សូមស្តាប់បទវិភាគRFA ! តើស្លឹកឈើអាចជ្រុះឆ្ងាយពីគល់បានដែរឬទេ ? អំនាចគ្រួសារនិយម បក្សពួកនិយមគឺជាអំនាចផ្តាច់ការ ៚
**********************
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានបញ្ចូលយុវជនជំនាន់ក្រោយ ដែលជាកូនចៅរបស់មេដឹកនាំនៃគណបក្សមួយចំនួនធំ ទៅក្នុងសមាសភាពគណៈកម្មាធិការកណ្ដាលនៃគណបក្សនេះ។ នេះ គឺជាការបញ្ចូលឈាមថ្មីដ៏គួរឲ្យកត់សម្គាល់មួយទៅក្នុងសរសៃឈាមចាស់របស់គណបក្ស។
ក្នុងចំណោមសមាជិកថ្មីទាំង ៣០៦នាក់ មាន ៧០នាក់ គឺស្មើនឹង ២២ភាគរយ ជាសមាសភាពយុវជនដែលគេទើបបញ្ចូលថ្មី។
តើឈាមថ្មីនេះ អាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរល្បាយឈាមនៃគណបក្សប្រជាជនកម្ពុជា ដើម្បីជួយជំរុញឲ្យមានការកែប្រែស្ថានភាពនៃប្រទេសកម្ពុជា ឬទេ?
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពេលនេះមានអាយុ ៦២ឆ្នាំ ធ្លាប់បានប្រកាសប្រាប់ពិភពលោកថា លោកនឹងបន្តកាន់អំណាចរហូតដល់លោកមានអាយុ ៧៤ឆ្នាំក៏ដោយ ក៏លោកមិនអែអង់ក្នុងការដាក់បញ្ចូលកូនចៅរបស់លោក ទាំងកូនបង្កើត ទាំងកូនប្រសា ឲ្យត្រៀមខ្លួនទទួលតំណែងបន្តវេនទៅថ្ងៃមុខដែរ។
នេះជាការវិវឌ្ឍថ្មីមួយ ដែលអាចផ្តល់ពន្លឺនៃសេចក្តីសង្ឃឹមចំពោះអនាគតនៃប្រទេសកម្ពុជា ប្រសិនបើចរន្តឈាមថ្មីនៃគណបក្សប្រជាជនកម្ពុជា ទាំងនេះ ហូរខុសពីគន្លងចាស់នៃឪពុកម្ដាយរបស់គេ។ បើពិនិត្យមើលពីការសិក្សា យុវជនស្រករក្រោយរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានឪពុកម្ដាយរបស់គេយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបញ្ជូនឲ្យទៅរៀននៅសាលាបរទេសដ៏មានឈ្មោះល្បីនៅលើពិភពលោក។
លោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាឧទាហរណ៍ស្រាប់ បានទទួលការអប់រំក្នុងសាលាបានជ្រៅជ្រះជាងឪពុកម្ដាយរបស់ខ្លួនឆ្ងាយណាស់។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសភាយោធាអាមេរិក នៅសាលា វ៉េស ផ័ញត៍ (West Point) កាលពីឆ្នាំ១៩៩៩។ ប៉ុន្មានឆ្នាំក្រោយមក លោកក៏រៀនចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចមួយទៀតពីសាកលវិទ្យាល័យ ប្រីសស្តុល (the University of Bristol) នៃប្រទេសអង់គ្លេស។ កូនៗរបស់មេដឹកនាំគ្រាក់ៗរបស់គណបក្សប្រជាជនកម្ពុជា ដទៃទៀត ដែលពេលនេះត្រូវបានឪពុកម្ដាយចាប់បញ្ចូលក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ក៏បានទទួលការសិក្សាជាន់ខ្ពស់ពីប្រទេសលោកខាងលិចដែរ។
ក៏ប៉ុន្តែ បញ្ហាដែលគេឯងកំពុងរង់ចាំមើល គឺថា តើពួកគាត់អាចយកចំណេះវិជ្ជាដែលទទួលបានពីលោកសេរី មកអនុវត្តនៅកម្ពុជា បានប៉ុណ្ណា ប្រសិនបើពួកលោកមានឱកាសបានឡើងកាន់អំណាចបន្តវេនពីឪពុកម្ដាយរបស់ខ្លួន?
ប្រាកដណាស់ គេមិនអាចសន្និដ្ឋានទុកជាមុនឲ្យបានជាក់ច្បាស់ថា ពួកគាត់នឹងដើរតាមគន្លងចាស់របស់ឪពុកម្ដាយ ឬក៏យ៉ាងណានោះទេនៅពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ បើពិនិត្យមើលលំនាំនៃការស្នងអំណាចបន្តពីឪពុកទៅកូននៃរបបផ្ដាច់ការមួយចំនួន ដូចជានៅប្រទេសកូរ៉េខាងជើង ជាដើម ពួកកូនៗរបស់គេបានដើរតាមលំអានរបស់ឪពុកស្ទើរតែទាំងស្រុង នៅពេលដែលបានទទួលកេរអំណាចពីឪពុករបស់ខ្លួន។
ត្រកូល គីម នៃប្រទេសកូរ៉េខាងជើង ជាឧទាហរណ៍ បានកាន់អំណាច រួចផ្ទេរអំណាចបន្តគ្នាបីជំនាន់ហើយមកទល់នឹងពេលនេះ។ នៅពេលដែល លោក គីម អ៊ីលស៊ុង (Kim Il Sung) ស្លាប់បាត់ទៅនៅឆ្នាំ១៩៩៤ កូនប្រុសរបស់លោក គឺលោក គីម ជុងអ៊ីល (Kim Jung Il) ឡើងស្នងតំណែងបន្ត។ គីម ជុងអ៊ីល មគ្គុទ្ទេសក៍ដ៏មហិមានៃប្រទេសដ៏មហាផ្ដាច់ការមួយនេះ បានបន្តនយោបាយជិះជាន់គាបសង្កត់ប្រជាជនខ្លួនឯង និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មិនខុសអ្វីបន្តិចពីការដឹកនាំរបស់ឪពុករបស់លោកឡើយ។
បន្ទាប់ពី លោក គីម ជុងអ៊ីល ស្លាប់ទៅនៅចុងឆ្នាំ២០១១ គីម ជុងអ៊ុន (Kim Jung Un) ជាកូនប្រុស បានឡើងសោយរាជ្យបន្តនៅក្នុងនគរកុម្មុយនីស្តមួយនេះដូចការគ្រោងទុក។ ខុសពីជីតា និងឪពុករបស់ខ្លួន គីម ជុងអ៊ុន ធ្លាប់បានទទួលការសិក្សានៅប្រទេសស្វីស។ ក៏ប៉ុន្តែ គួរឲ្យសោកស្ដាយ គីម ជុងអ៊ុន បានបន្តការគ្រប់គ្រងប្រទេសកូរ៉េខាងជើង តាមបែបផ្ដាច់ការនិយម ដូចគ្នាទៅនឹងការដឹកនាំរបស់ឪពុក និងជីតារបស់លោកដែរ។ មិនត្រឹមតែដូចក្នុងការដឹកនាំទេ សូម្បីសក់ក្បាល ក៏ គីម ជុងអ៊ុន ចម្លងម៉ូតតាមបុព្វបុរសរបស់លោកទាំងពីរនាក់ មិនឲ្យខុសគ្នាបន្តិចណាឡើយ។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានកត់សម្គាល់ថា គីម ជុងអ៊ុន បន្តរក្សាគោលនយោបាយជិះជាន់គាបសង្កត់ទាំងឡាយរបស់ឪពុកលោកដោយគ្មានសំចៃដៃ។ គ្រាន់តែបានឡើងអង្គុយកាន់អំណាចមិនទាន់ទាំងក្តៅកៅអីផង គីម ជុងអ៊ុន បានធ្វើឲ្យពិភពលោកព្រឺព្រួច ដោយចាប់ពូថ្លៃរបស់ខ្លួន គឺលោក ហ្សាង សុងតេក (Jang Song-taek) ដែលជាមនុស្សមានអំណាចទីពីរក្នុងប្រទេស យកទៅបាញ់ចោលភ្លាម។ ក្រៅពីនេះ គីម ជុងអ៊ុន កំពុងបន្តអនុវត្ត និងពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលជាមរតកបន្សល់ពីជីតា និងឪពុករបស់ខ្លួន ដើម្បីគំរាមកំហែងពិភពលោកដោយគ្មានក្រែងរអា។
តាមពិត លោក គីម ជុងអ៊ុន ត្រូវបាន លោក គីម ជុងអ៊ីល ជាឪពុកដាក់បញ្ចូលទៅក្នុងជួរអ្នកដឹកនាំ ដើម្បីត្រៀមខ្លួនកាន់អំណាចបន្តពីលោកតាំងតែពីលោកនៅមានជីវិតម្ល៉េះ។ លោក គីម ជុងអ៊ីល បានបំពាក់ផ្កាយបួនឲ្យកូនប្រុស គីម ជុងអ៊ុន របស់លោក។ មិនតែប៉ុណ្ណោះទេ លោកបានដូរឆ្នាំកំណើត គីម ជុងអ៊ុន ពីកើតនៅឆ្នាំ១៩៨៣ ឬឆ្នាំ១៩៨៤ ឲ្យមកជាកើតនៅឆ្នាំ១៩៨២ វិញ។ លោកជឿថា ឆ្នាំកំណើតដែលខាងចុងមានលេខ២ គឺជាឆ្នាំដែលមានប្រផ្នូលល្អ និងមានបុណ្យបារមី ត្បិតលោកឪពុក គីម អ៊ីលស៊ុង ដែលត្រូវជាជីតារបស់ គីម ជុងអ៊ុន និងជាឪពុករបស់លោក កើតក្នុងឆ្នាំ១៩១២ ឯខ្លួនលោកផ្ទាល់ ក៏កើតក្នុងឆ្នាំ១៩៤២ ដែរ។
ស្ថានភាពស្រដៀងគ្នានេះ កំពុងកើតឡើងនៅកម្ពុជា។ នៅពេលដែលកំពុងកាន់អំណាចពេញដៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពាក់ផ្កាយឲ្យកូនប្រុសរបស់លោកមួយហើយមួយទៀត ស្ទើរស្រោចស្មាទៅហើយ។ បន្ថែមលើនេះ លោកធ្លាប់បានថ្លែងប្រាប់គេឯងថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត អាចជាកូនអ្នកតាអញ្ចាញកោះថ្ម ដែលអ្នកភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម ជឿថា មានបារមីខ្លាំងពូកែ។ លោកអះអាងទៀតថា ការដែលលោកហ៊ានសន្និដ្ឋានបែបនេះ ត្បិតពេលដែលកូនប្រុសលោកចាប់កំណើត មានពន្លឺចែងចាំងមួយហោះចេញពីដើមពោធិ៍នៃខ្ទមអ្នកតាអញ្ចាញកោះថ្មនោះ រំលងផ្ទះរបស់លោក។
ការសិក្សាមួយរបស់សាកលវិទ្យាល័យ ប្រីហ្គឹម យ៉ាំង (Brigham Young University) នៃសហរដ្ឋអាមេរិក បានឲ្យដឹងថា ឥទ្ធិពលរបស់គ្រួសារទៅលើកូន មានខ្លាំងជាងការអប់រំនៅសាលា។ ចាស់បុរាណខ្មែរ ក៏តែងតែពោលដែរថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេ។ ប្រសិនបើទ្រឹស្ដីស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នេះ នៅតែត្រូវក្នុងបរិយាកាសសង្គមខ្មែរនាសម័យបច្ចុប្បន្ន យុវជនស្រករថ្មីរបស់គណបក្សប្រជាជនកម្ពុជា ប្រហែលជាអាចនឹងដើរតាមគន្លងចាស់របស់ឪពុកម្ដាយគេ ដែលគេធ្លាប់រងឥទ្ធិពលតាំងពីតូចក្រូចឆ្មារមក ដោយចៀសមិនរួច។
ពួកគាត់ចម្រើនវ័យក្នុងបរិយាកាសគ្រួសារមួយ ដែលបើកភ្នែកឡើងកាលណាឃើញតែឪពុកម្ដាយរកចំណូលគ្រួសារបានរាប់រយលានដុល្លារពីការកាប់ព្រៃឈើ ពីការលក់សម្បត្តិរដ្ឋ ពីការប្លន់ដីរដ្ឋ ដីអ្នកស្រុក យកទៅលក់ ឬជួលឲ្យឈ្មួញបរទេស ពីការឃុបឃិតជាមួយឈ្មួញរកស៊ីគេចពន្ធ ជាដើម។
នៅពេលមានពិធីបុណ្យទានម្តងៗ ពួកគាត់ធ្លាប់ឃើញតែកូនចៅក្រោមឱវាទឪពុកម្ដាយរបស់ខ្លួន និងអ្នកជំនួញធំៗ នាំគ្នាដង្ហែកញ្ចប់កាដូ មានបង្កប់ស្រោមសំបុត្រក្រាស់ៗ យកមកជូនដល់ផ្ទះ។ គឺប្រាក់ទាំងនេះហើយ ដែលផ្តល់លទ្ធភាពឲ្យពួកគាត់រស់នៅហ៊ឺហា សង់វិឡាថ្មីៗ ជិះឡានទំនើបៗ មានលុយកាក់ចេញទៅរៀននៅក្រៅប្រទេស។
បើងាកទៅការដឹកនាំវិញ ពួកគាត់ប្រហែលជាស៊ាំភ្នែក ស៊ាំត្រចៀកទៅហើយក្នុងការឮឪពុកម្ដាយជជែកគ្នាអំពីយុទ្ធសាស្ត្របំបែកក្រុមនេះ ទិញក្រុមនោះ ឬកម្ចាត់អ្នកនេះ បង្ក្រាបអ្នកនោះ តាមស្ទីលសាមកុក ឬស្ទីលហ៊ីត្លែរ (Adolf Hitler) ជាដើម។ ពួកគាត់ធំដឹងក្តីឡើង ឮសូរតែឪពុកម្ដាយប្រើសម្ដីគំរោះគំរើយ អាមឹង គំរាមកំហែងតាំងពីព្រះសង្ឃ រហូតដល់ស្ដេចផែនដី តាំងពីស្ត្រីអ្នកនយោបាយរហូតដល់ស្ត្រីដែលតវ៉ាសិទ្ធិដីធ្លី។ ទោះជាគាត់ចាប់គេដាក់គុកហើយ នៅមិនអស់ចិត្ត ឆ្លៀតជេរដាក់មេក្រូបញ្ឈឺទៀត។
ដោយហេតុតែពួកគាត់លូតលាស់ធំដឹងក្តីក្នុងបរិយាកាសគ្រួសារបែបនេះហើយ បានធ្វើឲ្យពួកគាត់កាន់តែមានអំណាច មានប្រាក់កាសហូរហៀរ។ ពួកគាត់ក៏អាចធ្លាប់ទៅនឹងវិធីទាំងនេះ ហើយអាចនឹងដើរតាមគន្លងនេះទៀត ដើម្បីឲ្យកាន់តែមានអំណាច មានប្រាក់កាសជាបន្តទៅទៀត ហើយជាពិសេស គឺដើម្បីរក្សាសមិទ្ធផលរបស់អ្នកមានគុណដែលបានផ្តល់កំណើត ផ្តល់អំណាច ផ្តល់ទ្រព្យសម្បត្តិដល់ពួកគាត់នោះផង។
ម្យ៉ាងវិញទៀត ប្រសិនបើនៅក្នុងក្រុមយុវជនជំនាន់ថ្មីនៃគណបក្សប្រជាជនកម្ពុជា ណាម្នាក់ មានស្មារតីភ្ញាក់រលឹក ហើយមានឆន្ទៈចង់ឲ្យមានការផ្លាស់ប្ដូរពិតប្រាកដ និងចង់ជួយស្រោចស្រង់កេរ្តិ៍ឈ្មោះឪពុកម្ដាយក្តី ក៏ប្រហែលជាគាត់ពិបាកនឹងអនុវត្តអ្វីឲ្យប្រាសចាកពីខ្សែបន្ទាត់របស់គណបក្សនេះណាស់។ នរណាក៏ដឹងដែរថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលមានប្រព័ន្ធដឹកនាំយ៉ាងរឹងមាំ មានគោលមាគ៌ានយោបាយឈ្នះឈ្នះដ៏ល្បីល្បាញ គ្មាននរណាបំបែកបាន រហូតដល់គេគ្រោងរកលុយវាល់លានដុល្លារសម្រាប់សង់សារមន្ទីរ ឧទ្ទិសដល់គោលនយោបាយដ៏ពិសិដ្ឋនេះផង។
ក៏ប៉ុន្តែ បើផ្អែកទៅលើទ្រឹស្ដី អនិច្ចំ ទុក្ខំ អនត្តា វិញ អ្វីៗក៏ដោយក៏គេចមិនផុតពីការផ្លាស់ប្ដូរប្រែប្រួល ហើយវាមិនលុះក្នុងអំណាចចិត្តនោះទេ។ ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋខ្មែរទូទៅមានទាំងយុវជន និងឪពុកម្ដាយបងប្អូនរបស់គេ រួមទាំងព្រះសង្ឃ ដូនជី និងតាជីផង មានការយល់ដឹងច្រើនពីសិទ្ធិអំណាចរបស់ខ្លួន ហើយបានចាប់ផ្ដើមងើបឡើង ដើម្បីការពារសិទ្ធិរស់នៅ សិទ្ធិនិយាយស្តី និងសិទ្ធិការពារសម្បត្តិធម្មជាតិ ជាដើម យ៉ាងសកម្ម។ ពួកគាត់អាចក្លាយជាកម្លាំងចលករធំមួយ ដែលអាចជួយរារាំងមិនឲ្យមានការផ្ទេរអំណាចស្នងត្រកូល ឬបន្តប្រពៃណីដឹកនាំតាមបែបផ្ដាច់ការតពូជនៅកម្ពុជា តាមអំពើចិត្តនោះឡើយ៕
http://www.rfa.org/khmer/news/analysis/Like-Father-Like-Son-02272015043825.html
Buddhism for Social ( Peace,Freedom,Human Rights,Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment