ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, February 21, 2017
យុវជន គង់ រ៉ៃយ៉ា ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស
ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ យុវជនដែលអំពាវនាវធ្វើបដិវត្តពណ៌ឈ្មោះ គង់ រ៉ៃយ៉ា ហៅ Soriya KoKo ត្រូវបានដោះលែងចេញពីពន្ធនាគាព្រៃសវិញហើយ បន្ទាប់ពីអនុវត្តទោសរួចរាល់ ចំនួន១៨ខែ ។
យុវជនឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន ដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ រូបគេត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៨ខែ។
មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួន ហើយឈានទៅដល់ការកាត់ទោសនេះ ដោយសារតែយុវជន គង់ រ៉ៃយ៉ា បានអំពាវនាវលើបណ្តាញសង្គមFacebook កាលពីដើមខែសីហា ឆ្នាំ២០១៥ ឱ្យប្រជាពលរដ្ឋខ្មែរចូលរួមធ្វើបដិវត្តពណ៌ជាមួយខ្លួន ។
យុវជន គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម facebook យ៉ាងដូច្នេះថា៖ «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»៕ បន្ទាប់ពីចេញពីពន្ធនាគារ យុវជន គង់ រ៉ៃយ៉ា បានប្តេជ្ញាខិតខំរៀនសូត្របន្តនិងនៅតែចូលរួមតស៊ូធ្វើការងារជួយសង្គមជាតិរឹងរិតតែខ្លាំងជាងមុនទៀត ដើម្បីសង្គមមានយុត្តិធម៌ មានការគោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ។ ទាក់ទិននិងការចោទប្រកាន់ពីតុលាការរឿងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍និងបទចោទប្រកាន់ពីរដ្ឋាភិបាលគណបក្សប្រជាជនថា ចង់ផ្តួលរំលំរដ្ឋាភិបាល ដោយការធ្វើបដិវត្តន៍ពណ៌ យុវជន គង់ រ៉ៃយ៉ា បានលើកឡើងថា នោះគ្រាន់តែជាសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការនិយាយតាមសំដីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាត់និយាយអំពីពាក្យបដិវត្តន៍ពណ៌នេះ ហើយ យុវជន គង់ រ៉ៃយ៉ា ដែលជានិស្សិតឆ្នាំទី១នៅសកលវិទ្យាល័យកំពុងសិក្សានៅក្រុងភ្នំពេញ បានយកពាក្យនេះទៅសួរលោកគ្រូថា តើពាក្យបដិវត្តន៍ពណ៌មានន័យដូចម្តេច ? ហេតុអីរដ្ឋាភិបាលខ្លាចពាក្យបដិវត្តន៍ពណ៌នេះខ្លាំងម៉្លេះ ? លោកគ្រូបានឆ្លើយប្រាប់ថា ពាក្យបដិវត្តន៍គឺជាការផ្លាស់ប្តូរ ពីអាក្រក់ឲ្យទៅល្អ ពីក្រឲ្យទៅមាន ពីនយោបាយដឹកនាំអវិជ្ជមាន ឲ្យទៅនយោបាយវិជ្ជមាន ជាដើម និយាយជារួមពាក្យថា បដិវត្តន៍គឺគ្មានអ្វីជាការខុសច្បាប់ក្នុងសង្គមប្រជាធិបតេយ្យទេ ។ ដោយសារតែយុវជន គង់ រ៉ៃយ៉ា ចង់ចេះចង់ដឹងនិងចង់ផ្លាស់ប្តូរពីអាក្រក់ឲ្យទៅល្អដូច្នេះហើយ ទើបយុវជនរូបនេះយកពាក្យនេះទៅបញ្ចេញមតិក្នុងបណ្តាញសង្គមFacebook ដូច្នោះនោះ ។
"Non-Violence Overcome All Obstacles"
Labels:
គង់ រ៉ៃយ៉ា,
បដិវត្តន៍ពណ៌
Subscribe to:
Post Comments (Atom)
No comments:
Post a Comment