អ្នកនាំពាក្យពន្ធនាគារព្រៃស ចោទប្រកាន់ស្ត្រីបឹងកក់៣នាក់ដែលរបួសធ្ងន់ដោយការបោកក្បាលលើជញ្ជាំងថាជាការរៀបចំទុក
*********************04,04,2015 RFI
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានហៅសកម្មភាពនៃអំពើកូដកម្មឈានទៅដល់ការបោកក្បាលរបស់សកម្មជនបឹងកក់បីរូប ដែលកំពុងជាប់ឃុំនៅពន្ធនាគាព្រៃសរថា អាចជាការរៀបចំបង្កើតឡើង ក្នុងគោលបំណង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណៈមតិខាងក្រៅ។ ប៉ុន្តែស្វាមីរបស់អ្នកស្រី ទេព វណ្ណី សកម្មជនអ្នកភូមិបឹងកក់បញ្ជាក់ថា កូដកម្មដែលឈានទៅដល់ការបោកក្បាលទៅនឹងជញ្ជាំង គឺដើម្បីបញ្ជាក់ថា អ្នកភូមិបឹងកក់ជាអ្នកស្អាតស្អំ។
ព័ត៌មាននៃបាតុភាពដែលបានកើតឡើង នៅក្នុងពន្ធនាគាព្រៃសរ កាលពីរសៀលថ្ងៃសុក្រទី៣មេសា ដោយសកម្មជនអ្នកភូមិបឹងកក់បីនាក់បានរងរបួសបែកក្បាលនោះ នៅមិនទាន់បញ្ចប់នៅឡើយទេ ដោយភាគីនីមួយៗបានបកស្រាយផ្ទុយគ្នា។
គួររំលឹកជូនថា កាលពីរសៀលថ្ងៃសុក្រទី៣មេសាម្សិលម៉ិញ សកម្មជនអ្នកភូមិបឹងកក់បីរូបដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរ គឺអ្នកស្រី ទេព វណ្ណី, អ្នកស្រី គង់ ចន្ថា, និងអ្នកនាង បូ ឆវី បានធ្វើកូដកម្មដោយការបោកក្បាលរបស់ខ្លួនឯងទៅនឹងជញ្ជាំងថ្ម ដែលបណ្តាលអោយបែកក្បាលហូរឈាម ក្នុងនោះ អ្នកស្រី គង់ ចន្ថា របួសធ្ងន់ជាងគេ ហើយត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រឺមន្ទីរពេទ្យរូស្ស៊ី ដើម្បីព្យាបាល។
ក្រោយហេតុការណ៍នេះភ្លាម អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា បានចេញសេចក្តីពន្យល់ថា ជនជាប់ឃុំជាស្ត្រីនៅមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) ទាំង៣រូប បានរបួសបែកក្បាល ដោយសារតែពួកគេបានឡើងលើរបងសុវត្ថិភាពដែលមានកម្ពស់១,៥ម៉ែត្រ ហើយបានទម្លាក់ខ្លួនចុះមកបោកនឹងថ្ម បណ្តាលឱ្យរងរបួសបែកក្បាល។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានចាត់ទុកថា ហេតុការណ៍នេះ អាចជាការរៀបចំឡើង ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណៈមតិខាងក្រៅ ហើយថា ពុំមានអំពើហឹង្សា ឫទារុណកម្មណាមួយ បានកើតឡើងទៅលើពួកគេនោះទេ។
អំពើហិង្សា ឬទារុណកម្ម ពិតជាមិនបានកើតឡើងមែន ក៍ប៉ុន្តែដើមចមនៃការឈានទៅដល់ការធ្វើកូដកម្មដោយបោកក្បាលទៅនឹងជញ្ជាំងថ្មនេះ មិនត្រូវបានបញ្ជាក់នោះឡើយ។
បើតាមលោក អ៊ូ គង់ជា ស្វាម៉ីអ្នកស្រី ទេព វណ្ណី ដែលបានចូលជួបភរិយានិងអ្នករងរបួសទាំងពីរ កាលពីព្រឹកថ្ងៃសៅរិ៍ទី៤មេសា មុនមានហេតុការណ៍នេះ អ្នកទោសជាច្រើនបានខឹងសម្បារទៅនឹងឆ្មាំគុកពីរនាក់ ដែលបានចាក់សោរទ្វារមិនអោយពួកគេចេញមកក្រៅដើម្បីទទួលពន្លឺថ្ងៃដូចសព្វមួយដង។ ហេតុផលត្រូវបានឆ្មាំគុកទាំងពីរបញ្ជាក់ថា គឺមកពីអ្នកទោសជាអ្នកបឹងកក់។ លឺដូចនេះ អ្នកទោសជាអ្នកភូមិបឹងកក់មិនសុខចិត្តទេ ដោយបាននាំគ្នាបោកក្បាលទៅនឹងជញ្ជាំងថ្ម ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកគេ។
លោក អ៊ូ គង់ជា បញ្ជាក់ថា តាមពិតទៅ មិនមែនមកពីបញ្ហាអ្នកភូមិបឹងកក់នេះទេ ដែលធ្វើ អោយឆ្មាំគុកចាក់សោទ្វារមិនអោយចេញមកក្រៅនោះ តែមកពីឆ្មាំគុកទាំងពីរមានទំនាស់ផលប្រយោជន៍ រឿងលក់ដូរនៅក្នុងពន្ធនាគាប៉ុណ្ណោះ។
សូមបញ្ជាក់ថា កន្លងទៅ អ្នកទោសជាអ្នកភូមិបឹងកក់ក៍ធ្លាប់ធ្វើកូដកម្មបង្អត់អាហារខ្លួនឯងដែរ ដើម្បីបញ្ជាក់ថា ពួកគេមិនមានទោសពៃនោះទេ។
យ៉ាងណាក៍ដោយ ក្រុមអ្នកច្បាប់អង្គការសិទ្ធិមនុស្ស លីកាដូ បានអះអាងថា ពួកគេនឹងបើកការស៊ើបអង្កេតលើរឿងនេះ នៅសប្តាហ៍ក្រោយ៕
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment