Thursday, February 26, 2015

និយាយពីរឿងអាឡិច ភ្លេច អាកើត

ផឹក​កាហ្វេ​ជាមួយ​លោកតា​ម្នាក់​ដែលជា​អ្នករត់ម៉ូតូឌុប​ក៏​និយាយ​ដល់​រឿង​លោក​អា​ឡិច។
លោកតា​ម៉ូតូឌុប​និយាយថា៖ និយាយ​តែ​រឿង អា​លិច(ឡិច) អា​កើត អត់​និយាយ​ សម្តេច​យើងគាត់​ពិតជា​ឆ្លាត​មែន...!
និយាយ​ដល់​ត្រឹមនេះ​ខ្ញុំ​ក៏​កាត់​គាត់​ហើយ​សួរថា៖ តើ​លោកតា​យល់​យ៉ាងម៉េច​ដែរ ពី​រឿង​លោក​អា​ឡិច?
លោកតា​ឆ្លើយ​យ៉ាង​ម៉ឺងម៉ាត់​ថា៖ វា​គ្មាន​អី​ចម្លែក​ទេ បើ​ស្តោះ​ហើយ ច្បាស់​ជា​លេប​វិញ​មិន​បានទេ។
លោកតា​បន្ថែមថា៖ តាមពិត​បើតាម​លក្ខណៈ​បច្ចេកទេស គឺ​មន្ត្រី​រដ្ឋាភិបាល ពិតជា​ធ្វើការ​បានល្អ​ច្រើនណាស់ កុំ​ឲ្យ​តែមាន​សម្ពាធ​នយោបាយ។ បើ​មេ​ឲ្យ​ចូល​រន្ធក្តាម គឺ​ច្បាស់​ជា​ចូល​ឲ្យ​ខាងតែបាន។ យ៉ាងខ្លាំង​ពង្រីក​រន្ធក្តាម​ឲ្យ​ធំ​ល្មម​នឹង​ដងខ្លួន​ទៅ វា​ចូល​បាន​ទៅហើយ!
ដូច​លោកតា​គិត​ដែរ ក្នុង​សំណុំរឿង​លោក​អា​ឡិច គឺ​ខ្ញុំ​គិតថា មានរឿង​ពីរ ដែលជា​កំហុស​របស់លោក។
ទី១៖ គឺ​អា​ឡិច​តាំងខ្លួន​ជាតា​រា​រះ​តែឯង​នៅលើ​ដីឡូត៍​គេ។ រឿងនេះ​គ្រាន់តែ​ចេញ​ក្បាល​មក ដឹងថា​ដល់ទី​បញ្ចប់​នៅ​ថ្ងៃ​ណាមួយ​បាត់ទៅហើយ។ តាមពិត​អា​ឡិច​គួរតែ​ប្រ​ម៉ូត(Promote)នរណាម្នាក់ ដែលជា​ជនជាតិខ្មែរ​ឲ្យ​ក្លាយជា​តារា​រះ​លើដី​ឡូត៍​ខ្លួនឯង ទើប​អាច​នៅ​គង់វង្ស​បាន។ ឥឡូវ​តើ​វា​យ៉ាងម៉េច? ដី​គេ ផ្ទះ​គេ គេ​ធ្វើ​អី និយាយ​អី ក៏​សម​ដែរ​ដូច​ពាក្យចាស់​លោក​ពោលថា «ទូក​ទៅ កំពង់​នៅ»។ គាត់​ចេញទៅ​បាត់​នៅសល់តែ​សកម្មជន​គាត់​តែលតោល​គ្មាន​អ្នកដឹកនាំ។
ចំណែកឯ​ទី២៖ គឺថា លោក​អា​ឡិច​តាំងខ្លួន​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ដោយ​ខ្លួនឯង ហើយដោយ​ចំហរ​ទៀតផង។ ពាក្យចាស់​លោក​ពោលថា៖ចិញ្ចឹម​ស្តេច​គឺ វា​ស្រួល​ជាង​ធ្វើ​ស្តេច​ដោយ​ខ្លួនឯង។
រឿង​ជាមួយ​រដ្ឋាភិបាល​នេះ បើ​ចង់បាន​មុខមាត់​គឺ​ប្រឆាំង​ចុះ តែបើ​ចង់បាន​ផល បាន​ផ្លែ​គឺ​ត្រូវ​ស៊ី​ធម៌​ត្រជាក់។នាយករដ្ឋមន្ត្រី​ក៏​ជាម​នុស្ស រដ្ឋមន្ត្រី​ក៏​ជាម​នុស្ស អាជ្ញាធរ​ក៏​ជាម​នុស្ស។ បើ​យើង​មិន​ទុក​មុខ​ឲ្យ​គេ គេ​ក៏​មិន​ទុក​មុខ​ឲ្យ​យើង​ដែរ វា​ជា​រឿង​ធម្មតា។ តាមពិត​គោលបំណង​របស់លោក​អា​ឡិច គឺ​ល្អ​ណាស់ ក្នុងការ​ថែរក្សា​ព្រៃ​អា​រ៉ែ​ង។ ខ្លួន​ខ្ញុំ​ផ្ទាល់​គ្មាន​ភាពស្រពិចស្រពិល​នូវ​ភក្តីភាព​របស់គាត់​នោះទេ។ ប៉ុន្តែ​វិធី​ចុងក្រោយ ដែល​គាត់​ធ្វើ​ក្នុងការ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ដោយ​ចំហរ​គឺ ពិតជា​មិន​ស្រួលខ្លួន​ទេ។
បើ​ខ្ញុំ​ជា​គាត់​វិញ​គឺ៖
ទី១៖ ខ្ញុំ​នឹង​បណ្តុះ​ខ្មែរ១ ឬ២នាក់​ដើម្បី​ចេញមុខ តស៊ូ​មតិ​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ។
ទី២៖ ខ្ញុំ​នឹង​ជួយ​សកម្មជន​នោះ​ឲ្យ​ទាក់ទង​ទៅ​អង្គការ​យូ​នី​ស្កូ ដើម្បី​ពិចារណា​ដាក់​តំបន់​អា​រែង​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក។
បន្ទាប់មក​ទី៣៖ ខ្ញុំ​នឹង​ជួយ​សកម្មជន​នោះ​សរសេរ​របាយការណ៍​ដាក់​ជួន​ក្រសួង​ពាក់ព័ន្ធ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ព្រឹទ្ធិ​សភា​ដើម្បី​ពិនិត្យមើល​លទ្ធភាព ថែរក្សា​តំបន់​អា​រ៉ែ​ង​ជា​តំបន់​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។
ហើយ​ជា​ចុងក្រោយ​គឺ ចំណុច​ទី៤៖ គឺ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិធំៗក្នុង​ពិភពលោក​ដើម្បី​អភិវឌ្ឍ​ន៏​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដូចជា​បើក​ឲ្យ​មាន​ប្រ​ត្តិ​ប​ត្តិ​ករ​នាំ​ភ្ញៀវទេសចរ​ចូល​ព្រៃ ជិះទូក​ក្នុង​ស្ទឹង ស្ទូចត្រី​ធម្មជាតិ​ជាដើម។
មាន​ពាក្យ​មួយ​ឃ្លា​និយាយថា៖ បើ​ចង់បាន​ភ្លៀង មានតែ​សុំ​ព្រះឥន្ទ្រ​ប៉ុណ្ណោះ មិនអាច​ទៅសុំ​អា​រុក្ខ​អារក្ស​អ្នកណា​ទេ។ តែបើ​ចង់​ក្លាយជា​វីរៈបុរស គឺ​មានតែ​ប្រឆាំងនឹង​ព្រះឥន្ទ្រ ឬ​បន្ទោស​ព្រះឥន្ទ្រ ឬ​ប្រកាសសង្គ្រាម​ជាមួយ​ព្រះឥន្ទ្រ។
ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ខ្ញុំ​នៅតែ​គាំទ្រ​ពាក្យ​លោក​ហ៊ុន សែន ដែល​និយាយថា៖ «គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ស្រឡាញ់​ខ្មែរ​នោះទេ»។ តែ​ចង់​ថែម​ពាក្យ​មួយ​ឃ្លា​ទៀតថា៖ «គ្មាន​បរទេស​ណា​មក​បំ​ផ្លាញ​ខ្មែរ​ជាង​ខ្មែរ បំផ្លាញ​ខ្លួនឯង​ដែរ»។
ដូច្នេះ​សរុបមក​អាចជា​ចេតនា ឬ​អ​ចេតនា ដែល​លោក​អា​ឡិច បានធ្វើ​ក្នុង​គោលបំណង​ចង់​ក្លាយជា​វីរៈបុរស ឬ​ចង់​ការពារ​តំបន់​អា​រ៉ែ​ង។
លោក ហ៊ុន សែន និយាយថា៖ បើ​គេ​ចង់​ជាប់គុក​ដើម្បី​បាន​ពានរង្វាន់​នៅ​វ៉ាស៊ីនតោន នោះ​ជូន​តាម​សំណើ។
ពាក្យ​នេះ​សកម្មជន​សង្គម​ស៊ីវិល គួរតែ​ដឹងថា​ត្រូវធ្វើ​យ៉ាងម៉េច​ហើយ។ គឺថា​ចង់​ក្លាយជា​វីរៈបុរស ឬក៏​ចង់បាន​ផល​ផ្លែ។ ឬ​និយាយ​ឲ្យ​ខ្លី​ថា តើ​ចង់បាន​ដូង ឬ​ត្នោត?
បើ​ចង់បាន «ដូង» គឺ​ត្រូវតែ​ដាំដូង។ បើ​ចង់បាន«ត្នោត»គឺ​ត្រូវតែ​ដាំ​ត្នោត៕
អត្ថបទដោយThmeyThmey៖ ធូ វាសនា នៅ​រតនៈគិរី
អ៊ីម៉ែល៖ veasnathou@yahoo.com







Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment