Thursday, February 19, 2015

មន្រ្តីក្រសួងរ៉ែ និង​ថាមពល​ ថាលោកអាឡិចជ្រៀតជ្រែក​ការអភិវឌ្ឍ​វារីអគ្គិសនី​

មន្រ្តីរាជការ​ក្រសួង​រ៉ែ និង​ថាមពល ប្រមាណ​១៤០នាក់បាន​ផ្តិតមេដៃ​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​មហា​ផ្ទៃក្នុង​ការ​​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) ដែល​ជា​​សកម្មជន​ការពារ​តំបន់​អារ៉ែង ឲ្យ​បន្តស្នាក់នៅក្នុងប្រទេសកម្ពុជាតទៅទៀត ដោយ​ចាត់​ទុក​ថា​សកម្មជន​រូប​នេះ​​ជ្រៀត​ជ្រែក​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី។​​
ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ថ្នាក់​ដឹកនាំ​ធំៗ​របស់​ក្រសួង​ ឲ្យ​ដឹង​ថា​មន្រ្តី​រាជ​ការទាំងអស់​របស់​​ក្រសួងរ៉ែ​ និង​ថាម​ពល​ ប្រកាស​​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ ដែល​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យអាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ជនជាតិអេស្ប៉ាញ ឲ្យ​បន្តស្នាក់នៅក្នុងប្រទេសកម្ពុជា។​ ញត្តិបន្ត​ថាកន្លង​មក លោក អាឡិក ​បាន​ធ្វើ​សកម្មភាពក្រោម​រូប​ភាព​​អង្គការ​សង្គម​ស៊ីវិល ​ដោយ​មិន​គោរព​ច្បាប់​កម្ពុជា ដូច​ជា​ការ​បិទ​ផ្លូវ​នៅខេត្ត​កោះ​កុង​ ការ​រារាំង​រំាង​ដល់​ការ​អនុវត្ត​ការងារ ការ​ជេរប្រមាថ ការ​បរិហារកេរ្តិ៍មន្រ្តីរាជការ​ក្រសួង​រ៉ែ និង​​ថាមពល​ជាដើម។​ ញត្តិ​ឲ្យ​ដឹង​ទៀត​ថា​«ម្យ៉ាង​ទៀត​បុគ្គល​រូប​នេះ​មិន​គោរព​អធិបតេយ្យ​ភាព​របស់​ប្រទេស​​​កម្ពុជា ដោយ​បាន​ជ្រៀត​ជ្រែក​ការងារ​របស់​រាជ​រដ្ឋាភិបា​លក​ម្ពុជា ក្នុង​​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​តាម​រយៈ​​​ការ​ដឹកនាំ​ និង​ការ​ញុះញង់​ឲ្យ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​គម្រោង​វារីអគ្គិសនីនានា ​ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការ​អភិ​​វឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ការលើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ»។​

ញត្តិបញ្ជាក់បន្ថែម​ថា​«ជាថ្មីម្តងទៀត​យើង​ខ្ញុំ​ទាំងអស់​គ្នា​ សូម​គាំទ្រ​យ៉ាងពេញទំហឹង​ និង​សូម​ក្រសួង​មហា​ផ្ទៃ​មេត្តា​អនុវត្ត​ចំណាត់​ការ​ខាង​លើ​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ​ដើម្បី​ជា​សក្ខីភាព​នៃ​អធិបតេយ្យ​ភាព​រស់​ព្រះរាជាណា​ចក្រកម្ពុជា​»។​
កាលពីថ្ងៃពុធ​ ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិត​ឆ្លើយតបនឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី ថា​ក្រសួងតម្រូវ​ឲ្យ​លោក អា​ឡិច ចាកចេញ​ពី​កម្ពុជា​មួយ​រយៈ។ លិខិត​បន្តថា នៅពេលណាដែល​អា​ឡិច​គិតថាពេលវេលា​ដ៏​សមស្រប​ណាមួយ​ដែល​អាឡិច ចង់​មក​កម្ពុជា​វិញ ពេល​នោះ​ក្រសួង​មហាផ្ទៃ ពុំ​មាន​​គោលការណ៍​ហាមឃាត់​លោក អា​ឡិច ទេ​ ប្រសិនបើ​គាត់​បាន​បំពេញ​បែបបទ និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដូច​ជនអន្តោប្រវេសន៍ដទៃទៀត ស្រប​តាម​គោលការណ៍​ច្បាប់​កម្ពុជា។​





http://vodhotnews.com/27482

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment