Thursday, July 16, 2015

អង្គការសហប្រជាជាតិទទូចឲ្យព្រឹទ្ធសភាកម្ពុជាទម្លាក់ចោលច្បាប់គ្រប់គ្រងអង្គការសមាគមសហជីពសហគមន៍

មន្ត្រីផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទូចឲ្យព្រឹទ្ធសភាច្រានចោលនូវសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទើបបានអនុម័តកាលពីពេលថ្មីៗនេះ។ អង្គការសហប្រជាជាតិ យល់ឃើញថា ច្បាប់នេះនឹងគំរាមកំហែងដល់សេរីភាព និងឯករាជភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លើកឡើងថា ពួកគេនឹងមិនចូលរួមប្រជុំអនុម័តច្បាប់នោះទេ បើវាមិនមានការកែប្រែ ខណៈដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា អះអាងថា ពួកគេនឹងពិនិត្យឲ្យជាក់លាក់ឡើងវិញ។ វាមិនទាន់យឺតពេលនៅឡើយទេក្នុងការសើរើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នេះ គឺជាការលើកឡើងរបស់ លោក ម៉ៃណា គីអៃ (Maina Kiai) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងក្នុងការបង្កើតសមាគម ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៥ កក្កដា ពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) លោក ម៉ៃណា គីអៃ ស្នើឲ្យព្រឹទ្ធសភាច្រានចោលទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ដែលមន្ត្រីអង្គការសហប្រជាជាតិ រូបនេះអះអាងថា គឺជាច្បាប់ដែលមិនឆ្លើយតបទៅនឹងបទដ្ឋានច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសទៅលើសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការសមាគម។ លោក ម៉ៃណា គីអៃ កត់សម្គាល់ថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តឲ្យប្រើប្រាស់មែននោះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការដើម្បីពង្រឹងការគោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ អាចនឹងត្រូវបានគេបិទមាត់ និងផ្ដន្ទាទោស។ លើសពីនេះ វាក៏នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការចូលរួមរបស់ពលរដ្ឋកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសពួកគេតាមបែបលទ្ធិប្រជាធិបតេយ្យផងដែរ។ នេះ គឺជាលើកទី២ ហើយដែលមន្ត្រីផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រូបនេះ បានចេញសេចក្តីថ្លែងការណ៍រិះគន់ខ្លឹមសារ និងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល។ លោក ម៉ៃណា គីអៃ នៅតែទទូចឲ្យមានការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយជាមួយអង្គការសង្គមស៊ីវិល ជុំវិញសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ លោក ម៉ៃណា គីអៃ មានប្រសាសន៍ថា តម្លាភាព ការចូលរួម និងគណនេយ្យភាព គឺជាកត្តាសំខាន់មួយនៃដំណើរការធ្វើច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យ។ បច្ចុប្បន្ន កម្ពុជា មានអង្គការសង្គមស៊ីវិលសរុបប្រមាណ ៥ពាន់ កំពុងធ្វើសកម្មភាពរបស់ខ្លួន។ ដោយឡែករបាយការណ៍របស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដែលបានសិក្សាអំពីការរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា បង្ហាញថា នៅឆ្នាំ២០១២ ក្នុងចំណោមអង្គការជាង ១.៣០០នៅកម្ពុជា អង្គការទាំងនេះបានអនុវត្តគម្រោងប្រហែល ៤ពាន់ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១លាន ៣សែននាក់ ជាពិសេសតាមរយៈការងារក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលកសិកម្ម សុខភាពសត្វ សុខាភិបាល អាហារូបត្ថម្ភ ជំងឺអេដស៍ និងសិទ្ធិកុមារ។ សង្គមស៊ីវិលទាំងនេះ បានប្រើប្រាស់មូលនិធិប្រហែលពី ៦០០ ទៅ ៧០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ និងបានផ្តល់ការងារដោយផ្ទាល់ដល់មនុស្សប្រហែល ៤ម៉ឺន ៣ពាន់នាក់។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមអង្គការសង្គមស៊ីវិលដែលសម្របគម្រោងរបស់ខ្លួនជាមួយនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ចំនួន៣ ដែលអង្គការសង្គមស៊ីវិលបានរួមចំណែកសំខាន់បំផុត គឺការលុបបំបាត់ភាពក្រីក្រ ភាពអត់ឃ្លានធ្ងន់ធ្ងរ ការជួយសម្រេចឲ្យបាននូវសកលកម្មអប់រំមូលដ្ឋាន ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ ក្រៅពីអង្គការសហប្រជាជាតិ សភាសហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើច្បាប់ឲ្យស្របទៅនឹងគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋ ដែលមានចែងក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិនានាដែលកម្ពុជា ជាភាគី។ ចំពោះសេចក្តីព្រាងច្បាប់ស្ដីពីអង្គការសមាគមវិញ សហភាពអឺរ៉ុប ដែលជាដៃគូផ្តល់ជំនួយអភិវឌ្ឍធំជាងគេរបស់កម្ពុជា បានទទូចឲ្យរដ្ឋាភិបាលទម្លាក់ច្បាប់នេះចោលតែម្តង ហើយព្រមានថា កម្ពុជា អាចបាត់បង់លុយប្រមាណពី ៦០០ ទៅ ៧០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំក្នុងផ្នែកអភិវឌ្ឍន៍ នៅពេលសេចក្តីព្រាងច្បាប់នេះត្រូវបានគេអនុម័តមែននោះ ចំណែកខាងគណបក្សប្រឆាំង ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏បានសម្ដែងការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់មួយនេះ។ សង្គមស៊ីវិលលើកឡើងថា សេចក្តីព្រាងច្បាប់នេះ រំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិនានា ហើយបានទទូចឲ្យព្រឹទ្ធសភា ពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃច្បាប់នេះលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ និងឲ្យព្រឹទ្ធសភាបដិសេធច្បាប់នេះទាំងស្រុងតែម្តង។ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា លោក អ៊ុក ប៊ុនឈឿន។ លោកឲ្យដឹងនៅថ្ងៃទី១៦ កក្កដា ថា សេចក្តីព្រាងច្បាប់ដែលត្រូវបានសមាជិកសភាគណបក្សប្រជាជនកម្ពុជា អនុម័តកាលពីថ្ងៃទី១៣ កក្កដា ត្រូវបានរដ្ឋសភាបញ្ជូនទៅកាន់ព្រឹទ្ធសភារួចហើយ។ លោកថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្រោមការពិនិត្យរបស់គណៈកម្មការទី៤ នៃព្រឹទ្ធសភា ជាមុនសិន។ លោក អ៊ុក ប៊ុនឈឿន មិនទាន់អាចកំណត់បាននៅឡើយទេថា តើសេចក្តីព្រាងច្បាប់នេះនឹងត្រូវព្រឹទ្ធសភាប្រជុំអនុម័តនៅពេលណានោះ។ ទាក់ទងនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល ដែលស្នើឲ្យព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់នេះ លោក អ៊ុក ប៊ុនឈឿន ឆ្លើយតបថា គេត្រូវពិនិត្យមើលវាជាមុនសិន៖ «ទាល់តែគណៈកម្មការទី៤ រៀបចំស្រួលបួលធ្វើរបាយការណ៍ច្បាស់លាស់ បានខ្ញុំចូលរួមប្រជុំជាមួយ ដើម្បីដាក់ជូនទៅព្រឹទ្ធសភាពេញអង្គ។ យើងនឹងធ្វើការពិនិត្យឲ្យជាក់លាក់ឡើងវិញ តើយើងសម្រេចយ៉ាងម៉េចនៅពេលដែលយើងពិនិត្យរួចហើយ ពេលនេះយើងអត់ទាន់បានជួបគ្នា»។ យ៉ាងណាក៏ដោយ លោក អ៊ុក ប៊ុនឈឿន មានប្រសាសន៍ថា ព្រឹទ្ធសភាអាចមិនមានការរៀបចំឲ្យមានសិក្ខាសាលាពិគ្រោះយោបល់សាធារណៈដូចនៅរដ្ឋសភានោះឡើយ ចំណែកសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា លោក ហុង សុខហួរ វិញ មានប្រសាសន៍ថា សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នឹងធ្វើពហិការមិនចូលរួមប្រជុំដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះឡើយ ប្រសិនបើច្បាប់នេះមិនមានការកែប្រែអ្វីសោះនោះ៖ «យើងបានជជែកគ្នាដែរ ដោយសារយើងយល់ថាច្បាប់នេះ គឺជាច្បាប់ដែលរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលជាទូទៅ យើងបានស្នើថា ឲ្យគណៈកម្មការទី៤ សិក្សា ហើយស្តាប់យោបល់អង្គការសង្គមស៊ីវិលឲ្យបានច្រើន ដើម្បីជាគំនិតនៅក្នុងការត្រិះរិះ ពិចារណា ថាតើព្រឹទ្ធសភាយើងគួរអនុម័តច្បាប់នេះ ឬក៏បញ្ជូនទៅរដ្ឋសភាឲ្យសិក្សាម្តងទៀត»។ យ៉ាងណាក៏ដោយ លោក ហុង សុខហួរ មិនទាន់ដឹងថា តើសមាជិកព្រឹទ្ធសភារបស់បក្សប្រឆាំង អាចតស៊ូមតិបានជោគជ័យប៉ុណ្ណានោះទេ ដោយសារតែសំឡេងរបស់បក្សប្រឆាំងនៅព្រឹទ្ធសភា តិចជាងគណបក្សប្រជាជនកម្ពុជា។ ព្រឹទ្ធសភាកម្ពុជា មានសមាជិកសរុប ៦១នាក់ ក្នុងនោះ ៤៦រូប ចេញមកពីគណបក្សប្រជាជនកម្ពុជា និង ១១រូប ចេញមកពីគណបក្ស សម រង្ស៊ី តាមរយៈការបោះឆ្នោតអសកល ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ចំណែក ២រូបផ្សេងទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ ប៉ុន្តែដោយសារសំឡេងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មានលើសពីពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល ដូច្នេះវាមិនមែនជាឧបសគ្គអ្វីនោះទេ ប្រសិនបើសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ចង់ឲ្យសេចក្តីព្រាងច្បាប់នេះចេញរួច។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងនៅមានឱកាសប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបកស្រាយពីធម្មនុញ្ញភាពរបស់សេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីព្រឹទ្ធសភាអនុម័តរួច ប៉ុន្តែដោយសារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង ៩រូប ភាគច្រើនចេញមកពីគណបក្សកាន់អំណាចនោះ គេពុំសូវមានក្តីរំពឹងថា សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ មិនអាចចេញរួចនោះឡើយ។ ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងហើយថា ពួកគេនឹងមិនបោះឆ្នោតឲ្យគណបក្សនយោបាយណា ដែលបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះឡើយ ។ https://www.facebook.com/venerablesovathloun/videos/531443270337532/ "Non-Violence Overcome All Obstacles"

No comments:

Post a Comment