Thursday, February 26, 2015

នាយករដ្ឋមន្រ្តី​ព្រមាន​ប្រើ​ច្បាប់​បោះឆ្នោត​ចាស់ បើ​កំណែ​ទម្រង់​ជាប់​គាំង​

នាយករដ្ឋមន្រ្តី​ព្រមាន​ប្រើ​ច្បាប់​បោះឆ្នោត​ចាស់ បើ​កំណែ​ទម្រង់​ជាប់​គាំង​
*******************VOD
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ​ពុធ​ បាន​ព្រមាន​​​ប្រើ​​ច្បាប់​បោះឆ្នោត​ចាស់ ប្រសិន​បើ​ការ​ចរចា​កំណែទម្រង់​លើ​កា​របោះឆ្នោត​ជាប់គាំង ដោយ​លោក​បាន​ស្នើ​ដាក់​ចំណុច​មួយ​ក្នុង​ច្បាប់​ដែល​ចែង​ពីការ​បោះ​បង់​អាសនៈ​ ប្រសិន​បើ​តំណាងរាស្រ្ត​មិន​ចូល​ប្រជុំ​តាម​ការ​កោះអញ្ជើញ​របស់​ព្រះមហាក្សត្រ។​
លោក​នាយក​​រដ្ឋមន្រ្តី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុងពិធីបិទសន្និបាត​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​ទិសដៅ​​​កា​រងារ​ឆ្នាំ​២០១៥ របស់​ក្រសួងមហាផ្ទៃ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥​ នៅទីស្តីការក្រសួង​។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ណែនាំឲ្យ​លោក​ ស ខេង ប្រធាន​​ក្រុម​ការងារគណបក្សប្រជាជន​កម្ពុជា ឲ្យ​ដាក់បញ្ចូលចំណុចថាប្រសិន​អ្នក​តំណាង​រាស្ត្រណាមិនចូលសភាតាមការកោះអញ្ជើញរបស់​​ព្រះ​មហាក្សត្រ ចាត់ទុកថាអ្នក​តំណាង​រាស្ត្រ​នោះ បានបោះបង់អាសនៈរបស់ខ្លួនចោល។​ លោក​បន្ត​ថា​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គជប) ត្រូវជ្រើសរើសអ្នក​តំណាង​រាស្ត្រដែល​មានសំឡេងឆ្នោត​របស់គណបក្សនយោបាយផ្សេងទៀតមក​ដាក់ជំនួសវិញ នៅ​ពេល​គណបក្ស​នយោយបាយ​មិន​ចូល​រួម​ប្រជុំ​​សភាក្រោយ​ការ​បោះឆ្នោត។​
លោក​ ហ៊ុន សែន ក៏​បាន​ព្រមាន​ប្រើ​ច្បាប់​បោះឆ្នោត​ចាស់ ប្រសិន​បើ​ការ​ចរចា​ជាប់​គាំង។ លោក​មានប្រសា​សន៍ថា​«ព្រោះ​ចេះ​វា​​អត់​មាន​ពេលញ៉េមញ៉ុម​ណា​ទៀត​ទេ ហើយ​បើ​ថា​មិន​អញ្ចឹង​ទេ​ ប្រើ​ច្បាប់​ចាស់​ដដែល​​។ អាហ្នឹង​ខ្ញុំ​និយាយ​មែន​ទែន។ ហើយ​ថា​កែ​ទម្រង់​ស៊ីជម្រៅ​ហ្នឹង​ រាប់​ទាំង​កែ​ទម្រង់​បើ​អ្នក​ឯង​មិន​ចូលរួម​ស្បថ​ មិន​ចូលរួម​ប្រជុំតាម​ការ​កោះអញ្ជើញ​ទេ របស់​ព្រះមហាក្សត្រ ចាត់​ទុក​អ្នក​ឯង​បោះបង់​អាសនៈ​ក្នុង​សភា អាហ្នឹង​ក៏​កែ​ទម្រង់​ ដើម្បី​កុំ​ឲ្យ​វា​មាន​រឿង»។
ចំណុច​មួយ​ចំនួន​ដែល​គណបក្ស​ទាំងពីរ​មិន​ទាន់​ឯក​ភាពគ្នា
ចំណុច ​ដែល​មិន​ទាន់​ឯកភាពគ្នា​នោះ​មាន​ដូច​ជា​មាត្រា​៦ថ្មី​នៃ​ជំពូក​​ទី ​២​ចែង​អំពី​ការ​កំណត់​អាសនៈ​រដ្ឋសភា សកម្មភាព​នៃ​ការ​​ឃោសនា​បោះឆ្នោត​ រយៈ​ពេល​នៃ​យុទ្ធនាការ​ឃោសនា​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​ការ​២១ថ្ងៃ តែ​គណបក្ស​សង្រ្គោះជាតិ​ចង់​បាន​២៥ថ្ងៃ។ ចំណុច​ផ្សេងៗ​ទៀត​រួម​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​អប់រំអ្នក​បោះឆ្នោត​ របស់រដ្ឋ ដោយ​គណបក្ស​ប្រជាជន​ចង់​រក្សា​ខឹ្លមសារដដែល​ តែ​សង្រ្គោះ​ជាតិ​ស្នើ​កែ​សម្រួល​តម្រូវ​ឲ្យ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ ព័ត៌មានរបស់​រដ្ឋចុះ​ផ្សាយ​គ្រប់​ព័ត៌មាន​តាម​ការ​កំណត់​​ម៉ោង និង​ពេលវេលា ដែល​ស្នើ​ដោយគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គជប)។
កំណត់ហេតុ​ឲ្យ​ដឹង​ទៀត​ថាគណបក្ស​សង្រ្គោះជាតិ​បាន​​ស្នើ​សម្រួលពាក្យ​ «ជួល»​ទៅ​ជា​ពាក្យ​សុំ​ប្រើ​ប្រាស់​ដោយ​មិន​យកថ្លៃ ចំពោះមណ្ឌល​កីឡា ឧទ្យាន​សាធារណៈ និង​បន្ថែម​ពាក្យ​ទីធ្លា​សាធារណៈ។ គណបក្ស​សង្រ្គោះជាតិ​បាន​​គាំទ្រ​ឲ្យ​មន្រ្តីរាជការ​ស៊ីវិល​ និង​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់ថ្នាក់​ អាច​ចូលរួម​​ក្នុង​យុទ្ធនាការ​ឃោស​នា​បន្ទាប់​ពី​ម៉ោងធ្វើ​ការងារ ដោយ​ឡែក​ចំពោះ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ នគរ​បាល​ជាតិ និង​មន្រ្តីតុលាការ មិន​ត្រូវ​បាន​អនុញ្ញាត​ចូល​រួម​យុទ្ធ​នាការ​ឃោសនា​ឡើយ។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់ឲ្យ​មន្រ្តីរាជការ​ទាំងអស់​ រួម​ទាំង​កង​យោធ​ពល​ខេម​រ​ភូមិន្ទ នគរ​បាល​ជាតិ និង​មន្រ្តីតុលាការ អា​ចចូលរួម​សកម្មភាព​ឃោសនា​បាន។​
កំណត់​ហេតុ​បន្ត​ថា​គណបក្ស​ប្រជាជន ​កម្ពុជា​ចង់​ឲ្យ​​អង្គការ​មិន​មែន​ រដ្ឋាភិបាល​ឬ​សមាគមក្នុង​ស្រុក អន្តរជាតិ ប្រកាន់​​ជំហរ​អព្យាក្រឹត​ភាព ​ឥតលម្អៀង ក្នុង​ពេល​អំឡុង​ពេល​បោះឆ្នោត ពេល​រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល។ ប៉ុន្តែ​គណបក្ស​សង្រ្គោះជាតិ​បាន​ស្នើ​លុប​ចោល​ខ្លឹម​សារ​នៃ​មាត្រា​១៣៧ដែល​ កំហិត​ទៅ​លើ​សង្គម​ស៊ីវិល​នេះ​ចេញ​​ទាំងស្រុង។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​សង្រ្គោះជាតិ​ថា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​កាលពី​ការ​បោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៣ ដោយ​លោក​បបួល​គណបក្ស​ប្រឆាំង​ស្បថ​ស្បែ​លើ​ការ​ចោទ​ប្រកាន់​នេះ។ លោក​បញ្ជាក់ថា​«​អ្នក​ឯង​និយាយ​ពី​រឿង បន្លំ​សន្លឹក​ឆ្នោត​​​ ខ្ញុំ​ចង់​បបួល​ពួក​ហ្នឹង ទៅ​មុខ​ព្រះអង្គ​ដង​កើ ស្បថ​ឱ្យ​ងាប់​ទាំង​ពូជ​តែម្តង​»​។
គួរ​រំឮកថា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​នយោបាយ​មួយ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​ឯកភាព​គ្នា​ក្នុង​ការ​កែ​ទម្រង់​ការ​បោះឆ្នោត ដើម្បីធានា​ថា​ការ​បោះឆ្នោត​លើក​ក្រោយ​អាច​ទុក​ចិត្ត​បាន​ និង​ពុំមាន​ការ​តវ៉ា​ពី​គណបក្ស​នយោបាយ​ផ្សេង​ទៀត​។​
រហូត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ បាន​សម្រេច​កំណត់​ហេតុ​រួម​គ្នាមួយ​ ដោយ​ក្នុង​នោះ​ដាក់​មាត្រា​ចំនួន​១០​ដែល​មិន​ទាន់​ឯកភាពគ្នា​ទៅ​ថ្នាក់​ដឹកនាំកំពូល​ដើម្បី​សម្រេច។​ ក្រុម​ការងារគណបក្ស​ទាំង​២​​​បានពិភា​ក្សា​១៣៨មាត្រា​ ហើយ​ចំណុច​ដែល​​ក្រុម​ការងា​រនៃ​គណបក្ស​ទាំងពីរ​បាន​ឯកភាព​គ្នា​រក្សា​ខ្លឹម ​សារដើម​មាន​ចំនួន​១១០​មាត្រា។ ​ចំណុច​ដែល​​​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង២​បាន​ឯកភាពគ្នា​កែ​សម្រួល​ខ្លឹម​សារ​មាន​ចំនួន​១៨មាត្រា ស្មើ​នឹង​៣០​ចំណុច និង​១០​មាត្រា​ ស្មើនឹង​​១០​ចំណុច​ ​មិន​ទាន់​ឯកភាពគ្នានៅ​ឡើយ​ទេ​។​
ក្រុម​ការងារ​នឹង​បន្ត​ពិភាក្សា​លើ​ជំពូក​១០ អំពីទោស​បញ្ញត្តិ ជំពូក​ទី​១១​អំពី​អន្តរ​ប្បញ្ញត្តិ និង​ជំពូក​ទី​១២​អំពី​អវសាន្ត​ប្បញ្ញត្តិ​​។
លោក គួយ ប៊ុន​រឿន ប្រធាន​ក្រុម​ការងារ​កំណែ​ទម្រង់របស់​សង្រ្គោះជាតិ មាន​ប្រសាសន៍ថា​ក្រុម​ការងារ​នឹង​​ពន្លឿន​ការ​ងារ​នេះយ៉ាង​យូរ​បំផុតឲ្យ​ហើយ ​​នៅ​សប្តាហ៍​ទី​១​នៃ​ខែមីនា ឆ្នាំ​២០១៥។
ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី និង​លោក ស ខេង​ គ្រោង​នឹង​​ជួបគ្នា​​នៅ​ថ្ងៃ​សៅរ៍​ទី២៨ ចុងខែ​កុ​ម្ភៈ​ខាងមុខនេះ៕
អានអត្ថបទ៖ គណបក្ស​ទាំង២​សម្រេច​កំណត់​ហេតុ​កំណែ​ទម្រង់​ការបោះឆ្នោតរួមគ្នា ដាក់​ទៅថ្នាក់ដឹកនាំសម្រេច
http://vodhotnews.com/27651


Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment