មេដឹកនាំ​កម្ពុជា បច្ចុប្បន្ន​គ្មាន​ឆន្ទៈ​ទាមទារ​ទឹក​កម្ពុជា​ក្រោម​វិញ​នោះ​ទេ។​ លោក​ថា«​បើសិនជា​យើង​ខ្មែរ គ្រប់​បក្ស គ្រប់​ក្រុម​ដែល​ជាប់​រដ្ឋា​ភិបាល ដូច​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​គឺថា​បើ​មាន​ឆន្ទៈ​ប្រទេសជាតិ យើង​អាច​ប្តឹងទៅ​អង្គការសហប្រជាជាតិ សើរើ​ឯកសារ​ទាំងអស់ ឲ្យ​បារាំង​ទទួលខុសត្រូវ គឺ​ថា​ទឹកដី​កម្ពុជា​ក្រោម មិនមែន​ទឹកដី​ដែល​យួន​ត្រូវតែ​យក​បាន​ជា​រឿង​រហូត ជា​ប្រវត្តិសាស្ត្រ​នោះទេ បើសិន​ខ្មែរ​យើង​មាន​សមត្ថភាព ថ្នាក់ដឹកនាំ​ខ្មែរ​យើង​ធ្វើ​ការសើរើ រួម​គ្នា​សើរើ​ផ្អែក​តាម​ឯកសារ​ដែល​ខ្ញុំ​អធិប្បាយ​ដោយ​សង្ខេប​ខ្លះៗ​តែប៉ុណ្ណោះ អំបាញ់មិញ​នេះ គឺ​យើង​នឹង​ឈានទៅរក​ការយក​ទឹក​ដី​កម្ពុជា​ក្រោម​យើង​បាន​» ។​
​លោក​បណ្ឌិត ហ៊ាង ឫទ្ធី បញ្ជាក់​ទៀត កម្ពុជា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​តាំង​ដូនតា​មក គឺ​ឯកសារ​នោះ​មាន​តម្កល់ទុក​នៅ​ប្រទេស​បារាំង ។ លោក​ថា បារាំង​ជា​អ្នក​ដាក់​អាណានិគម​លើ​កម្ពុជា បាន​ចាញ់​សង្គ្រាម​ជាមួយ​វៀតណាម ហើយ​ដកទ័ព​ទៅវិញ ដោយ​មិន​បាន​ប្រគល់​ទឹក​កម្ពុជា​ក្រោម​មក​ឲ្យ​កម្ពុជា​គ្រប់គ្រង​វិញ​ឡើយ ទើប​វៀតណាម​បាន​លេស​នេះ​យក​កម្ពុជា​ក្រោម​គ្រប់គ្រង ដោយ​គ្មាន​ការយល់ព្រម​ពី​អ្នកដឹកនាំ​ខ្មែរ​សម័យ​នោះឡើយ ។
លោក ហ៊ាង ឫទ្ធី ឲ្យយោបល់​ថា កម្ពុជា​ត្រូវធ្វើ​ទំនាក់ទំនង​ការទូត​ជាមួយ​បារាំង​លើ​បញ្ហា​នេះ នោះ​កម្ពុជា​អាច​ទាមទារ​ទឹកដី​កម្ពុជា​មក​វិញ​បាន​ហើយ ។ លោក​ថា«​រឿង​នេះ​បើសិនជា​យើង​មិន​រើ​សើ បារាំង​គេ​នឹង​​សំងំ​ធ្វើ​មិនដឹងមិនឮ នេះ​ជា​អ្នកដឹកនាំ​ប្រវត្តិសាស្ត្រ​មុនៗ​របស់​បារាំង ក៏​ប៉ុន្តែ​ប្រសិនបើ​យើង​ចេះ​សើរើ​ទៅ យើង​​ទំនាក់ទំនង​ទៅ យើង​គិតថា កិច្ចសហការ​ប្រតិបត្តិ​ការ​អន្តរជាតិ ក្រសួងការបរទេស និង​រដ្ឋាភិបាល​យើង​ហ្នឹង គឺ​ថា​យើង​អាចធ្វើ​បាន​ហើយ ចំពោះ​ការសើរើ​ទឹកដី​កម្ពុជា​ក្រោម​យើង​» ។​
ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ថ្លែងថា លោក​មិន​គាំទ្រ​ចំពោះ​ការទាមទារ​ទឹកដី​កម្ពុជា​មក​វិញ​ទេ ។ លោក​ថា«​ខ្លះ​គេ​ថា អូហ៍ ទៅ​យក​កម្ពុជា​ក្រោម​មកវិញ សូម​អញ្ជើញ​ទៅ មាន​ពេល​ណាមួយ​ខ្ញុំ​ព្រះករុណា បើ​ទៅ​យក​​ខ្លួនឯងបាន ទៅ​យក​ទៅ ខ្ញុំ​ករុណា​ខ្ញុំ​អត់​មានលទ្ធភាព​ទេ ហើយ​គ្រាន់តែ​សុំ​ជួយ​ធ្វើ​ក្តារម​ឈូម​» ។​
ទោះជា​យ៉ាងនេះក្តី សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ា​ណ្ណា​រ៉ា បញ្ជាក់ថា តាម​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​​គឺជា​របស់​ខ្មែរ ដោយ​ផ្អែក​លើ​ភស្តុតាង​វត្ត​អា​រ៉ា​ម ប្រជាជន​ខ្មែរ អត្តសញ្ញាណ​ខ្មែរ នៅ​មាន​រក្សា​មកដល់​សព្វ​ថ្ងៃនេះ ។ ភ័ស្តុតាង​ទាំងអស់នេះ​ហើយ​ដែល​លោក​ថាកម្ពុជា​អាច​ទាមទារ​ទឹកដី​កម្ពុជា​មក​វិញ​នោះ ។ លោក​ថា «​តើ​យើង​សួរថាក្តីសង្ឃឹម​របស់​យើង​មាន​ប៉ុនណា​? ខ្ញុំ​សូមជម្រាបថា យើង​មិន​ដែល​អស់សង្ឃឹម​នៅក្នុង​កិច្ចការ​នេះ​ទេ គឺ​យើង​នៅតែ​មាន​សង្ឃឹម​ជានិច្ច​» ។​
បើ​តាម​លោក សំបូរ ម៉ា​ណ្ណា​រ៉ា ទឹក​កម្ពុជា​ក្រោម​បាន​បាត់បង់​បន្តិច​ម្តងៗ តាំងពី​រជ្ជកាល​ស្តេច ជ័យ​ជេដ្ឋា​ទី​២ ប៉ុន្តែ​កម្ពុជា​ក្រោម​បាន​បាត់​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៤៩ ដែល​រដ្ឋ​កាល​បារាំង​សេស ជា​អ្នកសម្រេច​ដោយ​ឯកតោភាគី​ប្រគល់​​ទឹកដី​ខ្មែរ​ឲ្យ​​វៀតណាម​គ្រប់គ្រង ។​
យ៉ាងនេះក្តី លោក​ថាបើ​​ខ្មែរ​ឯកភាព​លើ​ជំហ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មកវិញ ហើយ​អន្តរជាតិ​គាំទ្រ​នោះ នឹង​បាន​​ជោគជ័យ ។ លោក​បន្ថែមថា«​គឺ​ការព្រមព្រៀង​ទទួលយក​ជាមួយគ្នា​សិន ឥឡូវ​ច្បាប់​ជាតិ​របស់​យើង​មាន​ការ​ព្រមព្រៀង​ទទួលយក​ថា រឿង​នេះ​ធំ​សម្រាប់​ការដោះស្រាយ​ហើយ​ឬ​នៅ ហើយ​ច្បាប់​អន្តរជាតិ តើ​គេ​យកចិត្តទុក​ដា​ក់​ពី​យើង​ទេ យកចិត្តទុកដាក់​ពី​ជនជាតិភាគតិច​តាម​សន្ធិសញ្ញា និង​ការព្រមព្រៀង​នៃ​សន្ធិសញ្ញា​មុន​ឆ្នាំ​១៩៤៩ ដូ​ចគ្នា​ដែរ​ឬទេ ។ ទាំងអស់នេះ គឺជា​រឿង​មួយ​ដែល​យើង​ត្រូវ​ឆ្កឹះ​ឲ្យចេញ​នូវ​ច្បាប់​អន្តរជាតិ​ដែ​រ មិនមែន​តែ​ច្បាប់​ជាតិ​មួយ​មុខ​ទេ​» ។​
យោង​តាម​ឯ​សារ​របស់​សម្តេចឪ កាលពី​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ ២០០៥ ព្រះអង្គ​បាន​បញ្ជាក់ថា «​នរោត្តម សីហនុ មិន​ដែ​ល​ទទួលស្គាល់​ថា ស្របច្បាប់ និង​សម​ហេតុផល អំពី​កម្ពុជា​ក្រោម​-​កោះត្រល់ បាន​ទៅ​បារាំង​-​វៀតណាម​នោះ​ទេ​» ។​ឯកសារ​របស់​សហគម​ន៍​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យដឹងថា កម្ពុជា​ក្រោម​ជា​ទឹកដី ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បង្អស់ នៅ​ក្នុង​ភូ​មិភាគ​អាស៊ីអាគ្នេយ៍ ។ ប្រជា​​ពលរដ្ឋ​ខ្មែរ​បាន​ចាប់​ឆ្ការព្រៃ​ទន្ទ្រាន​កាន់កាប់​តាំង​លំនៅ នៅលើ​ទឹកដី​នេះ​មុន​គេ​​បង្អស់​ ។ ឯកសារ​របស់​សហគម​ន៍​ខ្មែរ​កម្ពុជា​ក្រោម​បន្តថា កាលដើមឡើយ ទឹកដី​កម្ពុជា​ក្រោម​ជា​កម្មសិទ្ធិ​ស្រប​ច្បា​ប់​របស់​កម្ពុជា ត្រូវបាន​គ្រប់គ្រង​ដោយ​ព្រះរាជា​ខ្មែរ​គ្រប់​ជំនាន់ ប៉ុន្តែ​នៅ​ឆ្នាំ​១៨៥៥ ពេល​អាណានិគមនិយម​​​​បារាំង បាន​ចូលមក​ដល់​កម្ពុជា​ក្រោម យក​ទឹកដី​នេះ​ដាក់​ក្រោម​ការត្រួតត្រា​របស់​ខ្លួន​ជា​រៀង​រហូត​មក ។ លុះ​​ដ​ល់​​ឆ្នាំ​១៩៤៩ អាណានិគមនិយម​បារាំង ក៏​បាន​ធ្វើ​ច្បាប់​លេខ ៤៩-៧៣៣ អនុម័ត​ដោយ​សភា​បារាំង ចុះ​ថ្ងៃ​ទី​០៤ ខែមិថុនា​ ឆ្នាំ​១៩៤៩ កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ទំហំ ៦៨៩៦៥​គីឡូម៉ែត្រ​ការ៉េ ប្រគល់​ទៅឲ្យ​​អាជ្ញា​ធរ​វៀ​តណាម ធ្វើ​អាណានិគម​បន្ត​រហូត​ដល់​ស​ព្វថ្ងៃ ដោយ​ពុំ​បាន​សួរ​មតិ​ប្រជាព​លរដ្ឋ​ខ្មែរ​ជា​ម្ចាស់ ឬ​ថ្នាក់ដឹកនាំ​​នៃ​ប្រទេស​ក​ម្ពុ​ជា​សម័យ​នោះឡើយ ៕​​
http://vodhotnews.com/29994

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment