Tuesday, June 2, 2015

កម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់បំផុតផ្នែកនីតិរដ្ឋនៅក្នុងតំបន់ប្រចាំឆ្នាំ២០១៤-២០១៥

កម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់បំផុតផ្នែកនីតិរដ្ឋនៅក្នុងតំបន់
Alice Cuddy ភ្នំពេញ ប៉ុស្តិ៍ Tue, 2 June 2015
=====================
ភ្នំពេញៈ កម្ពុជាមានពិន្ទុមិនល្អក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ដែលត្រូវចេញផ្សាយនៅថ្ងៃនេះ ដែលជាសន្ទស្សន៍វាយតម្លៃនីតិរដ្ឋសម្រាប់ប្រទេសចំនួន ១០២ ដោយកំណត់កម្ពុជាជាប់លេខ ៩៩ និងចំណាត់ថ្នាក់អាក្រក់បំផុតនៅក្នុងតំបន់។
សន្ទស្សន៍នីតិរដ្ឋរបស់គម្រោងយុតិ្តធម៌ពិភពលោក ដែលផ្អែកលើការស្ទង់មតិជាមួយនឹងមនុស្សសាមញ្ញ និងអ្នកជំនាញក្នុងប្រទេស កំណត់ចំណាត់ថ្នាក់ ប្រទេសនានា ដោយផ្អែកលើសូចនាករសំខាន់ៗទាំងប្រាំបីរួមមានការកំហិតលើអំណាចរដ្ឋាភិបាល អវត្តមាននៃអំពើពុករលួយ និងការអនុវត្តច្បាប់។
ចំពោះកត្តាទាំងអស់ ដែលបានវាស់វែង កម្ពុជាទទួលបានពិន្ទុអាក្រក់បំផុត នៅក្នុងតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលប្រទេសដទៃទៀត ក៏ត្រូវបានកំណត់ចំណាត់ថ្នាក់ផងដែរ គឺរួមមាន មីយ៉ាន់ម៉ា វៀតណាម និងម៉ុងហ្គោលី។
របាយការណ៍បានកត់សម្គាល់ថា សារៈសំខាន់នៃនីតិរដ្ឋប្រកបដោយប្រសិទ្ធភាពដែលរដ្ឋាភិបាលត្រូវទទួលខុសត្រូវ គឺសិទិ្ធជាមូលដ្ឋានត្រូវបានការពារ ប្រព័ន្ធតុលាការមានឯករាជភាព មិនអាចមើលស្រាលបានឡើយ។
របាយការណ៍បានបន្តថា៖ «នៅពេលដែលនីតិរដ្ឋទន់ខ្សោយ ថ្នាំព្យាបាលមិនអាចទៅដល់មណ្ឌលសុខភាព អំពើហិង្សាព្រហ្មទណ្ឌ ពុំត្រូវបានត្រួតពិនិត្យ ច្បាប់ត្រូវបានអនុវត្តមិនស្មើភាពគ្នាក្នុងសង្គម និងពុំមានការវិនិយោគបរទេសឡើយ»។ «នីតិរដ្ឋដែលមានប្រសិទ្ធភាព ជួយកាត់បន្ថយអំពើពុករលួយ លើកកម្ពស់សុខភាពសាធារណៈ ពង្រឹងវិស័យអប់រំ កាត់បន្ថយភាពក្រីក្រ និងការពារមនុស្សពីភាពអយុត្តិធម៌ និងគ្រោះថ្នាក់ធំតូច»។
ប្រទេសដែលមានពិន្ទុអាក្រក់ជាងកម្ពុជា ក្នុងសន្ទស្សន៍នោះ គឺប្រទេសហ្ស៊ីមបាវ៉េ អាហ្វហ្គានីស្ថាន និងវ៉េណេស៊ុយអេឡា។
ចំពោះឧទាហរណ៍នៃការខកខានក្នុងការអនុវត្តនូវនីតិរដ្ឋ របាយការណ៍ បានបង្ហាញថា ក្នុងចំណោមអ្នកឆ្លើយសំណួរ ១០០០ នាក់ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងកំពង់ចាម មានចំនួន ២៨ ភាគរយជឿជាក់ថា នគរបាលធ្វើសកម្មភាពតាមច្បាប់ ចំនួន ៣០ ភាគរយ ជឿជាក់ថា នគរបាលគោរពសិទ្ធិជាមូលដ្ឋានរបស់ជនសង្ស័យ និង ២២ ភាគរយ ជឿជាក់ថា នគរបាលត្រូវបានដាក់ទោសចំពោះការរំលោភច្បាប់។
ប្រទេសកម្ពុជា ដែលកាលពីឆ្នាំមុន បានជាប់ចំណាត់ថ្នាក់ទី ៩១ និង ៩៩ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ លើផ្នែក «សណ្ដាប់ធ្នាប់ និងសន្តិសុខ» ដែលពិន្ទុ ៧២ នៅតែពិន្ទុល្អបំផុត ហើយវិស័យ «យុត្ដិធម៌ស៊ីវិល " កម្ពុជានៅពីក្រោយប្រទេសដទៃទៀតដែលបានស្ទង់មតិ។
លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានថ្លែងថា លោកមិនមានការភ្ញាក់ផ្អើលទេ ចំពោះ ចំណាត់ថ្នាក់មិនល្អ នេះ ក្នុងវិស័យទាំងនោះដោយលោកបានគូសបញ្ជាក់ពីគុណវិបត្តិជាច្រើនក្នុងប្រព័ន្ធយុត្តិធម៌។
លោកថ្លែងថា៖ «កម្ពុជាមិនទាន់មានប្រព័ន្ធតុលាការឯករាជ្យទេ។ ចៅក្រមមិនមានអព្យាក្រឹតភាព មិនឯករាជ្យ»។
លោក សំអឿន បានលើកឡើងថា «រឿងនយោបាយ» នៃតុលាការកម្ពុជាកង្វះ មូលនិធិ និងចំណេះដឹងវិទ្យាសាស្រ្ត សម្រាប់ការធ្វើកោសល្យវិច័យ និងការខកខានក្នុងការអនុវត្តច្បាប់ជាឧបសគ្គចម្បងចំពោះនីតិរដ្ឋក្នុងប្រទេសនេះ។ «អំពើពុករលួយគឺជាឧបសគ្គមួយផងដែរ។ អំពើពុករលួយកើតមានឡើងគ្រប់ទីកន្លែង»។
ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានច្រានចោលការរកឃើញនៃសន្ទស្សន៍នេះ ដោយលោកទទូចថា ការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានគេធ្វើឡើង ដើម្បីអនុវត្តនីតិរដ្ឋ។
ទោះជាយ៉ាងណា លោកបានបដិសេធដោយមិនឆ្លើយតបទៅនឹងក្តីកង្វល់មួយចំនួន ដែលបានលើកឡើងក្នុងរបាយការណ៍នេះទេ។
លោកថ្លែងថា៖ «គេគ្មានអ្វីទេ គ្មានសារដែលសំខាន់ទេ។ តើអ្នកអាចធ្វើការប្រៀបធៀបប្រទេសដទៃជាមួយនឹងប្រទេសកម្ពុជាដោយរបៀបណា?»៕ TK


Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment