Tuesday, October 11, 2011

ខុសឬត្រូវនៅករណីលួន សាវាត Ven. Luon Sovath

ពន្លឺអាស៊ីទ្វីបជាឈ្មោះនៃសៀវភៅពុទ្ធប្បវត្តិ ដែលរៀបរៀងឡើងដោយ Sir Edwin Arnold  នៅឆ្នាំ ១៨៧៩ នៅសេចក្តីផ្តើមនៃ​សៀវភៅ​ពន្លឺអាស៊ីទ្វីបនោះយើងបាន សង្កេតឃើញ ហេតុការណ៍ជម្លោះមួយដែលកើតឡើងរវាង ទេវទត្តកុមារនិងសិទ្ធត្ថកុមារទាក់ ទងនឹងសត្វហង្ស ទេវទត្តកុមារជាអ្នកបាញ់សត្វហង្ស ឯសិទ្ធត្ថកុមារជាអ្នកជួយសត្វហង្ស ជម្លោះដណ្តើមកម្មសិទ្ធិលើសត្វហង្ស​បានកើតឡើងរវាងអ្នកបាញ់និងអ្នកជួយ ទាំងទេវទត្តកុមារទាំងសិទ្ធត្ថកុមារជជែកយកឈ្នះតែរៀងៗខ្លួនថា ខ្លួនគឺជាម្ចាស់លើ​សត្វហង្ស
ទេវទត្តកុមារនិយាយថា "សត្វហង្សគួរតែជារបស់យើង ព្រោះយើងគឺជាអ្នកបាញ់" ឯសិទ្ធត្ថកុមារក៏និយាយថា "សត្វហង្សគួរតែ​ជារបស់យើងព្រោះយើងគឺជាអ្នកជួយសង្គ្រោះ" ជជែកទៅជជែកមក ជម្លោះដណ្តើមសត្វហង្សនោះ មិនអាចដោះស្រាយបានទេ នៅទីបំផុត ដើម្បីឲ្យដាច់ស្រេចក្នុងរឿងនេះ អ្នកទាំងពីរក៏ ចូលទៅរកចៅក្រោម ដើម្បីឲ្យជួយដោះស្រាយជម្លោះ ចៅក្រមលុះ​ពិចារណា​ដំណើរដើមទងរួចហើយក៏ សម្រេចសេចក្តីថា"ជនណាករុណាអាណិត សត្វនិងជាអ្នកជួយសង្គ្រោះសត្វ ជននោះគប្បីបាន ជាម្ចាស់នៃសត្វដែលរងគ្រោះនោះ ព្រោះហេតុនោះ អ្នកជួយសង្គ្រោះជីវិត​សត្វ ទើបឈ្មោះថាជាអ្នកប្រោសសត្វ ជនណាបៀតបៀនយាយីសត្វ ជននោះមិនគប្បីបានជាម្ចាស់នៃ​សត្វ​ដែលរងគ្រោះនោះទេ ព្រោះហេតុនោះ អ្នកបៀតបៀនយាយីសត្វទើបឈ្មោះថាជាអ្នកយាយីសត្វ"


ទោះបីបើសាលក្រមចេញមកក្នុងលក្ខណៈជួយការពារសត្វដែលរងគ្រោះក៏ដោយ ដោយអំណាចនៃទិដ្ឋិមានះ ភាគីដែលចាញ់ក្តី គឺ ទេវទត្តកុមារក៏មិនសុខចិត្តដែរ ហើយក៏ចងគំនុំគុំកួនសិទ្ធត្ថកុមារជារៀងរហូតមក បើទុកជាសិទ្ធត្ថកុមារចេញសាងផ្នួសហើយ​សម្រេច​ បានការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ដោយ ព្រះទេវទត្តក៏នៅតែព្យាយាម បៀតបៀនយាយីព្រះអង្គ​ ជារៀងរហូតលុះដល់ដង្ហើមចុងក្រោយទើបដឹងខ្លួនហើយ ទទួលសារភាពទោសកំហុស ។បើយើងលើកយកករណីជម្លោះការពារ អ្នកស្រុកដែលរង គ្រោះរបស់ភិក្ខុលួន សាវាតមកជាករណីសិក្សា នឹងឃើញថា លោក​ហាក់​ដូចជា​ឈរនៅ​ខាងភាគីរងគ្រោះ គឺ អ្នកស្រុក បើពិចារណាដំណើរដើមទងនៃហេតុការណ៍ដែល​កើតឡើងនោះ​ដោយចិត្តប្រកាន់យុត្តិធម៌ សាលក្រមអាចវិនិច្ឆ័យបានថា
"ជនណាករុណាអាណិតអ្នកស្រុកដែលរងគ្រោះនិងជាអ្នកជួយសង្គ្រោះអ្នកស្រុកដែលរងគ្រោះ ជននោះគប្បីទទួលបានការ​គាំទ្រនិងសេចក្តីស្រឡាញ់រាប់អានពីសង្គម អ្នកដែលជួយសង្គ្រោះអ្នកស្រុកដែលរងគ្រោះ ទើបឈ្មោះថាជាអ្នកប្រោស​អ្នក​ស្រុកដែលរងគ្រោះ ផ្ទុយទៅវិញ ជនណាបៀតបៀនយាយីអ្នកស្រុកដែលរងគ្រោះ ជននោះមិនគប្បីបានទទួលការគ្រាំទ្រនិង សេចក្តីស្រឡាញ់រាប់អានពីសង្គមទេ ព្រោះហេតុនោះ ជនដែលបៀតបៀនយាយីអ្នកស្រុកដែលរងគ្រោះទើបឈ្មោះ​ថាជា​អ្នក​មិន​ជួយប្រោសអ្នក​ ស្រុកដែលរងគ្រោះ"
សរុបសេចក្តីមកថា ជនដែលមានការុញ្ញចិត្តជួយ ឈឺឆ្អាលទុក្ខលំបាក របស់អ្នកស្រុកដែលរងគ្រោះដូច យ៉ាងភិក្ខុ លួន សាវាត គប្បី​ទទួលបានការគោរព រាប់អាននិងលើកតម្កើង ព្រោះការគាំទ្រនិងការលើក ទឹកចិត្តស្មើនឹងការជម្រុញអ្នក​តស៊ូឲ្យក្លាហាន​ឡើង​ ក្នុងការទាមទាររកយុត្តិធម៌ជូនសង្គមដែលអយុត្តិធម៌បាន ព្រោះយុត្តិធម៌អ្នកណាៗក៏ត្រូវការ មនុស្សមិនអាច រស់នៅក្នុង​សង្គម​ដែល​ខ្វះយុត្តិធម៌បានទេ យុត្តិធម៌ត្រូវ តែឈ្នះអយុត្តិធម៌ សមដូចពុទ្ធតម្រាស់ថា អសាធុំ សាធុនា ជិនេ គប្បីឈ្នះ​អំពើ​អាក្រក់​​ដោយអំពើល្អ អំពើល្អប្រៀបដូចជាយុត្តិធម៌ដែលសង្គមខ្វះខាតត្រូវតែតស៊ូដើម្បីយកឈ្នះ  ឯអំពើអាក្រក់ប្រៀប​ដូចជា​អយុត្តិធម៌​ដែលសង្គមត្រូវកាត់បន្ថយនិងលុបបំបាត់ចោល ព្រោះហេតុនោះ អ្នកស្រឡាញ់ យុត្តិធម៌សង្គម​ត្រូវហ៊ានចូលរួម​ចំណែក​ក្នុង​ការតស៊ូ​ ដើម្បីយុត្តិធម៌ ។ ទាញយកសៀវភៅពន្លឺអាស៊ីទ្វីប(អង់គ្លេស)


For your reference, please refer to: www.Khmerbuddhism.ca

No comments:

Post a Comment