Sunday, October 15, 2017

ទេសនាព្រះពុទ្ធសាសនានិងសង្គមជាតិបុណ្យកឋិនទានសាមគ្គីវត្តមណ្ឌលពុទ្ធសាសនា

ភិក្ខុ លួន សុវ៉ាត ទេសនាពុទ្ធសាសនាសម្រាប់សង្គមជាតិបុណ្យកឋិនទានវត្តមណ្ឌលពុទ្ធសាសនា Providence,RI.USA ១៤ ១៥ តុលា ២០១៧Providence 252 Public Street,RI 02905.USA ។ សូមអនុមោទនាបុណ្យកុសលបានដល់ម្ចាស់ទានប្រធានបុណ្យនិងសប្បុរសជនទាំងឡាយបានសុខសប្បាយដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ! កឋិនទាន បវេណី ព្រះពុទ្ធសាសនា គឺជា ឧត្ដម បុណ្យ របស់ ពុទ្ធបរិស័ទ ។ ពាក្យ ថា “កឋិន“ ជា ភាសាបាលី សំដៅ យក ក្រប ក្ដារ ដែល ភិក្ខុសង្ឃ សម័យ បុរាណ ឥណ្ឌា ប្រើ សម្រាប់ ដេរ សំពត់ ធ្វើ ជា ស្បង់ ចីវរ ។ សំពត់ ដែល បាន រៀបចំ តាក់តែង ឡើង នោះ មាន ឈ្មោះថា“សំពត់ កឋិន“ ។ បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យ កឋិន តែង ត្រូវ បាន ដង្ហែ ចូល គ្រប់ ទី អារាម ទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវ បាន ខក ខាន ឡើយ ដូច្នេះ គេតែងតែឃើញ ក្បួន កឋិន ទាន តែង បាន ដង្ហែ ទៅ កាន់ ទី អារាម រៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិន មាន កឋិន ណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ រីក រាយ យ៉ាង ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើ វត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ កាលខ្ញុំនៅកុមារភាពស្រុកយើង ពុំទាន់មាន ការរីកចំរើនខាងផ្លូវគមនាគមន៍នៅឡើយ យាន យន្ដ ទៀត សោត ក៏ ពុំ សូ វ មាន ខ្ញុំ ច្រើន ឃើញ ពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើល ទៅគួរអោយសប្បាយរីករាយខ្លាំងណាស់ មាន ដំរី ជា ច្រើន រហូតដល់ ២០ ទៅ ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេ មាន ប្រគំ ភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេ និមន្ដ ព្រះសង្ឃ ឆាន់ ពេល ថ្ងៃ ត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ ក្ដៅ រាក់ ទាក់ រីក រាយ ជា ពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គ កថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បាន ចាត់ អោយ ភិក្ខុ មួយ អង្គ ជា អ្នក គ្រង អង្គកឋិន នោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ។ អត្ថន័យ នៃ បុណ្យកឋិន តាម អដ្ឋកថា សំដៅ យក ព្រះពុទ្ធដីកា ដែល ព្រះពុទ្ធ ទ្រង់ បាន បញ្ញត្តិ ទុក មក ថា កឋិន គឺ ការប្រជុំ រួម នូវ រូបធម៌ និង នាមធម៌ ដែល ប្រព្រឹត្ត ទៅ ក្នុង អត្ថន័យ ពីរ យ៉ាង គឺៈ 1. រស់ បាន ដោយ កម្រ សម ដូច វិគ្គហៈ ថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“ ។ ប្រែ ថា “សភាវៈ ឯណា រស់ បាន ដោយ កម្រ សភាវៈ នោះ ហៅថា កឋិន ព្រោះ លោក ប្រៀបប្រដូច ជា ឈើ ស្នឹង ដែល បុគ្គល កាត់ ចាកចេញ ពី ដើម ហើយ យក ទៅ បោះភ្ជាប់ នឹង ដី រមែង ដុះ លូតលាស់ ឬ រស់នៅ បាន ដោយ កម្រ យ៉ាងណា ឯ កិច្ច ដែល នឹង កើតឡើង ឬ តាំង ឡើង ជា កឋិន ពេញទី គឺ បាន ដោយ កម្រ ពន់ពេក ណាស់ ក៏ យ៉ាង នោះ ដែរ“ ។ 2. ពោល សរសើរ ព្រោះ ចីវរ ទាន ដែល យើង កសាង ជា កឋិន នោះ ជា ទាន វិសេស ជាង ទាន ដទៃ ដែល ព្រះអរិយ ទាំងឡាយ មាន ព្រះសម្ពុទ្ធ ជា ប្រធាន តែង ពោល សរសើរ ថា ជា ទាន ដ៏ វិសេស អាច រួបរួម ឬ ក៏ សង្គ្រោះ នូវ អានិសង្ស ៥ យ៉ាង របស់ ភិក្ខុ អ្នក ក្រាលគ្រង មិន ឱ្យ ទៅ គ្រង នៅ ទី ដទៃ បាន ។ សម ដូច វិគ្គហៈ ថា “បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“ ។ ប្រែ ថា “ធម្មជាតិ ឯណា ក្រៀក ទុក ឬ សង្គ្រោះ នូវ អានិសង្ស ទាំង ៥ យ៉ាង មិន ឱ្យ ទៅ ក្នុង ទី ដទៃ បាន ធម្មជាតិ នោះ ឈ្មោះ ថា កឋិន“ ។ កឋិន នេះ អាច ឱ្យ សម្រេច ដល់ បុគ្គល ទាំងពីរ ផ្នែក គឺៈ * ទាយក ឬ ទាយិកា គឺជា អ្នក ឱ្យ ។ ជន នោះ រមែង ទទួល អានិសង្ស ច្រើន ទទួល ផល ច្រើន ក្នុង អនាគតកាល មាន ការ ទទួល នូវ សម្បត្តិ ក្នុង ឋាន ទេវលោក ជាដើម ។ * បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជា អ្នកទទួល ក្រាលគ្រង និង អនុមោទនា កឋិន ត្រូវ បាន សម្រេច នូវ អានិសង្ស ៥ យ៉ាង ពេញលេញ គ្រប់គ្រាន់ ដរាប ដល់ រយៈកាល នៃ កឋិន ខេត្ត ។ ពិធី ដែល ទាយក-ទាយិកា នាំ យក សំពត់ កឋិន ទៅ ប្រគេន ចំពោះ ភិក្ខុសង្ឃ ដែល បាន គង់ ចាំវស្សា អស់ មួយ ត្រីមាស (៣ខែ) ក្នុង អាវាស (វត្ត) ណាមួយ និង នៅ ពេលណា មួយ ក្នុង កំណាត់ ២៩ ថ្ងៃ (ចាប់ពី ថ្ងៃ ១ រោច ខែ អស្សុជ រហូតដល់ ថ្ងៃ ១៥ កើត ពេញ បូណ៌មី ខែ កត្តិក) ឱ្យ លោក ក្រាលគ្រង មាន ឈ្មោះ ថា “បុណ្យកឋិន“ ឬ “កឋិនទាន“ ។ បុព្វហេតុ កឋិន វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បាន ចែង អំពី បុព្វហេតុ នៃ បុណ្យកឋិន ថា“ក្នុង សម័យ ពុទ្ធកាល ព្រះសម្ពុទ្ធ ទ្រង់ ពុទ្ធានុញ្ញាត ឱ្យ ភិក្ខុ ប្រើប្រាស់ តែ បង្សុកូល ចីវរ ព្រះអង្គ ពុំ ទាន់ បាន ពុទ្ធានុញ្ញាត ឱ្យ ប្រើ គហបតី ចីវរ នៅឡើយ“ ។ នា សម័យ មួយ នោះ នៅ ក្នុង រវាង មជ្ឈិម ពោធិកាល ព្រះសម្ពុទ្ធ ទ្រង់ កំពុងតែ ចាំ ព្រះវស្សា ក្នុង វត្តជេតពន ដែល ជា អារាម របស់ អនាថបិណ្ឌិកសេដ្ឋី សាង ថ្វាយ នៅ ទៀប ក្រុងសាវត្ថី ។ គ្រានោះ មាន ភិក្ខុ ៣០ អង្គ ”ភទ្ទវគ្គិយត្ធេរ“ ក្នុង ដែន បាឋេយ្យ ជា អ្នក ប្រព្រឹត្ត ធម៌ធុតុង្គ រុក្ខមូល នៅ ក្នុង ព្រៃ បាន នាំគ្នា និមន្ត ចេញពី ទីនោះ មកកាន់ ក្រុងសាវត្ថី ដើម្បី នឹង ចូល ក្រាបបង្គំគាល់ ព្រះសម្ពុទ្ធ ។ ប៉ុន្តែ ពេល ភិក្ខុ ទាំងអស់ បាន មកដល់ តែ ត្រឹម សាកេត (ភូមិ មួយ នៅ ជាប់នឹង ក្រុងសាវត្ថី) ស្រាប់តែ ថ្ងៃ ចូលវស្សា ក៏ មកដល់ នឹង ស្រូត មក ទៀត មិនទាន់ ក៏ នាំគ្នា ផ្អាក ធ្វើដំណើរ ស្វែងរក ទីសេនាសនៈ នៅ ចាំវស្សា ៣ ខែ នា ទីនោះ តែម្ដង ទៅ ។ ភិក្ខុសង្ឃ ទាំង ៣០ អង្គ នោះ មាន សេចក្ដី អផ្សុក កើតទុក្ខ តូច ព្រះទ័យ យ៉ាងខ្លាំង ដោយ គិត ឃើញ ថា ព្រះសម្ពុទ្ធ ទ្រង់ គង់នៅ ទីនោះ ចម្ងាយ ត្រឹមតែ ៦ យោជន៍ (៩៦ គីឡូម៉ែត្រ) ទៀត សោះ មិន សម យើង ទាំងឡាយ ស្កុន ដំណើរ មិនបាន ចូល គាល់ បម្រើ ព្រះអង្គ ដូច បំណង ។ លុះដល់ ថ្ងៃ ចេញវស្សា បវារណា ស្រេចហើយ ភិក្ខុ ទាំងអស់ ក៏ នាំគ្នា ប្រញាប់ប្រញាល់ ចូលកាន់ ក្រុងសាវត្ថី ។ លុះដល់ ហើយ ភិក្ខុ ទាំង ៣០ អង្គ ក៏បាន ចូល ទៅ ក្រាបថ្វាយបង្គំ គាល់ ព្រះសម្មាសម្ពុទ្ធ ដោយ មាន ស្បង់ ចីវរ ទទឹក ជោក ។ ព្រះសម្ពុទ្ធ ក៏ មាន ព្រះភាគ ទ្រង់ មាន ព្រះបន្ទូល រួសរាយ រាក់ទាក់ និង ត្រាស់ សួរសុខទុក្ខ ភិក្ខុ ទាំងនោះ ថា “ម្នាល ភិក្ខុ ទាំងឡាយ! តើ សរីរយន្ត របស់ អ្នក ទាំងឡាយ ល្មម អត់ សង្កត់ បាន ឬ ទេ ? ល្មម ប្រព្រឹត្ត ទៅ បាន ឬ ទេ ? តើ អ្នក ទាំងឡាយ មាន សេចក្ដី ព្រមព្រៀង ស្មោះស្មើ ឥតមាន វិវាទ ទាស់ទែង គ្នា ទេ ឬ ?“ ។ ភិក្ខុ ទាំងឡាយ នោះ ក៏ ក្រាបបង្គំទូល នូវ សេចក្ដី លំបាក ខ្លាំង របស់ ខ្លួន ក្នុង ការ ធ្វើដំណើរ ដែល មាន មក តាម ផ្លូវ ដោយ សព្វគ្រប់ ប្រការ ។ លំដាប់នោះ ព្រះសម្មាសម្ពុទ្ធ សម្ដែង នូវ ធម្មកថា ប្រារព្ធ អំពី សង្សារវដ្ដ មិន មាន ទីបំផុត ប្រោស ប្រទាន ដល់ ភិក្ខុ ទាំងនោះ ។ លុះ ចប់ ធម៌ ហើយ ភិក្ខុ ទាំងឡាយ នោះ បាន សម្រេច ព្រះអរហត្ត ផល គ្រប់ៗ អង្គ រួច ហើយ ក៏ នាំគ្នា ក្រាបថ្វាយបង្គំលា ព្រះសម្ពុទ្ធ ចៀសចេញទៅ ។ លំដាប់ តអំពីនោះមក ព្រះសម្ពុទ្ធ ទ្រង់ ព្រះពុទ្ធ ចិន្ដា ថា “ប្រសិនបើ តថាគត បាន អនុញ្ញាត នូវ កឋិនត្ថារកិច្ច ដល់ ភិក្ខុ ទាំងឡាយ ទុក រួចពី គ្រា មុន មក ម៉្លេះ សម ភិក្ខុ ទាំង ៣០ អង្គ នេះ បាន លះ ចីវរ មួយ ទុក នៅ កន្លែង ហើយ យក ជាប់ មក ជាមួយ ខ្លួន តែ ស្បង់ មួយ ប៉ុណ្ណោះ មាន អត្ថិភាព ស្រាល មិន លំបាក តាម ផ្លូវ យ៉ាង នេះ សោះឡើយ ។ រីឯ កឋិនត្ថារកិច្ច នេះ សោត ព្រះពុទ្ធ ទាំងឡាយ គ្រប់ ព្រះអង្គ ក៏ ធ្លាប់ បាន អនុញ្ញាត ទុក ដល់ សាវក ពុំ ដែល លះបង់ ផង“ ។ លុះ ព្រះសម្ពុទ្ធ ទ្រង់ ព្រះតម្រិះ យ៉ាង ដូច្នេះ ហើយ ទើប ទ្រង់ ត្រាស់ ឱ្យ ប្រជុំ ភិក្ខុ ទាំងឡាយ រួចហើយ ទ្រង់ អនុញ្ញាត នូវ កឋិនត្ថារកិច្ច ដល់ ភិក្ខុ ទាំងឡាយ ថា “អនុជានាមិ ភិក្ខវេវស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“ ។ ប្រែថា “ម្នាល ភិក្ខុ ទាំងឡាយ! តថាគត អនុញ្ញាត ឱ្យ ភិក្ខុ ទាំងឡាយ ដែល នៅ ចាំវស្សា រួចហើយ ទទួល ក្រាលគ្រង កឋិន បាន ។ ម្នាល ភិក្ខុ ទាំងឡាយ! អានិសង្ស ៥ ប្រការ នឹង សម្រេច ដល់ ភិក្ខុ ទាំងឡាយ ដែល ជា អ្នក បាន ក្រាលគ្រង និង បាន អនុមោទនា កឋិន រួចហើយ នោះ“ ។ កឋិនកាល (កាលទាន) ចីវរ កឋិន មិន ខុសប្លែក គ្នា អំពី ចីវរ ទាន ដទៃ ទៀត ទេ គ្រាន់តែ ការ ធ្វើ បុណ្យកឋិន ចីវរ មាន កំណត់កាល បរិច្ឆេទ ច្បាស់លាស់ និង មាន ប្រជាប្រិយភាព ច្រើន ដែល ហៅថា “កឋិនកាល ឬ កាលទាន“ ។ ព្រះសម្ពុទ្ធ ទ្រង់ ពុទ្ធានុញ្ញាត ឱ្យ ភិក្ខុសង្ឃ ទទួល ស្បង់ចីវរ អំពី ពុទ្ធបរិស័ទ និង គហបតី ទាំងឡាយ ក្នុង ពេល មួយ ខែ កំណត់ ពី ថ្ងៃ ១ រោច ខែ អស្សុជ ដល់ ថ្ងៃ ១៥ កើត ពេញបូណ៌មី ខែ កត្តិក (ការ រវាង ពាក់កណ្ដាល ខែ តុលា ដល់ ពាក់កណ្ដាល ខែ វិច្ឆិកា ) ។ ព្រះសម្ពុទ្ធ ទ្រង់ ព្រះ មេត្តា ប្រោស អនុញ្ញាត ដល់ ភិក្ខុសង្ឃ ជា អ្នក ក្រាលគ្រង និង អនុមោទនា កឋិន នោះ បាន ទទួល អានិសង្ស ៥ ប្រការ ។ ជន មាន សទ្ធា ដែល បាន ធ្វើ កឋិនទាន ឈ្មោះ ថា ជា អ្នក បាន គោរព នូវ ព្រះពុទ្ធដីកា ដែល ទ្រង់ បាន ពុទ្ធានុញ្ញាត ឱ្យ ភិក្ខុសង្ឃ បាន ទទួល អានិសង្ស ៥ ប្រការ ផង ជា អ្នក មាន ចិត្ត អាណិត អាសូរ ចំពោះ ភិក្ខុសង្ឃ ដែល បាន គង់ ចាំវស្សា អស់ ត្រីមាស នោះ ផង និង ជា អ្នក ត អាយុ ព្រះពុទ្ធសាសនា អស់ កាល ជា យូរ អង្វែង ទៅ ផង ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ សម្ដែង ជា គាថា យ៉ាង នេះ ថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“ ។ ប្រែថា “ជន ដ៏ មាន ប្រាជ្ញា (ណាមួយ) បាន ធ្វើ នូវ សេចក្ដី សុខ ស្រួល (ដល់ អ្នកដទៃ) ជន នោះ ឯង រមែង បាន ជួបប្រទះ នឹង សេចក្ដី សុខ ស្រួល (ជា ពិតប្រាកដ ពុំ ដែល ខាន ឡើយ)“ ។ សេចក្ដីអធិប្បាយ ជា យ៉ាង នេះ ថា “ជន ណា បាន ធ្វើ កឋិនទាន ដែល នាំ ឱ្យ ភិក្ខុសង្ឃ បាន ទទួល នូវ អានិសង្ស ៥ យ៉ាង ក្នុង រវាង ៥ ខែ បាន ឈ្មោះ ថា ជា អ្នក ឱ្យ សេចក្ដី សុខ ស្រួល ដល់ អ្នកដទៃ ក្នុង បច្ចុប្បន្ន ជាតិ ជន នោះ ឯង តែង បានសុខ ក្នុង មនុស្សលោក និង ទេវលោក ក្នុង អនាគត ។ ដោយ អំណាច ផលានិសង្ស នៃ កឋិន នោះ ក្នុង អនាគតកាល ជន នោះ នឹង បាន ជា ឯហិភិក្ខុ មាន ត្រៃចីវរ កើតឡើង ឯកឯង ដោយ ឫទ្ធិ នៅ ពេល បព្វជ្ជា ជា បព្វជិត នៅ ក្នុង សាសនា ព្រះពុទ្ធ អង្គ ណាមួយ ហើយ ក៏ នឹង បានសម្រេច មគ្គផល និព្វាន ក្នុង ពេល បព្វជ្ជា នោះ ពុំខាន ឡើយ“ ។ តាំងពី ពេលនោះ តរៀងមក បុណ្យកឋិន បាន ក្លាយជា បុណ្យ ទំនៀម មួយ របស់ ពួក ពុទ្ធបរិស័ទ ដើម្បី បំពេញ នូវ សេចក្ដី ត្រូវការ ស្បង់ចីវរ ដ៏ វិសេស នេះ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment