***********************
ភ្នំពេញបុស្តិ៍ : លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រើប្រាស់សន្និសីទអន្តរជាតិស្តីពីតំបន់អាស៊ីប៉ាស៊ីហ្វិក ចោទជាសំនួរសួរជាសាធារណៈទៅកាន់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និងជាដៃគូរម្នាក់នៃសន្ធិសញ្ញាទីក្រុងប៉ារីស លោក Gareth Evans ថា ហេតុអ្វីបានជារិះគន់វាយប្រហារធ្ងន់ៗមកលើ់រូប (ហ៊ុន សែន) ក្នុងអត្ថបទមួយ កាលពីឆ្នាំមុន។
លោក Evans ដែលមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាធ្លាប់ហៅថា «ឳពុកកម្ពុជា» អង្គុយស្តាប់យ៉ាងទើសទាល់ នៅលើឆាក ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងថ្លែងសុន្ទរកថាគន្លឹះបើកសន្និសីទអន្តរជាតិ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី១០ ដែលធ្វើឡើងនៅក្នុងសណ្ជាគារសូហ្វីតែល ភ្នំពេញ ចំនួនពីរថ្ងៃចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះទៅ។
លោកនាយករដ្ឋមន្ត្រី បានបែរខ្នងនិងសួរទៅលោក Evans នៅចំពោះមុខអង្គទូតនានា រួមទាំងអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោកស្រី Alison Burrows និងមន្ត្រីពាក់ព័ន្ធនានាមកពីបណ្តាប្រទេសផ្សេងៗ ដោយលោកបានចោទសួរថា ហេតុអ្វីលោកដែលជាអតីតសម្ព័ន្ធមិត្តនឹងគ្នា លែងចង់រាប់អានគ្នាជាមិត្តទៀត។
លោកថ្លែងថា «ខ្ញុំឆ្ងល់ថា ហេតុអ្វី មិត្តរបស់ខ្ញុំ រិះគន់ខ្ញុំ នៅក្នុងកាសែតកាលពីឆ្នាំមុន។ ខ្ញុំនៅចាំ ពេលដែលយើងធ្វើការជាមួយគ្នា ដើម្បីទប់ស្កាត់ការវិលត្រលប់មកវិញនៃពួកខ្មែរក្រហម និងឈានទៅសម្រេចកិច្ចព្រមព្រៀងប៉ារីស»។ «ខ្ញុំចាំថា ជិះឡានជាមួយក្នុងទីក្រុង ស៊ីដនី និងការចរចាដល់យប់ជ្រៅ នៅក្នុងទីក្រុង ហ្សាកាតា មុនទៅដល់កិច្ចព្រមព្រៀង ឆ្នាំ១៩៩១»។
លោកបានសួរថា «យើងធ្លាប់ជាមិត្តជាមួយគ្នា ប៉ុន្តែឥឡូវ លោកឯងលែងចង់ធ្វើមិត្តទៀតហើយ?» ខ្ញុំមិនសមរិះគន់លោកនៅពេលនេះទេ ដោយសារតែខ្ញុំគិតរឿង ដែលធ្លាប់ធ្វើការជាមួយគ្នាយូរមកហើយ»។
ទោះបីក្រោយមក លោកនាយករដ្ឋមន្ត្រីបានសម្រួលអារម្មណ៍និងបាននិយាយថា «ខ្ញុំនិយាយលេងទេ» ប៉ុន្តែលោកបានបញ្ជាក់ថា «ពាក្យសម្តីមួយចំនួន ខ្ញុំនិយាយលេងមែន ក៏មានខ្លះនិយាយជាការពិតដែរ»។
នៅក្នុងអត្ថបទរបស់លោកមួយបែប បញ្ចេញទស្សនៈ ដែលបានចុះផ្សាយលើទំព័រកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំមុន លោក Evans បាននិយាយថា «អ្នកដឹកនាំនយោបាយកម្ពុជា គួរតែត្រូវផ្លាស់ប្តូរ ព្រោះមានឈ្មោះមិនល្អ ត្រូវតែមានការស៊ើបអង្កេត និងដាក់ទណ្ឌកម្ម» ដោយសហគមន៍អន្តរជាតិ។
លោកបានសរសេរថា « វាយូរណាស់ពេកហើយដែលលោក ហ៊ុន សែន និងសហការីរបស់គាត់មិនទទួលខុសត្រូវចំពោះអំពើហិង្សាការរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងប្រព័ន្ធផ្សព្វផ្សាយ និងការប្រើល្បិចបោកប្រាស់ក្នុងការបោះឆ្នោត។...»
លោកបន្តថា «ខ្ញុំស្គាល់លោក ហ៊ុន សែន និងបានធ្វើការងារជាមួយគាត់កាលពីអតីតកាល។ ខ្ញុំបានតទល់នឹងការរិះគន់ជាសាធារណៈខ្លាំងក្លារហូតមកឥឡូវនេះ ដោយសារខ្ញុំគិតថា វាមានសង្ឃឹមសម្រាប់គាត់ និងរដ្ឋាភិបាលរបស់គាត់ក្នុងការឈានទៅរកភាពល្អប្រសើរ។ ប៉ុន្តែឥរិយាបថរបស់ពួកគាត់ឥឡូវនេះបានលើសពីអ្វីដែលអាចទ្រាំបានហើយវាដល់ពេលហើយដែលមេដឹកនាំនយោបាយ កម្ពុជា គួរត្រូវបានស៊ើបអង្កេតនិងដាក់ទារុណកម្មដោយសហគមន៍អន្តរជាតិ»។
លោក Evans បានបដិសេធមិនធ្វើអធិប្បាយលម្អិតលើសម្តីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្ងៃនេះ ដោយគ្រាន់តែថា «ខ្ញុំសប្បាយចិត្ត ពេលដែលដឹងថា លោកនាយករដ្ឋមន្ត្រីអានអត្ថបទរបស់ខ្ញុំ»។
Buddhism for Social ( Peace,Freedom,Human Rights,Justice )
No comments:
Post a Comment