Wednesday, April 26, 2017

សកម្មជន​សិទ្ធ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំនៅកម្ពុជា ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ Martin Ennals Awared 2017

សកម្មជន​សិទ្ធ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ គណៈកម្មការពានរង្វាន់ «Martin Ennals» ដែលមានការចូលរួម ពីអង្គការអន្តរជាតិធំៗ ចំនួន១០ នៅ​លើ​ពិភពលោក បាន​សម្រេចប្រគល់​ពាន​រង្វាន់ សម្រាប់ឆ្នាំនេះ ទៅឲ្យសកម្មជន​សិទ្ធិ​មនុស្ស​៧រូប ក្នុង​​នោះ​​មាន​ សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ ៤រូប និង​មន្ត្រី គ.ជ.ប ខ្មែរ​មួយ​រូប ដែលកំពុង​ជាប់​ឃុំឃាំង នៅ​ក្នុង​ពន្ធនាគារ​ព្រៃស សព្វ​ថ្ងៃ​នេះ។ វត្ថុបំណង នៃពានរង្វាន់ គឺជាការទទួលស្គាល់ ពីកិច្ច​ការងារ របស់​ក្រុម​សកម្មជន​​សិទ្ធិ​មនុស្ស​ទាំង​នោះ ដែល​ពោរពេញ​ដោយ​ហនិភ័យ និងជួយ​ការពារ​ពួកគេ ពី​ការ​ចាប់ចង ដោយ​អយុត្តិធម៌ ។ Freethe5kh៖ ការងាររបស់ពួកគេ ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ ខណៈ​ការ​ឃុំ​ខ្លួន​ពួក​គេ ត្រូវ​បាន​ធ្វើ​ឡើង​​យ៉ាងអយុត្តិធម៌ ដោយហេតុតែពួកគេ បានបំពេញការងារសិទ្ធិមនុស្ស តែ​ប៉ុណ្ណោះ។ នេះ​ ជា​ការ​អះអាង នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​នៅថ្ងៃទី ២៦ ខែមេសានេះ របស់​គណៈកម្មការ​ពាន​រង្វាន់ «Martin Ennals» នៅក្នុង​ប្រទេស​ស្វីស ដែលចូលរួមធ្វើការ​វិន្និច្ឆ័យ ដោយអង្គការ​អន្តរជាតិ​ធំៗ ចំនួន​១០ នៅ​លើ​ពិភពលោក (ឈ្មោះអង្គការទាំងនោះ មានដាក់ជូន នៅខាងក្រោម)។ សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ «ស្ថាប័នអន្តរជាតិជាច្រើន ដូចយ៉ាងក្រុម​ការងារ​​ទទួល​​បន្ទុក​ផ្នែក​​ ការ​​ឃុំឃាំង​មនុស្ស ដោយគ្មាន​​ការជំនុំជម្រះ និងអ្នករាយការណ៍​ពិសេស [ពីបញ្ហា​សិទ្ធិ​មនុស្ស នៅកម្ពុជា] របស់​​អង្គការ​​សហប្រជាជាជាតិ បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សុំឲ្យមានការ​ដោះលែង​ពួកគេ ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ស្ថាប័នទាំងនោះ ថែមទាំងស្នើសុំ ឲ្យបញ្ឈប់នូវរាល់​ការ​តាម​យាយី ដោយ​ប្រព័ន្ធ​តុលាការ ដែល​ក្រុម​អ្នក​ធ្វើការ ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា តែង​រង​គ្រោះ ដោយសារតែ​ពួកគេបានធ្វើ​ការងារ​​ស្រប​ច្បាប់ ផ្នែក​សិទ្ធិមនុស្ស តែប៉ុណ្ណោះ។»។ អត្ថបទរបស់គណៈកម្មាការនោះ បានស្រង់សំដីលោក ធន់ សារាយ ប្រធានសមាគម អាដហុក ក្នុងនាម​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ ទាំង​ប្រាំ​រូប មកនិយាយ​ដែរ​ថា៖ «វាជាកិត្តិយសធំធេង​ណាស់ ដែលសកម្មជន​​ការពារ​​សិទ្ធិមនុស្ស ​ទាំង៥រូប បានឈ្នះ​​ដើម្បីទទួល​​​ពាន​រង្វាន់​​នេះ។ ថ្ងៃ២៨ ខែមេសាខាងមុខ គឺជា​ខួប​​មួយឆ្នាំ នៃ​ការ​ចាប់​ឃុំ​ពួកគេ ដោយ​គ្មាន​ការជំនុំជម្រះ។ (...) ពានរង្វាន់​នេះ ជានិមិត្តរូប​ដ៏សំខាន់ ដើម្បីលើក​ទឹកចិត្ត ទៅ​ដល់​​បណ្ដា​ជន​ខ្មែរ​ទាំងអស់ ដែល​កំពុង​បន្ត​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​អយុត្តិធម៌ និងបន្ត​ការពារ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា។»។ » ព័ត៌មានបន្ថែម អាចរកបាននៅទីនេះ (ជាភាសាអង់គ្លេស និងបារាំង) ព្រះសង្ឃ លួន សុវាត ធ្លាប់ឈ្នះពានរង្វាន់នេះ នៅឆ្នាំ២០១២ សូមជម្រាបជូនថា ពានរង្វាន់ «Martin Ennals» ជាកិច្ចសហប្រតិបត្តិការួមគ្នា តែមួយ រវាងអង្គការអន្តរជាតិ​ធំៗ ​ចំនួន​១០ នៅក្នុងពិភពលោក ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពានរង្វាន់នេះ ដែលធ្វើឡើងជារៀង​រាល់​ឆ្នាំ មាន​ទិស​ដៅ ដើម្បី​អះអាង​ជា​ថ្មី ពីកិច្ចការ​ប្រកប​ដោយ​ហនិភ័យ របស់ក្រុម​អ្នកធ្វើកិច្ចការ ដើម្បីវិស័យ​សិទ្ធិ​មនុស្ស ​នៅ​លើ​ពិភពលោក និង​ដើម្បី​ការពារ​ពួកគេ។ កាលពីឆ្នាំ២០១២ ព្រះសង្ឃ លួន សូវាត ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​ដែរ។ អង្គការ​អន្តរជាតិ ទាំង១០នោះ ដែល​បាន​ចូលរួម ក្នុងការវិន្និច្ឆ័យ​ជ្រើសរើស អ្នក​ឈ្នះ​ពាន​រង្វាន់នេះ រួម​មាន៖ - Amnesty International - Human Rights Watch - Human Rights First - FIDH – Fédération internationale des droits de l’homme - Organisation mondiale contre la torture - Front Line Defenders - Commission internationale de juristes - EWDE Germany - Service international pour les droits de l’homme - HURIDOCS រីឯអ្នកឈ្នះទទួលពានរង្វាន់ «Martin Ennals» ទាំង៧រូប សម្រាប់ឆ្នាំ២០១៧នេះ រួមមាន៖ - មន្ត្រី គ.ជ.ប លោក នី ចរិយា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មកពីប្រទេស​កម្ពុជា - សកម្មជន​សិទ្ធិមនុស្សខ្មែរ ៤រូប គឺអ្នកស្រី លឹម មុន្នី - លោក យី សុខសាន្ត - លោក នី សុខា និង​លោក ណៃ វ៉ង់ដា មន្ត្រីរបស់សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក មកពីប្រទេសកម្ពុជា - អ្នកស្រី «Karla Avelar» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសសាលវ៉ាឌ័រ - លោក «Mohamed Zaree» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសអេហ្សីព។ ការប្រគល់ពានរង្វាន់ នឹងត្រូវធ្វើនៅថ្ងៃទី១០ ខែតុលាខាងមុខ ក្នុងពិធីមួយនាទីក្រុង ហ្សឺណែវ ប្រទេស​ស្វីស ​ដែល​​រៀបចំ​ឡើង ដោយគណៈកម្មការពានរង្វាន់ «Martin Ennals»៕ Read more at http://monoroom.info/news/post/7946#5gESI4z0HkQjPlBL.99

No comments:

Post a Comment