អាជ្ញាធរកម្ពុជាព្រមានចាត់វិធានការ ចំពោះលោក អាឡិចនៅពេលផុតកំណត់ទិដ្ឋាការ
***************VOD
អាជ្ញាធរកម្ពុជាព្រមានថា នឹងចាត់វិធានការតឹងរ៉ឹងចំពោះលោក អាឡិច សកម្មជនការពារតំបន់អារ៉ែង នៅពេលទិដ្ឋាការរស់នៅកម្ពុជាត្រូវផុតកកំណត់នៅថ្ងៃស្អែកនេះ ខណៈក្រសួងមហាផ្ទៃមិនព្រមបន្តទិដ្ឋាការដល់ជនជាតិអេស្បាញរូបនេះ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ VOD នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា អាជ្ញាធរត្រៀមវិធានការចំពោះលោក អាឡិច ជាស្រេចហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំណាត់ការថានឹងត្រូវធ្វើអ្វីនោះទេ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល មានប្រសាសនថា លោកអាឡិច ត្រូវតែចាកចេញពីប្រទេសកម្ពុជាមួយរយៈពេលសិន ហើយបើចង់រស់នៅកម្ពុជាបន្តទៀតត្រូវតែរង់ចាំទិដ្ឋាការថ្មី ។ លោកមានប្រសាសន៍ថា «គ្មានអីដែលលំបាកអីទេ ចេញផុតទៅត្រឹមបាងកក មួយយប់ ឬ មួយម៉ោង គាត់ត្រឡប់មកវិញមកគេឲ្យចូល»។
សកម្មជនការពារតំបន់អារ៉ែង លោក អាឡិច មានប្រសាសន៍ថា លោកមិនជឿលើការអះអាងរបស់អាជ្ញាធរកម្ពុជាដែលថាឲ្យចេញសិន ហើយចាំវិលមកវិញនៅពេលក្រោយនោះទេ ។ លោកអាឡិចបញ្ជាក់ថា «នៅប្រទេសកម្ពុជា ឲ្យចាកចេញសិនដើម្បីបន្តវីសាវិញ មិនដែលមានទេ ប្រហែលជាអ្នកដែលនិយាយចឹង អត់ទាន់យល់ច្បាប់ខ្លួនផង ហើយដូចខ្ញុំនិយាយខាងដើម បើខ្ញុំចាកចេញពីខ្មែរ គេអត់ឲ្យចូលវិញទេ ចឹងខ្ញុំគោលជំហនៅដដែលទេ ប៉ុន្តបើសិនគេមកចាប់ក៏ខ្ញុំអត់តដៃ ព្រោះយើងមានវប្បធម៌អហិង្សាមួយរយភាគរយ»។
មន្ត្រីរាជការ ក្រសួងរ៉ែ និងថាមពល ប្រមាណ១៤០នាក់បានផ្តិតមេដៃគាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃក្នុង ការមិនផ្តល់ទិដ្ឋាការឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) ដែលជាសកម្មជនការពារតំបន់អារ៉ែង ឲ្យបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាតទៅទៀត ដោយចាត់ទុកថាសកម្មជនរូបនេះជ្រៀតជ្រែកការអភិវឌ្ឍទំនប់វារីអគ្គិសនី ។
លោក អាឡិច ជាជនជាតិអេស្ប៉ាញដែលបានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ ឆ្នាំមកហើយ និងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះជាមាតាធម្មជាតិ ។ សកម្មជនការពារតំបន់អារ៉ែង លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃអះអាងថា ទិដ្ឋាការរបស់លោកនឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ស្អែកនេះ ។
នៅថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ អនុប្រធានទី១នៃរដ្ឋសភាលោក កឹម សុខា បានរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ និងស្ថាប័ជាតិមួយចំនួនទៀត ដើម្បីទប់ស្កាត់កុំឲ្យមានការបណ្តេញសកម្មជនការពារបរិស្ថានដ៏លេចធ្លោរម្នាក់នេះចេញពីកម្ពុជា ៕
Buddhism for Social ( Peace,Freedom,Human Rights,Justice )
No comments:
Post a Comment