Thursday, June 1, 2017

ភិក្ខុ លួន សុវ៉ាត ឆ្លើយតបទៅនិងញត្តិថ្កោលទោសរបស់មន្ត្រីសង្ឃខេត្តរតនគីរី

ញត្តិថ្កោលទោសរបស់មន្ត្រីសង្ឃខេត្តរតនគីរីទៅលើសកម្មភាពព្រះតេជគុណ លួន សុវ៉ាត ដែលចូលរួមថតពត៌មានផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនូវក្បួនយុទ្ធនាការឃោសនាបោះឆ្នោតឃុំស្កាត់របស់គណបក្សសង្គ្រោះជាតិនៅក្រុងបានលុង ខេត្តរតនគីរី កាលពីថ្ងៃ៣០ឧសភា២០១៧កន្លងទៅ ។ ក្នុងលិខិតនិងញត្តិខាងក្រោមនេះ គឺធ្វើដោយព្រះមេគណខេត្តរតនគីរី ព្រះនាម គឹម សុជាតិ ចុះថ្ងៃ៣១ឧសភា២០១៧ ដោយចោទប្រកាន់ព្រះតេជគុណ លួន សុវ៉ាត ថាធ្វើឲ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា បន្ទាបបន្ថោកព្រះកិត្តិនាម ព្រះកិត្តិយសអ្នកបួសក្នុងព្រះពុទ្ធសាសនាទូទាំងប្រទេសពិសេសធ្វើឲ្យប៉ះពាល់ដល់សម្តេចសង្ឃរាជ មន្ត្រីសង្ឃ ស្ថាប័នព្រះពុទ្ធសាសនាជាដើម ។ ក្នុងលិខិតនេះអាត្មាភាព លួន សុវ៉ាត ក៏មិនទាន់ប្រាកដ ជឿជាក់ថាជាលិខិតពិតឬលិខិតក្លែងក្លាយ ? ឬក៏ជាសំណេរខ្លឹមសារអត្ថបទរបស់មន្ត្រីសង្ឃខេត្តរតនគីរីពិត ឬក៏មានអ្នកបង្គាប់បញ្ជារគំរាមកំហែងឲ្យព្រះអង្គចេញលិខិតខុសពីឆន្ទៈទឹកចិត្តរបស់ព្រះអង្គឬក៏យ៉ាងណានោះទេ ? ។ អាត្មាភាព លួន សុវ៉ាត ក្នុងនាមជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស ការពារយុត្តិធម៌សង្គម ជាម្ចាស់ពានរង្វាន់អន្តរជាតិMartin Ennal Award 2012 និងជាប្រជាពលរដ្ឋខ្មែរ១រូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់វិស័យព្រះពុទ្ធសាសនា វិស័យសង្គមជាតិនៅក្នុងប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព សិទ្ធិសេរីភាព យុត្តិធម៌សង្គម របបប្រជាធិបតេយ្យសេរីពិតប្រាកដដោយអហឹង្សានិងសន្តិភាពស្របតាមតាមច្បាប់អន្តរជាតិ ច្បាប់ព្រះពុទ្ធសាសនានិងច្បាប់ជាតិនៅកម្ពុជា ។ ក្នុងនាមជាម្ចាស់សន្លឹកឆ្នោត ម្ចាស់អំណាច១រូប គឺខ្ញុំព្រះករុណាអាត្មាភាពមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមឃ្លាំមើល សង្កេតការណ៍ ថតផ្សាយពត៌មានក្នុងសង្គមហ្វេសប៊ុកក្នុងប្រទេសនិងក្រៅប្រទេសមិនមែនត្រឹមតែនៅខេត្តរតនគីរីមួយនោះទេ ។ ខ្ញុំព្រះករុណាអាត្មាភាព សូមទទួលស្គាល់ថា បានឈរនិងអង្គុយលើដំបូលឡានLexus470នោះពិតប្រាកដមែន ដោយឡាននោះគឺអាចបើកដំបូលបាន ហើយក្នុងនាមជាអ្នកថតពត៌មានត្រូវស្វែងរកទីតាំងគ្រប់ទីកន្លែង គ្រប់រូបភាព មិនថាខ្ពស់ឬទាបទេ ដើម្បីចាប់ប្លង់បានល្អ បានស្អាត ។ ចំពោះការចោទប្រកាន់ថា ការដែលព្រះសង្ឃឈរលើឡាន អង្គុយលើឡាន ជាការខុសធម៌វិន័យច្បាប់ព្រះពុទ្ធសាសនា បន្ទាបបន្ថោកដល់ព្រះសង្ឃទូទាំងប្រទេសកម្ពុជា និងប៉ះពាល់ដល់ព្រះកិត្តិនាម កិត្តិយសសម្តេចព្រះសង្ឃរាជ មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់នោះ គឺលើសពេកហើយ អាត្មាសុំបដិសេធការចោទប្រកាន់នេះថា អាត្មាគ្មានឥទ្ធិពលអ្វីទៅបំផ្លាញជាតិ បំផ្លាញព្រះពុទ្ធសាសនានោះទេ អាត្មាធ្វើជារឿងឯកជន រឿងបុគ្គល មិនមែនយកស្ថាប័នព្រះពុទ្ធសាសនា យកតួនាទីជាសម្តេចព្រះសង្ឃរាជ ជាមន្ត្រីរាជាគណៈសង្ឃ ទៅបំរើបក្ស ទៅបំរើបុគ្គលឬទៅបំផ្លាញជនណា បក្សណាមួយឡើយ ។ តើខុសច្បាប់អ្វី ? អង្គុយ ឈរលើឡានថាខុសច្បាប់ ? បើក្នុងច្បាប់ចរាចរណ៍គឺគេបានហាមមែន តែមិនបានទៅអង្គុយលើឡានហើយបើកបរក្នុងល្បឿនដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯងដល់អ្នកដទៃឯណា គឺក្នុងក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅទីនោះគឺជាក្បួនយឿតៗក្នុងក្រុង ។ ម្យ៉ាងទៀត មិនចម្លែកទេ ដែលគេឃើញមនុស្សទាំងឡាយអង្គុយលើឡាននោះ រួមទាំងព្រះសង្ឃផងដែរ ដូចជាអង្គុយលើម៉ូតូ លើឡាន លើគោយន្ត លើដំបូលកុដិ ដំបូលព្រះវិហារ លើដំរី លើរទេះគោ រទេះសេះ លើដើមឈើជាដើម ។ ការចោទថា អាត្មាភាព លួន សុវ៉ាត ដើរញុះញង់ ដើរបំបែកបំបាក់សង្គមជាតិ បង្កអសន្តិសុខសង្គម ខូចសណ្តាប់ធ្នាប់សាធារណៈ ជាដើមនោះ អាត្មាសុំបដិសេធចោលទាំងស្រុង អាត្មាមិនបានទៅដើរញុះញង់ឲ្យគេកាប់សម្លាប់លួចប្លន់គ្នា បនរើបនរាស់គ្រឿងញៀន ផឹកស្រា ចោទចាប់គេដាក់គុក កាប់បំផ្លាញព្រៃឈើ ប្រព្រឹត្តិអំពើហឹង្សា រំលោភសិទ្ធិមនុស្សសត្វនោះទេ អាត្មាភាពមានតែសុំបួងសួងបិណ្ឌបាត្រឲ្យខ្មែរចេះជួយខ្មែរ ! ចេះស្រលាញ់ខ្មែរ ! កុំទាស់គ្នា កុំធ្វើបាបដល់គ្នានិងគ្នាជាដើម ហើយអំពើចោរកម្ម អសន្តិសុខសង្គម អំពើរពុករលួយ អំពើហឹង្សា គ្រោះថ្នាក់ចរាចរណ៍ ជាដើមដែលកើឡើងនៅក្នុងប្រទេសកម្ពុជា ក៏មិនមែនអាត្មាភាព លួន សុវ៉ាត ជាអ្នកបង្កើតនោះដែរ ។ ការចោទប្រកាន់ថា អាត្មាបំរើឲ្យនយោបាយគណបក្សសង្គ្រោះជាតិនោះ អាត្មាភាព សុំបដិសេធថា អាត្មាភាពមិនមានប័ណ្ណសមាជិកគណបក្សនយោបាយណាមួយឡើយហើយក៏មិនបានពាក់មួក ពាក់អាវគណបក្សនយោបាយណាមួយឡើយ គឺអាត្មាភាពស្លៀកស្បង់គ្រងចីវរទ្រទ្រង់ព្រះពុទ្ធសាសនាជាង២០ឆ្នាំហើយ ហើយការនិមន្តទៅទីនោះគឺទៅថតពត៌មានផ្សាយតាមសង្គមហ្វេសប៊ុក បំរើឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់អំណាច ដែលប្រជាពលរដ្ឋខ្វះសិទ្ធិសេរីភាពទទួលបានពត៌មាន ហើយប្រជាពលរដ្ឋត្រូវតែមានសិទ្ធិទទួលបានពត៌មានពីគណបក្សនយោបាយ ពីបញ្ហាសង្គមជាតិជាដើម ។ ការចោទថាបើអាត្មាភាពចង់ធ្វើនយោបាយ ឲ្យដោះស្បង់ចេញ ស្លៀកខោពាក់អាវសិកទៅជាគ្រហស្ថធ្វើនយោបាយវិញទៅនោះ គឺជាការចោទប្រកាន់ដោយរំលោភលើច្បាប់នយោបាយ ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គមនិងនយោបាយ រួមទាំងព្រះសង្ឃផងដែរ នៅពេលព្រះសង្ឃទៅបោះឆ្នោតគឺគ្រងស្បង់ ចីវរ ទៅបោះឆ្នោតមិនមែនស្លៀកខោពាក់អាវទៅបោះឆ្នោតនោះទេ ការបោះឆ្នោតនោះឯងគឺជានយោបាយ ម្យ៉ាងវិញទៀត ព្រះពុទ្ធគឺជាមេកំពូលនៃអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស អ្នកការពារយុត្តិធម៌ក្នុងសង្គម ដើម្បីសេចក្តីសុខ ចំរើនដល់មនុស្ស សត្វ ទេវតា ព្រះពុទ្ធគឺលាលែងតំណែងជាស្តេចចក្រដែលមានអំណាចកំពូលទៅបួសធ្វើនយោបាយដើម្បីកសាងសុខសន្តិភាពដោយ សីល សមាធិ និង បញ្ញា មិនមែនព្រះពុទ្ធសិកទៅធ្វើនយោបាយទេ គឺទៅបួសធ្វើនយោបាយ ដើម្បីជួយសង្គមជាតិ ប្រទេសជាតិ ឲ្យមានសីលធម៌ គុណធម៌ មនុស្សធម៌ ឲ្យអ្នកមានអំណាចប្រកាន់យក ធម្មាធិបតេយ្យ ប្រជាធិបតេយ្យជាធំ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment