Thursday, February 26, 2015

Hun Sen គំរាមប្រើកំលាំងប្រដាប់អាវុធកំទេចគណបក្សនយោបាយនិងប្រជាពលរដ្ឋដែលចង់ផ្លាស់ប្តូររដ្ឋាភិបាលដោយកំលាំងមហាជន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​កម្ចាត់​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ចង់​ធ្វើ​បដិវត្តន៍​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​កំលាំងប្រជាពលរដ្ឋ។
*********************RFA25,02,2015
ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ក៏​ព្រមាន​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​រក្សា​អព្យាក្រឹត​ភាព​រវាង​គណបក្ស​នយោបាយ។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ម្សិលមិញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ដឹកនាំ​ធ្វើ​បដិវត្តន៍​ទម្លាក់​រដ្ឋាភិបាល​ពី​អំណាច​ដូច​នៅ​ពិភព​អារ៉ាប់ និង​ទ្វីប​អឺរ៉ុប​ឡើយ។ លោក​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​ដឹកនាំ​បដិវត្តន៍​អំណាច​ពលរដ្ឋ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ហើយ​បដិវត្តន៍​នោះ​អាច​នឹង​ទទួល​បាន​ជោគជ័យ ប្រសិនបើ​កងកម្លាំង​ប្រដាប់​អាវុធ និង​យោធា​មិន​ការពារ​រដ្ឋាភិបាល​ទេ​នោះ។
លោក ហ៊ុន សែន៖ «ដូច្នោះ​ហើយ​បាន​ជា​ខ្ញុំ​សន្និដ្ឋាន​ថា បាតុកម្ម​ថ្ងៃ​ទី​១៥ ១៦ និង ១៧ កញ្ញា ឆ្នាំ​២០១៣ ជា​ការ​ធ្វើ​តេស្ត​សាកល្បង​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ចំពោះ​រដ្ឋាភិបាល ប្រហែល​ជា​អស់​លោក​បាន​ដឹង​ហើយ​ថា មុន​ពេល​បាតុកម្ម​គេ​ដើរ​ចែក​ផ្កា និង​នំ​ចំណី​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ។ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា កងកម្លាំង​ប្រដាប់​អាវុធ​អាច​អព្យាក្រឹត​បាន​តែ​ចំពោះ​បក្ស​នយោបាយ ប៉ុន្តែ​មិន​អាច​អព្យាក្រឹត​ម្ខាង បក្ស​នយោបាយ និង​ម្ខាង​រដ្ឋាភិបាល​ទេ»។
ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​ថា ប្រសិនបើ​កងកម្លាំង​ប្រដាប់​អាវុធ និង​យោធា មិន​ការពារ​រដ្ឋាភិបាល​នោះ​ទេ លោក​នឹង​បញ្ចេញ​កងកម្លាំង ពិសេស​ដើម្បី​ការពារ​រដ្ឋាភិបាល។ លោក​ស្នើ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ត្រូវ​ការពារ​រដ្ឋាភិបាល៖ «ចាំ​មើល​កងទ័ព​យើង​យ៉ាង​ម៉េច? គ្រាន់បើ! អរគុណ! ស្មាន​តែ​ទុក​លោក​ឯង​អី តែ​លោក​ឯង​មិន​ធ្វើ​មាន​អ្នក​ដទៃ​ទៀត​ធ្វើ​ហើយ កុំ​ឆ្ងល់​ពេក»។
អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន គឺ​ផ្ទុយ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សមាជ​កាល​ពី​ដើម​​ខែ​កុម្ភៈ ដែល​បាន​ដាក់​បញ្ចូល​សមាជិក​កងកម្លាំង​យោធា កងរាជអាវុធហត្ថ ប៉ូលិស ច្រើន​ជាង ៨០​នាក់​ទៅ​ក្នុង​គណៈកម្មាធិការ​កត្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា។ ចំនួន​សមាជិក​នៃ​កម្លាំង​គ្រប់គ្រង​បញ្ជាការ​លើ​កង​សន្តិសុខ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បង្កើន​ចំនួន​បី​ដង គឺ​ពី ៣៦​នាក់​ទៅ​យ៉ាង​តិច​ណាស់ ១១៦​នាក់។
មន្ត្រី​យោធា នគរបាល និង​កងរាជអាវុធហត្ថ​ដែល​ទទួល​តួនាទី​ថ្មី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ដូចជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ក់ ជីតូ អគ្គ​មេបញ្ជាការ​រង កង​យោធពល​ខេមរភូមិន្ទ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក រ័ត្ន ស៊្រាង អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ និង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស។
ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា បញ្ជាក់​ថា កងកម្លាំង​ប្រដាប់​អាវុធ​មិន​ត្រូវ​លំអៀង ឬ​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​ណា​មួយ​ឡើយ។ ច្បាប់​នេះ ក៏​បាន​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​បង្កើន​រចនាសម្ព័ន្ធ​បក្ស​ក្នុង​ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ ប៉ុន្តែ​ប្រភព​ជា​ច្រើន​បាន​បញ្ជាក់​ប្រាប់​អង្គការ​សិទ្ធិមនុស្ស​ថា មេបញ្ជាការ​យោធា​បាន​បង្កើត​បណ្ដាញ​បក្ស​កាន់​អំណាច​ក្នុង​ស្ថាប័ន​យោធា ប៉ូលិស និង​កងរាជអាវុធហត្ថ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​ការ​ចរចា​នយោបាយ​បង្កើត​ច្បាប់បោះឆ្នោត​ថ្មី តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ព្រម​ទាំង​មន្ត្រី​តុលាការ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​ឃោសនា​បោះឆ្នោត​បាន ថ្វីត្បិតតែ​ច្បាប់​បោះ​ឆ្នោត​បច្ចុប្បន្ន​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ក្តី។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​កម្ចាត់​ផែនការ​បដិវត្តន៍​នៅ​កម្ពុជា ប្រឆាំង​នឹង​គណបក្ស​នយោបាយ។ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ប្រើប្រាស់​កាំជ្រួច​ប្រភេទ BM21 បាញ់​កម្ទេច​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ប្រសិនបើ​សកម្មជន​ទាំង​នោះ​បង្កើត​តំបន់​អបគមន៍។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ឡើយ ប៉ុន្តែ​អះអាង​ថា កងកម្លាំង​ប្រដាប់​អាវុធ​មិន​ទាន់​មាន​អព្យាក្រឹតភាព​ឡើយ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​មាន​ឯករាជភាព និង​អព្យាក្រឹតភាព​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត៖ «ខ្ញុំ​យល់​ឃើញ​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​រួម​គ្នា​ធ្វើ​ឲ្យ​កងទ័ព​មាន​អព្យាក្រឹត ព្រោះ​យើង​មិន​ដោះស្រាយ​ឲ្យ​ប្រទេស​យើង​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ទេ យើង​នឹង​ងាក​ទៅ​រក​អនុស្សាវរីយ​ដ៏​ជូរចត់ ដូច​ពី​អតីតកាល។ គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កង​យោធពល​ខេមរភូមិន្ទ​ជា​កងទ័ព​របស់​ជាតិ មិន​មែន​កងទ័ព​របស់​គណបក្ស»។
បច្ចុប្បន្ន​មន្ត្រី​ជាន់​ខ្ពស់​ដឹកនាំ​កងទ័ព​កំពុង​មាន​តួនាទី​ក្នុង​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា រួច​ហើយ រួម​មាន​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អគ្គ​មេបញ្ជាការ​រង កង​យោធពល​ខេមរភូមិន្ទ លោក គន់ គីម និង មាស សុភា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន និង​អគ្គ​មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា។ អង្គការ​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា អង្គភាព​ជា​ច្រើន​ដែល​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស ការ​បាញ់​សម្លាប់​បាតុករ បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះសម្បែង ឃាតកម្ម​នយោបាយ ធ្វើ​ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន​យ៉ាង​អនាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស និង​រត់​ពន្ធ​មនុស្ស៕
http://www.rfa.org/khmer/news/politics/hun_sen-02262015020816.html

YouTube Video

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment