សង្គមស៊ីវិលថា គម្រោងចាប់បញ្ជូនលោក អាឡិច ចេញពីកម្ពុជា ខុសច្បាប់អន្តោប្រវេសន៍
****************************
អ្នកច្បាប់អះអាងថា គម្រោងចាប់បញ្ជូនសកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែង លោក អាឡិច ចេញពីកម្ពុជា គឺអនុវត្តផ្ទុយនឹងច្បាប់អន្តោប្រវេសន៍ ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងមហាផ្ទៃព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើលោក អាឡិច មិនព្រមចាកចេញពីកម្ពុជា ពេលទិដ្ឋាការរបស់លោកផុតកំណត់ ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ពន្យល់ក្នុងកម្មវិធីតុមូលVOD កាលពីថ្ងៃពុធម្សិញមិញថា លិខិតឆ្លងដែនរបស់លោក អាឡិចនឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈស្អែកនេះ តែលោកអាឡិច អាចបន្តស្នាក់នៅកម្ពុជាបាន ដោយមិនបាច់ទៅសុំបន្តទិដ្ឋាការថ្មី ដោយត្រូវបង់ប្រាក់ពិន័យ៥ដុល្លារក្នុង១ថ្ងៃ ។ លោកថា លោកអាឡិច គឺជាជនបរទេសមិនមែនអន្តោប្រវេសន៍ ដែលក្រសួងមហាផ្ទៃមិនអាចយកច្បាប់អន្តោប្រវេសន៍ ទៅអនុវត្តលើបុគ្គលនោះបានទេ ។
លោក នី ចរិយា បញ្ជាក់ថា បើក្រសួងមហាផ្ទៃចាប់បញ្ជូនលោកអាឡិចចេញពីម្ពុជា នោះនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ព្រមទាំងប្រយោជន៍ប្រទេសជាតិ ។
មន្ត្រីនាយកដ្ឋានជនបរទេសមិនអន្តោប្រវេសន៍ លោក សុខ វាសនា មានប្រសាសន៍ថា នៅថ្ងៃ២០ខែកុម្ភៈស្អែកនេះ លិខិតឆ្លងដែនលោកអាឡិចត្រូវផុតកំណត់ ។ លោកបន្តថា បើផុតកំណត់៣០ថ្ងៃ តាមអនុក្រឹត្យ ត្រូវចាប់បញ្ជូនជនមិនមែនអន្តោប្រវេសន៍នោះចេញពីកម្ពុជា ។
នៅថ្ងៃព្រហស្បតិ៍នេះ លោក អាឡិច ប្រាប់VODថា បើរដ្ឋាភិបាលពិតជាចង់ឲ្យលោកចាកចេញពីកម្ពុជា នោះលោកនឹងចាកចេញ ។ តែលោកមិនមានជំនឿថា បានត្រឡប់មកកម្ពុជាវិញទេ ។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានចេញលិខិតមួយផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយបន្តទិដ្ឋាការស្នាក់នៅក្នុងទឹកដីកម្ពុជាដល់លោកអាឡិច ដើម្បីជួយការពារធនធានធម្មជាតិនៅកម្ពុជា ។ កាលពីថ្ងៃពុធម្សិលមិញ រដ្ឋមន្ត្រីស្តីទីនៃក្រសួងមហាផ្ទៃលោក ឯម សំអាន បានចេញលិខិតឆ្លើយតបនឹងករណីនេះដែលមានខ្លឹមសារថា ក្រសួងតម្រូវឲ្យលោក អាឡិច ចាកចេញពីកម្ពុជាមួយរយៈសិន តែលោកអេឡិចអាចត្រឡប់មកសុំទិដ្ឋាការស្នាក់នៅកម្ពុជាជាថ្មីវិញនៅពេលណាក៏បាន ព្រោះក្រសួងមិនមានគោលការណ៍ណាមួយហាមមិនឲ្យជនបរទេសរូបនេះស្នាក់នៅកម្ពុជានោះទេ។
ដោយឡែកអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភាលោក កឹម សុខា ក៏បានផ្ញើលិខិតមួយទៅប្រធានរដ្ឋសភាលោក ហេង សំរិន និងមួយទៀតផ្ញើថ្វាយព្រះមហាក្សត្រដែលមានខ្លឹមសារដូចគ្នា គឺសុំឲ្យអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធជួយបន្តទិដ្ឋការដល់លោកអាឡិចបានស្នាក់នៅក្នុងទឹកដីកម្ពុជា ដើម្បីជួយការពារធនធានធម្មជាតិនៅកម្ពុជា តែមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ ។
តាមការស្ទង់មតិតាមរយៈហ្វេសប៊ុករបស់VODចំនួន២ថ្ងៃនេះឃើញថា៩៩ភាគរយ នៃអ្នកលេងហ្វេសប៊ុកជាង៤០០០នាក់ មិនយល់ស្របនឹងការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តេញសកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែង លោក អាឡិច (Alex Gonzalez-Davidson) ចេញពីប្រទេសកម្ពុជាឡើយ ។
សូមជម្រាបថា លោក អាឡិច ជាជនជាតិអេស្ប៉ាញ បានមករស់នៅលើទឹកដីកម្ពុជានេះជាច្រើនឆ្នាំ ចេះនិយាយភាសាខ្មែរច្បាស់ និងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថា មាតាធម្មជាតិ ដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង ខេត្តកោះកុង៕
http://vodhotnews.com/27502
Buddhism for Social ( Peace,Freedom,Human Rights,Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment