មាស សុខសោភា គាំទ្រលោកអាឡិច មិនពាក់ព័ន្ធរឿងនយោបាយនិងប្រឆាំងរដ្ឋាភិបាលទេ
******************អត្ថបទVOD,23,02,2015
ទោះជាសាររបស់មាស សុខសោភា មានន័យគាំទ្រឲ្យលោកអាឡិច សកម្មជនការពារព្រៃឈើនៅតំបន់អារ៉ែង ត្រូវគេមើលឃើញថាមានន័យប្រឆាំងនឹងរាជរដ្ឋាភិបាល ក៏អ្នកនាំពាក្យរបស់តារាស្រីរូបនេះប្រាប់ថា សារនោះមិនពាក់ព័ន្ធនយោបាយឡើយ។ សាររបស់នាងមានន័យពញាក់អារម្មណ៍មហាជនយ៉ាងខ្លាំង ដើម្បីឲ្យអនុប្រធានអង្គការចលនាមាតាធម្មជាតិរូបនេះ ទទួលបានសិទ្ធិជ្រកកោណនៅកម្ពុជាបន្តទៀត ផ្ទុយនឹងការទាមទាររបស់រាជរដ្ឋាភិបាល។
ក្នុងអំឡុងខែកុម្ភៈនេះ ករណីលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលជាសកម្មជនការពារព្រៃឈើនៅតំបន់អារ៉ែង ត្រូវគេកត់សម្គាល់ថាបានឡើងកម្តៅកាន់តែខ្លាំង បន្ទាប់រដ្ឋាភិបាលកម្ពុជាសម្រេចមិនបន្តទិដ្ឋាការឲ្យលោកស្នាក់នៅកម្ពុជា និងកំណត់ឲ្យចេញពីប្រទេសកម្ពុជាឲ្យខានតែបាន។ នៅលើបណ្ដាញហ្វេសប៊ុក មានការបញ្ចេញមតិជំទាស់យ៉ាងផុលផុស តបទៅកាន់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល បន្ថែមពីលើការដាក់ញត្តិស្នើឲ្យមានការអន្តរាគមន៍ពីរដ្ឋសភា និងពីព្រះមហាក្សត្រខ្មែរដែលបានធ្វើឡើង។ ក្រៅពីមហាជនជាសាមញ្ញជន កញ្ញាមាស សុខសោភា ដែលជាតារាល្បីឈ្មោះមានឥទ្ធិពលម្នាក់ បានចេញមុខគាំទ្រឲ្យលោកបន្តរស់នៅកម្ពុជាបន្តទៀត ដើម្បីឲ្យលោកបានបន្តសកម្មភាពការពារតំបន់ព្រៃអារ៉ែង ដែលប្រឈមនឹងការបំផ្លាញ បើមានការអភិវឌ្ឍន៍ជាទំនប់វារីអគ្គីសនីនៅតំបន់នោះដូចការគ្រោងទុក។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់មាស សុខសោភា នាងបានសរសេរជាភាសាអង់គ្លេសថា«Allex Thank you! Hopefully you stay in our kingdom forever!! Mother Nature Cambodia» ដែលមានន័យថា «អរគុណ អាឡិច! សង្ឃឹមយ៉ាងមុតមាំថា អ្នក(អាឡិច) នឹងរស់នៅក្នុងរាជាណាចក្ររបស់យើងជានិរន្តតទៅ»។
សារមួយឃ្លារបស់នាង បង្ហាញឆន្ទៈយ៉ាងច្បាស់ថា នាងជំទាស់នឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលចង់ឲ្យសកម្មជនព្រៃឈើរូបនេះចេញឲ្យផុតពីកម្ពុជា។ នេះជាសាររសើបមួយថ្មី ដែលមានន័យប្រឆាំងចំពោះរាជរដ្ឋាភិបាល បន្ទាប់ពីកន្លងមកនាងក៏បានចេញមុខដាំដុះដើមឈើនៅតំបន់ឱរ៉ាល់ ដែលមានចម្រូងចម្រាសរវាងប្រជាសហគមន៍ និង ក្រុមហ៊ុនទទួលសិទ្ធិអភិវឌ្ឍន៍ ធ្វើឲ្យមានការបារម្ភពីសុវត្ថិភាពរបស់នាងម្ដងទៅហើយ។ ទង្វើចុះការពារព្រៃ និងសារគាំទ្រលោកអាឡិចចុងក្រោយនេះ មានមហាជនភាគច្រើនកត់សម្គាល់ថា មាស សុខសោភា ជាតារាចម្រៀងល្បីលំដាប់ប្រទេសទី១ ដែលហ៊ានបញ្ចេញទស្សនៈផ្ទុយពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលផ្ទុយពីបរិបទរបស់តារាល្បីភាគច្រើននៅកម្ពុជា។
យ៉ាងណាក៏ដោយ លោក មាស សុខរតនៈ បងប្រុសរបស់នាងប្រាប់ថាអ្វីដែលនាងធ្វើឡើងមិនមែនជារឿងនយោបាយ ឬដើម្បីគាំទ្រគណបក្សណាមួយនោះទេ ពោលគឺជាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោកនិយាយថា អ្វីដែលមាស សុខសោភាធ្វើ ទាំងការចុះដាំដើមឈើ ទាំងការចុះបំបួសដើមឈើ បូករួមទាំងការបង្ហោះសារចុងក្រោយនេះ មិនមានន័យប្រឆាំងចំពោះរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែត្រឹមតែមានន័យឆ្លុះបញ្ចាំងពីទស្សនៈក្នុងនាមជាពលរដ្ឋម្នាក់។ លោកនិយាយថា«ខ្ញុំមិនទាន់ដឹងថាប្អូនខ្ញុំសរសេរសារអ្វីខ្លះទាក់ទងនឹងលោកអាឡិចហ្នឹងទេ ប៉ុន្តែពួកខ្ញុំអត់មានពេលគិតរឿងនយោបាយទេ ខ្ញុំមិនទាន់ដឹងថាអាភាគាំទ្រអាឡិចហ្នឹងដើម្បីអ្វីដែរ ប៉ុន្តែខ្ញុំនៅតែអះអាងថា ប្អូនខ្ញុំធ្វើអ្វីមិនមានពាក់ព័ន្ធរឿងនយោបាយ ឬប្រឆាំងអ្នកណាអីទេ!»។
មាស សុខសោភា បានបិទទូរស័ព្ទ បន្ទាប់ពីបានបង្ហោះសារ ហើយមានការចែកចាយទូលំទូលាយពេញបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញ។ ប៉ុន្តែយោងតាមការបញ្ជាក់ក្នុងវេទិកាថតបទចម្រៀងរបស់ផលិតកម្មរ៉ៃមាសកាលពីដើមខែកុម្ភៈ នាងអាងថា អ្វីដែលនាងធ្វើឡើងមិនមានទំនោរទៅរកគណបក្សប្រឆាំង ឬប្រឆាំងចំពោះអ្នកណានោះទេ សំខាន់គឺគ្រាន់តែមានបំណងជួយសង្គមប៉ុណ្ណោះ។ នាងបាននិយាយកាលពីពេលនោះថា «សម្រាប់ខ្ញុំអ្វីដែលអាចជួយសង្គមបាន ខ្ញុំនឹងលូកដៃ ចំណែករឿងគណបក្សខ្ញុំអត់ពាក់ព័ន្ធទេ!»។
http://vodhotnews.com/27563
Buddhism for Social ( Peace,Freedom,Human Rights,Justice )
No comments:
Post a Comment