Thursday, May 7, 2015

នយោបាយឆ្មានិងកណ្តុរប្រើវប្បធម៌សន្ទនាគ្នា







តើជានយោបាយឬនយោបោក ??? ( វគ្គ Tom&Jerry ) វប្បធម៌សន្ទនាគ្នារវាងឆ្មានិងកណ្តុរដោយឆ្មាប្រាប់កណ្តុរឲបិទមាត់ហើយកណ្តុរប្រាប់ឆ្មាកុំឲចាប់កណ្តុរស៊ីតទៅទៀត
=========អត្ថបទ តុង សុប្រាជ្ញPhnom Penh post
ការប្រៀបដូចរឿង តុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) ទៅនឹងនយោបាយស្រុកខ្មែរសព្វថ្ងៃ ដែលវគ្គទី ១ មុនការបោះឆ្នោត ឆ្មាចូលរន្ធមិនរួចក៏នៅចាំតែមុខរន្ធនោះ ឲ្យតែកណ្តុរនោះហ៊ានចេញមកគឺចាប់ធ្វើបាបមួយឆ្អែតតែម្តង។ ចូលដល់វគ្គទី ២ បន្ទាប់ពីបោះឆ្នោតសកល និងប្រកាសលទ្ធផលរួចហើយ តែជាប់គាំងនយោបាយស្តូកមិនបានសម្តែងភាពស្មោះត្រង់ដើម្បីជាតិទេ។

មកដល់វគ្គទី ៣ នៃសាច់រឿងគឺវគ្គចរចាតាមទូរស័ព្ទ។ វគ្គទី ៤ ឆ្មា និងកណ្តុរត្រូវគ្នាវិញ៖ ២០១៨ គឺជាការប្រកួតគ្នាដ៏ស្រួចស្រាល់។ វគ្គទី ៥ កណ្តុរចាញ់បោកឆ្មា រឿងភាពមិនច្បាស់លាស់របស់សមាជិកទី ៩ នៃ គ.ជ.ប។

ឥឡូវនេះចូលដល់វគ្គទី ៦ ឆ្មាធ្វើឫកងឿកចង់បែកចិត្តពីកណ្តុរបន្ទាប់ពី «វប្បធម៌សន្ទនា» ទើបតែបង្កើត ហេតុអ្វីបានជាឆ្មាចូលចិត្តងក់ងរម្ល៉េះ? បន្ទាប់ពីហ្នឹងមកឆ្មា និងកណ្តុរនឹងធ្វើអ្វីទៀត? បន្តវប្បធម៌សន្ទនាតទៅទៀតឬ? បើបន្តតែឆ្មាហាមក្រុមកណ្តុររិះគន់ តើការរិះគន់ និងការជេរប្រមាថដូចគ្នា ឬក៏ខុសគ្នា? ចំណុចត្រូវបញ្ជាក់ឲ្យបានច្បាស់ដើម្បីបន្តវប្បធម៌សន្ទនាតទៅទៀត និងចៀសវាងគ្រោះថ្នាក់នៃការសន្ទនា។

តើកណ្តុរធ្វើបក្សប្រឆាំងយ៉ាងដូចម្តេច បើឆ្មាមិនឲ្យរិះគន់? ថាតើវាអាចប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិដែរឬទេ?

ការដែលចាប់ផ្តើមវប្បធម៌សន្ទនា (Dialogue) របស់ថ្នាក់ដឹកនាំបក្សទាំង ២ គឺគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិមិនទាន់បានរឹងប៉ឹងស្រួលបួលផងចង់បែកចិត្តពីគ្នា ដោយសារតែនៅមានទម្លាប់លេងល្បែងឆ្មា និងកណ្តុរដាក់អន្ទាក់គ្នានោះហើយសុទ្ធតែដឹងរបៀបខ្លះមុនដូចគ្នាគឺមិនបានសម្តែងសេចក្តីស្មោះត្រង់អំពីការផ្សះផ្សាជាតិទេ។ គោលបំណងរបស់ឆ្មាក្នុងការសន្ទនានោះគឺចង់កេងរបៀបបំបែកគូបក្ខដិបក្ខដដែលៗដែលធ្លាប់តែឈ្នះបំបែកតាំងខ្មែរក្រហម ការបំបែកគណបក្សលោកតា សឺន សាន គឺមានក្រុមលោក អៀង ម៉ូលី និងមានក្រុមលោក កឹម សុខា ដែលធ្វើឲ្យលោក កឹម សុខា ចាំក្នុងប្រវត្តិសាស្ត្រនយោបាយរបស់លោក ហើយកំពុងតែប្រយុទ្ធវាយបកវិញម្តងម្កាលយ៉ាងចាស់ដៃ។

រីឯ គណបក្ស ហ៊្វុន ស៊ិនប៉ិច វិញឲ្យរលាយសូន្យរកតែមួយកៅអីគ្មាន ហើយវិធីសាស្ត្រនេះនៅតែយកមកបន្តបំបែកគណបក្សសង្គ្រោះជាតិទៀត តាមវិធីក្តៅផង តាមវិធីត្រជាក់ផង។ រីឯគោលបំណងធំរបស់កណ្តុរវិញក្នុងការសន្ទនានេះគឺធ្វើយ៉ាងណាមានភាពទន់ភ្លន់ដើម្បីដោះទាំងសមាជិកសភា ទាំងសមាជិកសកម្មចេញពីពន្ធនាគារ ដោយសារកណ្តុរដឹងថាអន្ទាក់របស់ឆ្មាគឺនៅតុលាការហ្នឹងហើយ។ ព្រោះរាល់ដងលេងក្តៅដាក់មេផាយទៅក្រៅមិនចង់ទាន់គ្រាន់តែដកបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅក្រៅសង្វៀន ៤ ឆ្នាំទម្រាំបានចូលក្នុងស្រុកវិញ។

រីឯដៃគូរបស់កណ្តុរបែរជាក្រឡុកដុកដាន់ខ្លាចគេបំបែកចេញពីខ្លួន ហើយឆ្មា និងកណ្តុរត្រូវរ៉ូវគ្នាទាំងស្រុង អ៊ីចឹងចេះតែ ដុកដាន់ៗ ដុតលិចដុតកើតមិនឲ្យឆ្មា និងកណ្តុរសុខស្រួល ធ្វើឲ្យឆ្មាខឹងសម្បាយ៉ាងខ្លាំងថាឲ្យកណ្តុរប្រដៅកូនចៅផង បើមិនដូច្នេះទេវប្បធម៌សន្ទនាមិន អាចបន្តទៅមុខទៀតឬ? តែតាមការពិតថ្វីដ្បិតតែកណ្តុរជាមេបក្សមែន តែមិនមានសិទ្ធិគ្រប់គ្រងលើដៃគូរបស់ខ្លួនទេ ព្រោះវាជាដៃគូ អ៊ីចឹងហើយបានជាមិនអាចធ្វើឲ្យដៃគូកណ្តុរនៅស្ងៀមបានទេគឺបុករុករហូត។

តែផ្ទុយទៅវិញ ការលេងល្បែងនយោបាយរបស់កណ្តុរ និងដៃគូរបស់ខ្លួនក៏ថាបាន ឯចូលទៅទុកគ្នាចាំវាយឆ្មក់តាមផ្លូវ ព្រោះអ្នកទាំង ២ ដឹងថាឆ្មាកំពុងលួងកណ្តុរឲ្យចូលស៊ងដើម្បីក្របួចយកតែម្តងដូចរាល់ដង។ តែនៅពេលដែលដៃគូកណ្តុរក្រឡុកអ៊ីចឹងធ្វើឲ្យឆ្មាខឹងសម្បាច្រឡោតមករាលដាលដល់កាសែតទៀត មកបញ្ចេញកំហឹងជាសាធារណៈដែរ រីឯទូរទស្សន៍ និងកាសែតគាំទ្ររដ្ឋាភិបាលក៏ខំប្រឹងបន្ថែមល្បោយឲ្យកាន់តែក្តៅ ព្រោះលោកម្ចាស់បញ្ចេញកម្សួលកម្តៅហើយ។

បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងទៅលើវប្បធម៌សន្ទនារវាងកណ្តុរដែលទៅណាមកណាជាមួយគ្នានឹងឆ្មា មានតាំងសៀមរាបពេលចូលឆ្នាំ ដឹកដៃគ្នាទៅម៉ាឡេស៊ីទៀតដើម្បីគេមើលឃើញថាមានភាពស្និទ្ធស្នាលនឹងគ្នាណាស់ធ្វើឲ្យកណ្តុរចាញ់ បោកឆ្មាហើយក៏ដោយ ក៏វប្បធម៌សន្ទនានេះនៅមានលក្ខណៈវិជ្ជមានខ្លះដែរ។ ដូចជា បានដោះស្រាយទាំងសមាជិកសភា ទាំងសមាជិកសកម្មចេញពីពន្ធនាគារ ចេញដោយទាំងសកម្មជនអ្នកភូមិបឹងកក់ទៀតផង រីឯនៅថ្នាក់មូលដ្ឋានវិញក៏សកម្មជនបក្សទាំង ២ ពុំសូវចេញសាច់ដុំដាក់គ្នាដែរ រីឯអ្នករកស៊ីវិញក៏ធូរអារម្មណ៍បន្តិចដែរ។ តែក៏នៅ មានចំណុចអវិជ្ជមានខ្លះដែរ ដោយសារតែការកេងប្រវ័ញ្ចដាក់អន្ទាក់គ្នារៀងៗខ្លួន ហើយនឹងភាពមិនច្បាស់ក្នុងការធ្វើផែន ការរួមឬក៏សេចក្តីសម្រេចរួមណាមួយ ឬក៏ពេលវេលាកំណត់ណាមួយជាក់លាក់នោះទេ អ៊ីចឹងធ្វើឲ្យវប្បធម៌ការសន្ទនាឆ្មា និងកណ្តុរធ្វើឲ្យងាយប្រះស្រាំ ហើយឆ្មាឆាប់លោតជាងកណ្តុរបន្តិច និងបង្ហាញរឿងដែលគេមិនដឹងអ្នកទាំង ២ សោះក៏បញ្ចេញឲ្យគេដឹងដែរ។

ការបង្ហាញវប្បធម៌សន្ទនាដូចឆ្មា និងកណ្តុរបែបនេះ មិនត្រឹមត្រូវទៅតាមទ្រឹស្តីរបស់ការសន្ទនាដើម្បីផ្សះផ្សាជាតិនោះនៅឡើយទេ ហេតុដូចនេះហើយការសន្ទនាគួរតែភាគីទាំងសងខាងចាប់ផ្តើមស្តាប់រឿងរ៉ាវរៀងៗខ្លួន ហើយស្វែងយល់ពីមូលហេតុ និងផលឲ្យបានស៊ីជម្រៅ បើមិនសូវច្បាស់គឺសួរបញ្ជាក់បន្ថែម ហើយបើកចិត្តឲ្យទូលាយប្រាប់នូវរឿងរ៉ាវពិតៗដែលកើតមាននៅលើភាគីទាំងសងខាងដើម្បីឈាន ទៅរកការកសាងសន្តិភាពទាំងកាយទាំងវាចា ទាំងចិត្តទាំងសហគមន៍ ទាំងនយោបាយ និងទាំងសង្គមជាតិទាំងមូល មិនមែនមានន័យថាឲ្យតែអត់សង្គ្រាមគឺសន្តិភាពនោះទេ។

តាមពិតទៅការសន្ទនានេះគួរតែបន្តទៅទៀត តែបើមើលទៅមិនមានការអភិវឌ្ឍនោះទេ គឺភាគីទាំង ២ អាចចាប់ផ្តើមស្វែងរកការផ្សះផ្សា (Mediation) ដើម្បីផ្សារភ្ជាប់ភាគីបដិបក្ខទាំង ២ ឲ្យគោរព និងអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ ដោយសារស្រុកខ្មែរយើងសម្បូរទៅដោយអ្នកតស៊ូមតិ តែពុំសូវមានអ្នកជំនាញខាងផ្សះផ្សាទេ ហើយបើមានអ្នកផ្សះផ្សាដែលជាភាគីទី ៣ នៅកណ្តាលក៏មានទម្លាប់រំឭកគុណណូបការៈរបស់ខ្លួន ឬក៏មោទនភាពពេក ធ្វើឲ្យប៉ះពាល់ភាគីទាំង ២ ពិបាកទទួលយក។

ឧទាហរណ៍ដូចករណី លោកស្រី ពុង ឈីវកេក ធ្លាប់បានដើរតួជាអ្នកផ្សះផ្សារវាងសម្តេចឪ ព្រះសីហនុ និងលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការអញ្ជើញអ្នកទាំង ២ មកទទួលទានអាហារពេលល្ងាចនៅផ្ទះលោកស្រីនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅមុនកិច្ចព្រមព្រៀងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១។ ករណីលោកស្រី ពុង ឈីវកេក នេះ បានណែនាំឲ្យលោកទាំង ២ ជួបជជែកគ្នា ដែលជាការចាប់ផ្តើមដ៏ល្អ ក្នុងការឲ្យជួបគ្នាដើម្បីឈានទៅរកការផ្សះផ្សាគ្នាតែមិនទាន់ពេញលេញទៅតាមបច្ចេកទេសជាអ្នកផ្សះផ្សា នៅឡើយទេ។

ជាសរុបមកវិញ មេដឹកនាំគណបក្សទាំង ២ គួរណាស់តែសិក្សាទៅលើប្រទេសណាដែលគេមានបទពិសោធ និងបានជោគជ័យក្នុងការសន្ទនាគ្នា និងការផ្សះផ្សារួមជាតិ ដូចនៅខេត្តអាចេ (Aceh) នៃប្រទេសឥណ្ឌូនេស៊ី ជាជាងលេងល្បែងដាក់អន្ទាក់គ្នាកេងប្រវ័ញ្ចនយោបាយគ្នាទៅវិញទៅមក ដូចតុក្កតាឆ្មា និងកណ្តុរនោះ៕
http://www.postkhmer.com/%E1%9E%9C%E1%9E%B7%E1%9E%97%E1%9E%B6%E1%9E%82%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98/%E1%9E%9C%E1%9E%82%E1%9F%92%E1%9E%82%E1%9E%91%E1%9E%B8%E1%9F%A6-tom-%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%AB%E1%9E%80%E1%9E%84%E1%9E%BF%E1%9E%80%E1%9E%85%E1%9E%84%E1%9F%8B%E1%9E%94%E1%9F%82%E1%9E%80%E1%9E%85%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%96%E1%9E%B8-jerry
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment