សមត្ថកិច្ចចំរុះចុះរុះរើវាយកំទេចផ្ទះប្រជាពលរដ្ឋសហគមន៍អូដំរីខេត្តព្រះសីហនុអស់ជាង៥០ខ្នង
**********VOD 19,03,2015
ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ លើកឡើងថា ផ្ទះរបស់ពួកគេប្រមាណជា៥០ខ្នងត្រូវបានអាជ្ញាធរចុះរុះរើ ដោយប្រើប្រាស់សាលដីកាគ្មានកាលបិរច្ឆេទពិតប្រាកដ ព្រមទាំងមិនបានជូនដំណឺងជាមុន ។
ពលរដ្ឋម្នាក់ដែលផ្ទះរបស់គាត់រងការរុះរើ លោក សេង ឌីណា ប្រាប់ VOD ថា នៅព្រឹកថ្ងៃទីព្រហស្បតិ៍នេះកម្លាំងសមត្ថកិច្ចចម្រុះជិត១០០នាក់ បានចុះមករុះរើផ្ទះរបស់ប្រជាពលរដ្ឋប្រមាណជា៥០ខ្នងក្នុងសហគមន៍អូរដំរី ក្នុងសង្កាត់អូត្រេះ ខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ ។ លោកថា ការចុះរុះរើនោះធ្វើឡើងលើដីកំពុងមានទំនាស់ ហើយសាលដីកាដែលយកអនុវត្តនោះមិនមានកាលបរិច្ឆេទច្បាស់លាស់ និងមិនបានបិទប្រកាសឲ្យដឹងជាមុន ។
លោក សេង ឌីណា បន្ថែមថាដីរបស់ពួកលោករស់នៅមាន ការទទួលស្គាល់ពីសង្កាត់ថាជារបស់ប្រជាពលរដ្ឋ ប៉ុន្តែក្រោយមកមានជំទាវម្នាក់រស់នៅរាជធានីភ្នំពេញឈ្មោះ វណ្ណារី និង លោក ពុន សារឿន ដែលបានអះអាងថា ដីនោះជាដីរបស់ពួកគេ ។ លោកថា ក្រោយមកមានការប្តឹងផ្ដល់គ្នារវាងពលរដ្ឋ និងជំទាវរូបនោះ តែពលរដ្ឋមិនបានទទួលព័ត៌មានជាក់លាក់ណាមួយពីការការអនុវត្តបណ្តឹងនោះទេ ។ លោកមានប្រសាសន៍ថា «ប្រជាពលរដ្ឋខ្ញុំបានធ្វើផ្លូវ ធ្វើសាលាឆទាន បានធ្វើដល់វត្តអារាមទៀត មានអាជ្ញាធរទទួលស្គាល់ទៀត មានអភិបាលស្រុក គណធម្មការអីគេទទួលស្គាល់ ហើយប្រជាពលរដ្ឋមានបានបោះឆ្នោតគ្រប់អាណត្តិដែរហ្នឹងណា... គេឃុបឃិតគ្នានាំកម្លាំងប៉ូលិស ប៉េអឹមមានអីហ្នឹង មកហើយ ហើយមករុះរើផ្ទះប្រជាពលរដ្ឋ ហើយយកសាលដីកាគ្មានខែថ្ងៃអីមក» ។
លោក ម៉ន ស៊ីណា អះអាងថា ផ្ទះប្រជាពលរដ្ឋនៅក្នុងសហគមន៍អូរដំរីនេះត្រូវបានអាជ្ញាធរធ្វើការរុះរើចំនួនបីដងមកហើយ ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ឈាប សុធារី មានប្រសាសន៍ថា ការចុះរុះរើផ្ទះប្រជាពលរដ្ឋនៅព្រឹកនេះដឹកនាំដោយអភិបាលខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រន់ និងមន្ត្រីតុលាការមួយចំនួនទៀត ។ អ្នកស្រីថា ករណីចុះរុះរើនេះមានភាពមិនប្រក្រតី ដោយសារពលរដ្ឋអះអាងថា កន្លងមកពលរដ្ឋមិនបានចូលរួមសវនាការ ហើយមិនបានទទួលព័ត៌មានណាមួយជាក់លាក់មិននឹងមានការចុះមករុះរើនោះទេ ។
អ្នកស្រីមានប្រសាសន៍ថា «ហើយប្រជាពលរដ្ឋនៅនឹងរាល់ថ្ងៃគេមិនដែលបានដឹងថាគេប្ដឹងគាត់ផងហ្នឹង រហូតដល់ស្ថាពរអីណាប្រជាពលរដ្ឋមិនដែលបានផ្ដិតមេដៃទទួលសម្រង់សាលក្រមស្ថាពរអីផងហ្នឹង ហើយបើនិយាយអំពីនីតិរដ្ឋប្បវេណី សាលក្រមស្ថាពររឿងនីតិវិធីរដ្ឋបវេណីត្រូវយកទៅដល់ដៃចុងចម្លើយ ឲ្យចុងចម្លើយទទួលណា បានគេគិតថាទុកពេលឲ្យប៉ុន្មានខែទើបផុតពេលប្ដឹងទៅឧទ្ធរណ៍ ប្ដឹងទៅអាស្រ័យជាន់ខ្ពស់ ហ្នឹងទើបបានគេគិតឲ្យសាលក្រមហ្នឹងស្ថាពរ ហើយនិយាយទៅប្រជាពលរដ្ឋអត់ដែលបានទទួលបានសម្រង់សាលក្រមហ្នឹងផង» ។
អ្នកស្រី ឈាប សុធារី បន្ថែមថា នៅព្រឹកនេះដែរអភិបាលរងខេត្ត រួមទាំងមន្ត្រីតុលាការទាំងនោះបានសម្រួលដោះស្រាយជាមួយពលរដ្ឋដោយសន្យាថា នឹងចែកដីទីនោះឲ្យពលរដ្ឋក្នុងមួយគ្រួសារប្រវែង៥ម៉ែត្រគុណនឹង៣០ម៉ែត្រ រួមនិងប្រាក់មួយលានរៀល សម្រាប់ផ្ទះដែលមានម្ចាស់នៅ ហើយចំពោះផ្ទះណាដែលម្ចាស់មិននៅអាជ្ញាធរនឹងមិនផ្ដល់សំណងនេះឲ្យឡើយ ។ អ្នកស្រីថា ការសម្រួលដោយផ្តល់ដី និងប្រាក់នេះត្រូវបានពលរដ្ឋខ្លះទទួលយក និងខ្លះទៀតមិនព្រមទទួល ខណៈដែលផ្ទះទាំងនោះត្រូវបានអាជ្ញាធររុះរើអស់ទៅហើយ ។
VOD មិនអាចទាក់ទងសុំការបំភ្លឺពីអភិបាលរងខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រន់ បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល ។
បើតាមពលរដ្ឋអះអាងថា ពលរដ្ឋក្នុងសហគមន៍បាននាំគ្នាមកកាប់ឆ្ការដីនេះតាំងពីឆ្នាំ១៩៩០មក ហើយតំបន់នេះមានការទទួលស្គាល់ពីអាជ្ញាធរនៅឆ្នាំ១៩៩៩ ដោយដាក់ឈ្មោះថាក្រុមប្រាំ ។ ហើយនៅឆ្នាំ២០០០ អាជ្ញាធរមូលដ្ឋានបានចុះស្រង់ស្ថិតិមានចំនួនប្រជាពលរដ្ឋមាន១៨០គ្រួសារ ដោយដីនោះមានការទទួលស្គាល់ត្រឹមត្រូវពីសង្កាត់ ៕
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment