Monday, February 23, 2015

ការចាប់ខ្លួន លោក អាឡិច សកម្មជនបរិដ្ឋានចេញពីកម្ពុជានិងដាក់ចូលក្នុងបញ្ជីរខ្មៅមិនអាចវិលមកកម្ពុជាបានទៀតទេ







អ្នកនាំពាក្យក្រសួងមហាផ្ទៃថា ការចាប់ខ្លួនលោក អាឡិច បញ្ជូនចេញពីកម្ពុជា និងត្រូវបានដាក់ឈ្មោះបញ្ចូលក្នុងបញ្ជីរខ្មៅមិនអាចវិលត្រឡប់មកកម្ពុជាបានទៀតទេ ៕
មន្រ្តីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ នៅរសៀលថ្ងៃចន្ទនេះ​ឲ្យ​ដឹង​ថាអាជ្ញាធរ​នឹង​បណ្តេញ​​​សកម្មជន​តំបន់​អារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson)ដែល​ជាជន​ជាតិ​អេស្ប៉ាញ ចេញ​ពីប្រទេស​​កម្ពុជា រួច​ដាក់​ចូល​ក្នុងបញ្ជីខ្មៅ។​

លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ នៅ​ថ្ងៃ​ចន្ទនេះ​ វេលាម៉ោង​ជាង​១រសៀល។​​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោកខៀវ សុភ័គ មានប្រសាសន៍ថា​អាជ្ញាធរ​កម្ពុជា​បានប្រើប្រាស់វិធានការត្រជាក់អស់ពីសមត្ថភាព ដើម្បីឲ្យលោកអាឡិច ចាកចេញពីកម្ពុជាមួយរយៈសិន ប៉ុន្តែ​លោក​ថា​វិធីសាស្ដ្រនេះនៅតែមិនទទួលបានទទួលជោគជ័យ។ លោកបន្ដថាបើវិធីនេះអស់ជម្រើស គឺមានតែប្រើច្បាប់ខ្មែរតែម្ដង ដើម្បីបណ្ដេញចេញ ហើយអ្នកដែលត្រូវបណ្ដេញចេញនឹងត្រូវបានចាត់ចូលក្នុងបញ្ជីខ្មៅ ហើយនឹងមិនអាចអនុញ្ញាតឲ្យចូលក្នុងប្រទេសកម្ពុជាវិញឡើយ។

លោក ខៀវ សុភ័គ ប្រាប់​VODថា«យើងបានប្រើប្រាស់អស់ហើយវិធានការតាមការត្រជាក់ វិធានការត្រជាក់នោះគឺថាយើងបានប្រាប់គាត់ឲ្យចេញទៅម្តង​ហើយ​ ទៅហើយមកវិញមក គាត់និយាយមែនទែនទៅគាត់ប្រហែលជាស្ដាប់ខ្មែរមិនបាន ក្រែងលោគាត់ជាជនជាតិបរទេសស្ដាប់គ្នាមិនបានអញ្ចឹងទៅ យើងក៏សុំឲ្យទូតអេស្ប៉ាញនិយាយអេស្ប៉ាញជាមួយគាត់ ភាសាអេស្ប៉ាញជាភាសាកំណើ​តរបស់គាត់ ទូតក៏ប្រាប់ដែរ អាឡិចអើយចេញទៅ ជាភាសាអេស្ប៉ាញនោះណា ហើយគាត់នៅតែស្ដាប់ភាសាអេស្ប៉ាញមិនបានទៀត ដល់អញ្ចឹងមានតែធ្វើច្បាប់កម្ពុជា។ យើងមិនចាំអីឈឺក្បាលជាមួយមនុស្សម្នាក់នោះទេ តាមច្បាប់នេះបណ្ដេញចេញហើយចូលក្នុងបញ្ជីខ្មៅ ចូលមកកម្ពុជាវិញលែងបាន»។

ការ​ចាប់ខ្លួនសកម្មជន​រូប​​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ ប្រតិកម្ម​នឹង​អ្ន​ក​រិះគន់​រដ្ឋាភិបាល​ដែល​មិន​បានពន្យារ​ទិដ្ឋា​ការ​​ដល់​សកម្មជន​​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង លោក លោក​ អាឡិច ឲ្យបន្ត​​រស់​នៅប្រទេស​កម្ពុជា​បន្ត​ទៀត។​ ក្នុងពិធីចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថាប្រទេស​កម្ពុជា​ជា​​រដ្ឋអធិបតេយ្យមួយ ហើយ​ប្រសិន​បើ​​ជន​បរទេស​ និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវ​តែ​មានទោស។ លោក​នាយករដ្ឋមន្រ្តី​បន្ត​ថា​ ករណីនេះកំពុង​តែ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់ ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ និង​ត្រូវ​ចូល​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​បញ្ជាក់​ថា​«​គេ​សុខចិត្ត​ឲ្យ​នៅ​រហូត​ដល់​អស់ទិដ្ឋាការ។ អញ្ចឹង​យើង​ចេញ​ទៅ​សិន​ទៅ រួចហើយ​ចាំ​សុំត្រឡប់​មកវិញ វា​ទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យ​កាន់​តែ​អាក្រក់)។ តែ​គេ​បណ្តេញចេញ​ហើយ​ វាត្រូវ​ចូលក្នុង​បញ្ជីខ្មៅ។ វា​ចប់​ហើយ។ អាហ្នឹង​ហើយ​គេថា​ចង់​ជ្រុល…»។

លោក ស៊ីម សំណាង សមាជិក​មាតាធម្មជាតិ​ មានប្រសាសន៍ថា​ការ​ចាប់ខ្លួនលោកអាឡិចនេះ ជា​រឿង​មិន​គប្បី និង​​អាក្រក់​មួយ​សម្រាប់រដ្ឋាភិបាលកម្ពុជា​។ លោក​បន្ត​ថា​លោក​អាឡិច​មិន​បានប្រព្រឹត្ត​ខុស​ដូច​​ការ​ចោទប្រកាន់​នោះ​ទេ ហើយ​លោក​អាឡិច​បាន​ជួយ​ប្រទេស​កម្ពុជា​ទៅវិញ​នោះ​ទេ។​

លោក អា​ឡិច ជា​ជនជាតិ​អេស្ប៉ាញ​ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០​ឆ្នាំមកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង។ ​ទិដ្ឋាការ​របស់លោក​អាឡិច បាន​ផុតកំណត់​កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ ឆ្នាំ​២០១៥៕

http://vodhotnews.com/27576


Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment