Friday, December 16, 2016

ប្រជាពលរដ្ឋសហគមន៍នានានៅខេត្តសៀមរាបនាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស

ពលរដ្ឋ​ខេត្ត​សៀមរាប​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨​ទាមទារ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោយ ហង្ស សាវយុត RFA 2016-12-06 ========= ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ស្រុក​ជាច្រើន​នៃ​ខេត្ត​សៀមរាប បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​កណ្ដាល​វាល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែ​ធ្នូ ដោយសារ​តែ​អាជ្ញាធរ​ខេត្ត ចេញ​លិខិត​អនុញ្ញាត​យឺតយ៉ាវ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​សង់​រោង និង​រៀបចំ​តុ​កៅអី​ឲ្យ​បាន​សម​គួរ។ ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨ ដែល​ពួក​គេ​ប្រារព្ធ​ធ្វើ​ពេល​នេះ គឺ​ក្រោម​ប្រធានបទ​យុត្តិធម៌ ២០១៦។ សហគមន៍​ទំនាស់​ដីធ្លី​ចំនួន​១១ ព្រម​ទាំង​សមាជិក​សមាគម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរ និង​សហព័ន្ធ​សហជីព​ចំណី​អាហារ​ប្រមាណ ៥០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨ នៅ​ទី​រួម​ខេត្ត​សៀមរាប យ៉ាង​សោះកក្រោះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែ​ធ្នូ។ ក្រុម​សហគមន៍​ទំនាស់​ដីធ្លី​ដែល​មក​ពី​សហគមន៍​ភូមិ​តាពេន សហគមន៍​រុនតាឯក នៃ​ស្រុក​បន្ទាយស្រី សហគមន៍​ស្នាសង្គ្រាម នៃ​ស្រុក​ប្រាសាទបាគង សហគមន៍​ជីក្រែង នៃ​ស្រុក​ជីក្រែង សហគមន៍​សែនជ័យ នៃ​ស្រុក​វ៉ារិន សហគមន៍​ដូនឪ នៃ​ស្រុក​អង្គរធំ និង​សហគមន៍​ភ្នំ​ក្រោម​នៃ​ក្រុង​សៀមរាប ជាដើម បាន​យក​ឱកាស​នៃ​ទិវា​សិទ្ធិ​មនុស្ស ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។ តំណាង​សហគមន៍​ភូមិ​តាពេន នៃ​ស្រុក​បន្ទាយស្រី គឺ​អ្នកស្រី កែវ សុភី។ អ្នកស្រី​ថ្លែង​ទៅ​កាន់​មនុស្ស​ជាច្រើន​នៅ​កណ្ដាល​វាល នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា​ជាច្រើន​ឆ្នាំ​មក​ហើយ រូប​គាត់ និង​អ្នក​ភូមិ​ចំនួន ៩០​គ្រួសារ បាន​កើត​មាន​ទំនាស់​ដីធ្លី ១៨៣​ហិកតារ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ និង​ទាហាន។ រហូត​មក​ដល់​ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ទទួល​ស្គាល់ ហើយ​សម្រេច​ថា​នឹង​ប្រគល់​ដី​ទាំងនោះ​ឲ្យ​អ្នក​ភូមិ​វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​ភូមិ​នៅ​តែ​រង់ចាំ៖ «តាំង​ពី​ឆ្នាំ​២០១៤ អាជ្ញាធរ​បាន​ចេញ​សលាកបត្រ​ឲ្យ​ប្រជា​ពលរដ្ឋ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​បណ្ដោះអាសន្ន មិន​ព្រម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពិត​ប្រាកដ​ទេ»។ ចំណែក​តំណាង​សហគមន៍​ជីក្រែង អ្នកស្រី យី វង មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៩ គឺ​អ្នក​ភូមិ​របស់​គាត់​ចំនួន ១៧៥​គ្រួសារ បាន​កើត​មាន​ទំនាស់​ដី​ស្រែ​ប្រាំង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់សំណរ រហូត​ដល់​អាជ្ញាធរ​ប្រើ​អាវុធ​បង្ក្រាប​បាញ់​អ្នក​ភូមិ​ឲ្យ​របួស​ចំនួន ៤​នាក់ ព្រម​ទាំង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាច្រើន​ទៀត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​ដោះស្រាយ​រក​ដី​ស្រែ​មក​ឲ្យ​អ្នក​ភូមិ​បាន​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​វិញ​នៅ​ឡើយ​ទេ៖ «សូម​ឲ្យ​អាជ្ញាធរ​ប្រញាប់​ដោះស្រាយ​រឿង​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីក្រែង ចំនួន ១៧៥​គ្រួសារ​ផង»។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែល​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០​ធ្នូ នៅ​ខេត្ត​សៀមរាប ដែរ​នោះ​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​ខេត្ត​សៀមរាប គឺ​នៅ​មាន​ការ​រំលោភ​ដីធ្លី​ជាច្រើន​កន្លែង ព្រម​ទាំង​ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរ ក៏​កំពុង​ទទួល​រង​ការ​គាប​សង្កត់​ផ្នែក​សេដ្ឋកិច្ច​ដែរ។ លោក វន់ ពៅ បញ្ជាក់​ថា ដោយសារ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​នេះ​ក្រោម​ប្រធានបទ «#យុត្តិធម៌២០១៦» (#Justicekh2016) គឺ​លោក​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ព្រម​ទាំង​រដ្ឋាភិបាល​ផ្ដល់​នូវ​ភាព​យុត្តិធម៌ ព្រម​ទាំង​លុប​បំបាត់​ចោល​ចំពោះ​ការ​រំលោភ​សិទ្ធិ​នានា៖ «យើង​ទាំងអស់​គ្នា​ត្រូវ​ការ​យុត្តិធម៌ ត្រូវ​ការ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ។ យើង​ទាំងអស់​គ្នា​ត្រូវ​ការ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ»។ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២ រហូត​ទៅ​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ខាង​មុខ គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​រាប់​ពាន់​នាក់​នៅ​តាម​ទីតាំង​ចំនួន​៣៥ ក្នុង​ខេត្ត-ក្រុង​ចំនួន​១៨ នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់៕ http://www.rfa.org/khmer/news/human-rights/rights-day-at-siemreap-12062016052808.html "Non-Violence Overcome All Obstacles"

No comments:

Post a Comment