Friday, March 8, 2013

លោក ហ៊ុន សែន ព្រមាន​ឈប់​ធ្វើ​បុណ្យ​បើ​សិន​ចាញ់​ឆ្នោត

លោក ហ៊ុន សែន ព្រមាន​ឈប់​ធ្វើ​បុណ្យ​បើ​សិន​ចាញ់​ឆ្នោត
ដោយ តាំង សារ៉ាដា 2013-03-06

ពាក្យ​គំរាម​ឈប់​ធ្វើ​បុណ្យ​ទាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​លោក​ចុះ​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ ៦ ពី​ខេត្ត​កំពង់ចាម ដល់​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៣។ 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ លោក​នឹង​ឈប់​ធ្វើ​បុណ្យទាន​តាម​ព្រះពុទ្ធ​សាសនា​ទៀត​ហើយ។ លោក​បន្ត​ថា រាល់​គម្រោង​បុណ្យ​ទាំង​អស់​នឹង​ត្រូវ​ដក​ចោល ហើយ​សូម្បី​ម៉ាស៊ីន​បូម​ទឹក​ក៏​ដក​ចេញ​ទុក​ឲ្យ​ស្រូវ​ប្រាំង​ក្រៀម​ស្វិត​ទាំង​អស់ ប្រសិន​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត៖ «ចាញ់​ឆ្នោត​ហើយ​ចាំ​តែ​ធ្វើ​បុណ្យ​កថិន​ឲ្យ​តេជគុណ​តើ! និយាយ​ឲ្យ​វា​ត្រង់ៗ​ជាមួយ​គ្នា។ គ្មាន​អ្នក​ណា​មាន​ទឹក​ចិត្ត​ធ្វើ​កថិន​អី​ទៀត បើ​ចាញ់​ឆ្នោត​ហើយ ធ្វើ​បុណ្យ​ចង់​ងាប់ អា​ពួក​វា​អត់​ធ្វើ​សោះ​បែរ​ជា​ឈ្នះ​ឆ្នោត! អើ! ទៅ​ពឹង​អ្នក​ហ្នឹង​ទៅ​ឲ្យ​ហែ​កថិន​ទៅ​វ៉ី! ឃើញ​ពួក​ហ្នឹង​ហែ​កថិន​ពីអង្កាល់? បាន​សេចក្ដី​ថា គណបក្ស​ប្រជាជន​នឹង​ឈប់​ធ្វើ​បុណ្យ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ហ្នឹង​តែម្ដង ធ្វើ​បុណ្យ​ធ្វើ​អី​ទៀត។ គម្រោង​ទាំង​ឡាយ​នឹង​ដក​ថយ​នៅ​ពេល​ហ្នឹង​ទាំង​អស់ ក្នុង ១​ម៉ឺន​អាច​ថា មាន​មួយ ចុះ​បន្ត ប៉ុន្តែ​ដូច​អា​មួយ​ហ្នឹង ក៏​មិន​នៅ​ដែរ ធ្លាប់​តែ​កំពុង​បូម​ទឹក​ហើយ​ឲ្យ​សាំង​ទៅ​បូម​ទៀត ព្រោះ​អា​ពេល​ហ្នឹង​អាច​មាន​កូន​រដូវ​ប្រាំង​ក្នុង​រដូវ​វស្សា។ ប្រុងប្រៀប​ថា ឲ្យ​តែ​បោះ​ឆ្នោត​រួច ប្រុង​ទៅ​បូម​ទឹក គឺ​ឈប់​បូម​ទឹក​បណ្ដោយ អ៊ីចឹង​ស្រូវ​ស្កក​បណ្ដោយ»។ 

ព្រះតេជគុណ លួន សុវ៉ាត ដែល​ជា​ព្រះសង្ឃ​ដែល​គេ​ស្គាល់​ពី​សកម្មភាព​តវ៉ា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ថេរដីកា​ពី​រដ្ឋ​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក​ថា ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់ស្ដែង​ថា ការ​ធ្វើ​បុណ្យ​ទាន ឬ​ការ​កសាង​សមិទ្ធផល​ផ្នែក​ព្រះពុទ្ធ​សាសនា​កន្លង​មក គឺ​ធ្វើ​ឡើង​ដោយ​មិន​ស្មោះត្រង់ និង​ចិត្ត​ជ្រះថ្លា​ក្នុង​នាម​មេដឹកនាំ​នោះ​ឡើយ។ ព្រះតេជគុណ លួន សុវ៉ាត៖ «អ្វី​ដែល​គាត់​ធ្វើ​បុណ្យ​នៅ​ក្នុង​ការ​កសាង​សមិទ្ធផល​ផ្សេងៗ​ហ្នឹង ហាក់​មិន​ស្មោះ​ត្រង់​ចំពោះ​បុណ្យ​ដែល​គេ​ហៅ​ថា បុណ្យ​ជំនួញ ទាន​ជំនួញ​ដើម្បី​បាន​ចំណេញ គឺ​ជា​ទាន​ដែល​មិន​បរិសុទ្ធ មិន​ស្អាត អាច​ហៅ​ថា ជា​កញ្ជះ​ទាន ឬ​ទាសទាន គឺ​យក​ទាន​ជា​ធ្នាក់​យក​បុណ្យ​ជា​ធ្នាក់ ហើយ​យក​អំពើ​ល្អ​របស់​ខ្លួន​ហ្នឹង​ដែល​ប្រកប​ដោយ​ភាព​មិន​បរិសុទ្ធ ភាព​មិន​ស្អាត​ល្អ​បង្កប់​ទៅ​ដោយ​អំពើ​ពុករលួយ បោក​ប្រាស់​ផ្សេងៗ​ហ្នឹង ថា​ខ្លួន​ជា​អ្នក​ធ្វើ​បុណ្យ ថា​ខ្លួន​ជា​អ្នក​ធ្វើ​ល្អ ប៉ុន្តែ​អំពើ​ល្អ​ហ្នឹង​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ពិស ថ្នាំ​ពុល»។ 

ព្រះតេជគុណ លួន សុវ៉ាត មាន​ថេរដីកា​បន្ត​ថា មេដឹកនាំ​គ្រប់​រូប​ត្រូវ​ប្រកាន់​នូវ​ទសពិធរាជធម៌ ដែល​ជា​គុណធម៌ និង​សីលធម៌​ទាំង ១០ រួម​មាន ភាព​ស្មោះត្រង់ មិន​លោភលន់ ចេះ​ចែក​រំលែក មិន​ប្រើ​អំពើ​ហិង្សា មិន​បំពាន​ច្បាប់ មិន​បៀតបៀន​អ្នក​ដទៃ ចេះ​អត់ធ្មត់ ត្រូវ​មាន​សីលធម៌​ក្នុង​ខ្លួន ត្រូវ​ចេះ​សម្មា​ទាន​សីល​រក​ផ្លូវ​ល្អ និង​ត្រូវ​ប្រកាន់​នូវ​ចរិត​សុភាព​រាបសា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

  1. It's good for your right and effort for justics but in the rule of buddism the monk must be calm and educate mind peacefully. The monk left home for calm mind but not for keeping busy in daily life of peaople. It's good but it's not right with the buddism I think. I though that He should take more time to read tripitaka.

    ReplyDelete