Tuesday, February 17, 2015

ព្រះសង្ឃយុវជនសកម្មជនការពារព្រៃឈើនិងដាក់ញត្តិចូលព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ឲលោក អាឡិច បានទិដ្ឋាការរស់នៅកម្ពុជាបន្តទៀត

បណ្តាញយុវជននឹងដាក់លិខិតថ្វាយមហាក្សត្រសុំឲ្យលោក អាឡិច បន្តរស់នៅកម្ពុជា
************By Phnom Penh Post
ភ្នំពេញៈ បណ្តាញព្រះសង្ឃនិងយុវជនដែលបានជួបជុំគ្នាដើម្បីធ្វើលិខិតស្នើសុំព្រះរាជអន្តរាគមន៍ទៅព្រះមហាក្សត្រនៅថ្ងៃ ទី១៨ ខែកុម្ភៈ ដើម្បីឲ្យជួយសកម្មជនការពារបរិស្ថានដ៏លេចធ្លោម្នាក់នៅតំបន់ស្ទឹងជាយអារ៉ែង ខេត្តកោះកុង ឲ្យមានសិទ្ធិរស់នៅក្នុងប្រទេសកម្ពុជា បន្តទៀត បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានកំណត់ថ្ងៃចាប់ខ្លួននៅចុងសប្ដាហ៍នេះ បើមិនចេញពីកម្ពុជាទេនោះ។
លោក ហេង សំណាង តំណាងយុវជនខ្មែរមហានគរបានថ្លែងថា កាលពីថ្ងៃម្សិលមិញនៅពេលដែលប្រជាសហគមន៍ បណ្តាញព្រះសង្ឃបានមកជួបជុំគ្នាធ្វើលិខិតស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ត្រូវបានប៉ូលិសពង្រាយតាមដានសកម្មភាពពួកគេដោយប៉ូលិសបានដឹង លោក អាឡិច នឹងមកប្រជុំជាមួយសកម្មជនទាំងនោះ។
លោកថា៖ «យើងនឹងដាក់លិខិតស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនៅថ្ងៃ ទី១៨ កុម្ភៈ បន្ទាប់មកយើងនឹងមានយុទ្ធសាស្ត្រជាច្រើនទៀតដើម្បីការពារកុំឲ្យអាជ្ញាធរបណ្តេញគាត់ចេញពីកម្ពុជា»។
លោកបន្តថា បណ្តាញព្រះសង្ឃ យុវជន និងពលរដ្ឋរស់នៅជាយអារ៉ែង នឹងឡើងមកតវ៉ាដើម្បីឲ្យរដ្ឋាភិបាលបន្តទិដ្ឋាការដល់លោក អាឡិច ពីព្រោះគាត់ពុំមែនជាអ្នកបំផ្លាញធនធានធម្មជាតិកម្ពុជាទេ ប៉ុន្តែគាត់គឺជាជនបរទេសដែលការពារធនធានធម្មជាតិកម្ពុជា។
លោកថា៖ «ប្រសិនបើករណីយើងពុំអាចការពារបាន ក៏ពុំមានបញ្ហាអ្វីប៉ះពាល់ដល់សកម្មជនតវ៉ាដើម្បីការពារបរិស្ថានដែរគឺសកម្មជនទាំងនោះនឹងយកគំរូតាម អាឡិច ធ្វើសកម្មភាពខ្លាំងក្លាជាងមុន មិនមែន គេបណ្តេញ អាឡិច ជោគជ័យ គេអាចអភិវឌ្ឍវារីអគ្គិសនីនៅកន្លែងនោះបានទេ»។
សកម្មជនការពារបរិស្ថានលោក អាឡិច ឲ្យដឹងតាមវីដេអូឃ្លីបលើបណ្តាញសង្គមថា រដ្ឋាភិបាលបានចាត់ទុកលោកជាឆ្អឹងទទឹងកដែលតែងការពារបរិស្ថាននៅជាយអារ៉ែងប្រឆាំងក្រុមហ៊ុនចិនឈ្មោះ ស៊ីណូហាយដ្រូ ទប់ស្កាត់មិនឲ្យសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះដែលលោកយល់ថា គម្រោងនោះនឹងបំផ្លាញធម្មជាតិកម្ពុជាធ្ងន់ធ្ងរ។
លោកថា៖ «ថ្មីៗនេះនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់ខ្ញុំឲ្យចាកចេញពីកម្ពុជា ឲ្យបានមុនថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ នេះជាកំហិត បើមិនដូច្នេះទេ រូបគេនឹងត្រូវចាប់ខ្លួនក្រោមច្បាប់កម្ពុជាដោយសារ ខ្ញុំមិនត្រូវបានបន្តទិដ្ឋាការឲ្យស្នាក់នៅកម្ពុជាទៀតទេ»។
នៅក្នុងបណ្តាញគេហទំព័រសង្គមបាននាំគ្នាបង្ហោះគាំទ្រលោក អាឡិច ដោយបានសរសេរថា ដើម្បីបង្ហាញទៅដល់រដ្ឋាភិបាលថា យើងជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រនូវសកម្មភាពការពារបរិស្ថានរបស់លោក Alex។
នៅក្នុងគេហទំព័រនោះបានសរសេរទៀតថា៖ «គាំទ្រឲ្យលោក Alex បន្តស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបន្តការងារតទៅទៀតយើងមិនអនុញ្ញាតឲ្យដឹកនាំរដ្ឋាភិបាលនៅអាណត្តិក្រោយឡើយ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក សុខ ផល ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក សុខ វាសនា ប្រធាននាយកដ្ឋាន ជនបរទេសមិនអន្តោប្រវេសន៍ និងបច្ចេកវិទ្យា បានថ្លែងថា៖ «ខ្ញុំមិនដឹងពីមូលហេតុនៃការមិនបន្តទិដ្ឋាការឲ្យគាត់នោះទេ គឺខ្ញុំគ្រាន់តែធ្វើតាមបទបញ្ជាពីក្រសួងមហាផ្ទៃតែប៉ុណ្ណោះ»។
សូមរំឭកផងដែរថា លោក Davidson ជាបុគ្គលិក បរទេស ទី១ នៃអង្គការក្រៅរដ្ឋាភិបាលដែលត្រូវបណ្តេញចេញពីកម្ពុជា បន្តពីបុគ្គលិកអង្គការក្លូបលវីតណេស ត្រូវហាមចំពោះការចូលប្រទេសនេះក្នុង ឆ្នាំ២០០៥។
ព្រះតេជគុណ លួន សុវ៉ាត មានសង្ឃដីកាថា មានជនជាតិបរទេសច្រើនណាស់ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជាហើយអ្នកទាំងនោះមួយចំនួនមិនត្រឹមតែរស់នៅខុសច្បាប់ទេថែមទាំងប្រព្រឹត្តអំពើខុសច្បាប់ ចុះហេតុអីបានជារដ្ឋាភិបាលមិនចាប់ខ្លួនបញ្ជូនជនបរទេសទាំងនោះទៅស្រុកវិញ។
ព្រះអង្គថា៖ «យើងជាប្រជាពលរដ្ឋខ្មែរសូមស្វាគមន៍លោក អាឡិច រស់នៅក្នុងប្រទេសកម្ពុជា។ យើងសំណូមពរ សូមឲ្យរដ្ឋាភិបាលផ្តល់ទិដ្ឋាការជូនគាត់មានសិទ្ធិរស់នៅស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ»៕


Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment