ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, September 9, 2015
Hun Sen គំរាមថាបើគណបក្សប្រជាជនចាញ់ឆ្នោតនិងកើតសង្គ្រាមជាមួយប្រទេសជិតខាង
Hun Sen គំរាមដោយប្រើពាក្យថានិងកើតសង្គ្រាមជាមួយប្រទេសជិតខាងបើគណបក្សផ្សេងឈ្នះឆ្នោតឡើងកាន់អំណាចក្រៅពីគណបក្សប្រជាជន ។
http://youtu.be/gWbMDMnHZrc
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានអះអាងច្បាស់១០០ភាគរយថាប្រទេសកម្ពុជានឹងមានសង្រ្គាម នៅពេលគណបក្សប្រឆាំងឡើងកាន់អំណាច ជំនួសគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងបែបនេះជាសាធារណៈតាមរយៈវីដេអូថតទុករយៈពេលប្រមាណ៣ម៉ោងដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក)កាលពីរសៀលថ្ងៃអង្គារ ដើម្បីបង្ហាញគោលជំហររបស់រដ្ឋាភិបាលក្នុងការពារព្រំដែន។ ក្នុងវីដេអូនោះ លោក ហ៊ុន សែន បានរិះគន់គណបក្សសង្រ្គោះជាតិថាបានយកផែនទីទៅបោកប្រាស់ប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានចេញបញ្ជាឲ្យចាប់ខ្លួនភ្លាមៗចំពោះអ្នកនិយាយរឿងផែនទីក្លែងក្លាយ។
លោក ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ជាថ្មីថាបើគណបក្សប្រជាជនកម្ពុជាមិនបានកាន់អំណាច នោះប្រទេសកម្ពុជានឹងមានសង្រ្គាម។ លោកបានបញ្ជាក់ថា៖ ”បើខុសពីគណបក្សប្រជាជន គណបក្សដទៃកាន់អំណាច នឹងមានសង្រ្គាមផ្តាច់ការ។ ខ្ញុំព្រះករុណាខ្ញុំអះអាងថានឹងមានសង្រ្គាម”។ លោកបញ្ជាក់បន្ថែមថា៖ “…នេះហើយជាលទ្ធផលដែលវានឹងមកដល់ នៅពេលគណបក្សប្រឆាំងកាន់អំណាច។ វានឹងមកដល់នៅពេលដែលគណបក្សប្រជាជនមិនកាន់អំណាចតទៅទៀត។ វាច្បាស់នឹងមកដល់។ បក្សដទៃកាន់អំណច ច្បាស់ណាស់វា(សង្រ្គាម)កើត។ ខ្ញុំព្រះករុណាខ្ញុំនិយាយពេញមាត់ មានតែគណបក្សប្រជាជនមួយគត់ ដែលធានាថាគ្មានជម្លោះទល់ដែនជាមួយប្រទេសជិតខាង”។
កាលពីខែឧសភា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានឯកភាពគ្នាលើការមិនឲ្យប្រើប្រាស់ពាក្យពេចន៍មួយចំនួន ក្នុងនោះមានពាក្យចាប់ដាក់គុក និងសង្គ្រាមកើតឡើងជាដើម ដើម្បីជាប្រយោជន៍នៃវប្បធម៌សន្ទនា។ គណបក្សទាំងពីរបានឯកភាពចៀសវាងឲ្យខាងតែបាននូវការញុះញង់ ការលាបពណ៌ ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា ដូចជាករណីប្រើពាក្យអាក្បាលយួនខ្លួនខ្មែរ ពួកកុម្មុយនីស្តផ្តាច់ការ អាយ៉ងយួន អាក្បត់ជាតិ អាលក់ជាតិ អាមេចោរ និងអាកូនចោរ។
ឮគណបក្សទាំងពីរក៏បានឯកភាពលុបបំបាត់ចោលនូវផ្នត់គំនិតនៃការគុំកួន សងសឹកគ្នា ដោយត្រូវបញ្ចប់នយោបាយ«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» និងលុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់មានប្រសាសន៍ថាប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ នឹងមិនមានអស្ថិរភាពក្នុងប្រទេសនោះទេ ដោយសារប្រជាជនជាអ្នកផ្តល់អំណាចដល់គណបក្សណាមួយ។ លោកបញ្ជាក់ថា៖”ខ្ញុំមិនគិតដូច្នោះទេ ពីព្រោះស្ថិតទៅលើប្រជាពលរដ្ឋដែលជាអ្នកម្ចាស់អំណាច ម្ចាស់ឆ្នោត នៅពេលដែលលោកប្រគល់ទៅគណបក្សណាមួយ ពេលនោះគាត់នឹងការពារកម្លាំងសំឡេងឆ្នោតរបស់គាត់”។
គួរបញ្ជាក់ថាកន្លងទៅលោកនាយករដ្ឋមន្រ្តីក៏បានព្រមានថាប្រសិនបើមានការផ្លាស់ប្តូរគណបក្សដឹកនាំប្រទេស នោះអាចនឹងមានចលាចល និងសង្រ្គាម ដូចបទពិសោធន៍កាលពីអតីតកាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកាន់អំណាចជានាយករដ្ឋមន្រ្តីអស់រយៈពេល៣០ឆ្នាំមកហើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) បានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់និងអំពើពុករលួយ។
គួររំឭកថា កាលពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៥ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេចបន្ថែមសមាជិកថ្មី៣០៦រូប ដែលក្នុងនោះមានមេទ័ព នគរបាលនិងកងរាជអាវុធហត្ថប្រមាណ៨០រូប។ ថ្មីៗនេះ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាតំណាងគណៈមេបញ្ជាការឯកភាពសមរភូមិប្រាសាទព្រះវិហារ លោក ជា តារា បានប្រកាសថាកងទ័ពជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកថែរក្សានិងចិញ្ចឹមបីបាច់ពួកគេ៕
"Non-Violence Overcome All Obstacles"
Labels:
Hun Sen 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment