ពន្លឺអាស៊ីទ្វីបជាឈ្មោះនៃសៀវភៅពុទ្ធប្បវត្តិ ដែលរៀបរៀងឡើងដោយ Sir Edwin Arnold នៅឆ្នាំ ១៨៧៩ នៅសេចក្តីផ្តើមនៃសៀវភៅពន្លឺអាស៊ីទ្វីបនោះយើងបាន សង្កេតឃើញ ហេតុការណ៍ជម្លោះមួយដែលកើតឡើងរវាង ទេវទត្តកុមារនិងសិទ្ធត្ថកុមារទាក់ ទងនឹងសត្វហង្ស ទេវទត្តកុមារជាអ្នកបាញ់សត្វហង្ស ឯសិទ្ធត្ថកុមារជាអ្នកជួយសត្វហង្ស ជម្លោះដណ្តើមកម្មសិទ្ធិលើសត្វហង្សបានកើតឡើងរវាងអ្នកបាញ់និងអ្នកជួយ ទាំងទេវទត្តកុមារទាំងសិទ្ធត្ថកុមារជជែកយកឈ្នះតែរៀងៗខ្លួនថា ខ្លួនគឺជាម្ចាស់លើសត្វហង្សទេវទត្តកុមារនិយាយថា "សត្វហង្សគួរតែជារបស់យើង ព្រោះយើងគឺជាអ្នកបាញ់" ឯសិទ្ធត្ថកុមារក៏និយាយថា "សត្វហង្សគួរតែជារបស់យើងព្រោះយើងគឺជាអ្នកជួយសង្គ្រោះ" ជជែកទៅជជែកមក ជម្លោះដណ្តើមសត្វហង្សនោះ មិនអាចដោះស្រាយបានទេ នៅទីបំផុត ដើម្បីឲ្យដាច់ស្រេចក្នុងរឿងនេះ អ្នកទាំងពីរក៏ ចូលទៅរកចៅក្រោម ដើម្បីឲ្យជួយដោះស្រាយជម្លោះ ចៅក្រមលុះពិចារណាដំណើរដើមទងរួចហើយក៏ សម្រេចសេចក្តីថា"ជនណាករុណាអាណិត សត្វនិងជាអ្នកជួយសង្គ្រោះសត្វ ជននោះគប្បីបាន ជាម្ចាស់នៃសត្វដែលរងគ្រោះនោះ ព្រោះហេតុនោះ អ្នកជួយសង្គ្រោះជីវិតសត្វ ទើបឈ្មោះថាជាអ្នកប្រោសសត្វ ជនណាបៀតបៀនយាយីសត្វ ជននោះមិនគប្បីបានជាម្ចាស់នៃសត្វដែលរងគ្រោះនោះទេ ព្រោះហេតុនោះ អ្នកបៀតបៀនយាយីសត្វទើបឈ្មោះថាជាអ្នកយាយីសត្វ"
