ប្រជាសហគមន៍ចំនួន១៥នៅសៀមរាបស្នើព្រឹទ្ធសភាជួយដោះស្រាយជម្លោះដីធ្លី
=============
អ្នកមានជម្លោះដីធ្លីចំនួន១៥សហគមន៍ មកពីតាមបណ្ដាស្រុកមួយចំនួននៃខេត្ដសៀមរាប ស្នើគណៈកម្មការទី១នៃព្រឹទ្ធសភាឲ្យជួយដោះស្រាយ ជម្លោះដីធ្លីរ៉ាំរ៉ៃ ដោយពួកគេឡើងថា ការអូសបន្លាយជម្លោះដីធ្លី ធ្វើប៉ះពាល់ដល់ជីវភាពគ្រួសារគាត់ ។
សហគមន៍ទាំងនោះមកពីស្រុកចំនួន៨ រួមមាន ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកវ៉ារិន ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរធំ ស្រុកជីក្រែង និងស្រុកស្រីស្នំ ។
នៅក្នុងកិច្ចប្រជុំស្វែងយល់អំពីការអនុវត្ដសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្ដឹងប្រជាពលរដ្ឋនៅ មជ្ឈមណ្ឌលខេមរៈសិក្សា ខេត្ដសៀមរាប នារសៀលថ្ងៃទី២១ ខែឧសភា រៀបចំដោយបណ្ដាញសម្របសម្រួលអង្គការមិនមែនរដ្ឋាភិបាល អ្នកស្រី យី វង្ស ដែលជាតំណាងសហគមន៍មកពីស្រុកជីក្រែងលើកឡើងថា ដីធ្លីពលរដ្ឋចំនួន១៧៥គ្រួសារ ស្មើ៤៧៥ហិកតា នៅស្រុកជីក្រែង មានជម្លោះជាង១០ឆ្នាំមកហើយ ប៉ុន្ដែមិនមានដំណោះស្រាយឡើយ ដោយគ្រាន់តែអាជ្ញាធរសន្យាចោលប៉ុណ្ណោះ ។
អ្នកស្រីបន្ដថា នៅក្នុងជម្លោះនោះ ក្រុមសមត្ថកិច្ចបានប្រើអាវុធបាញ់រះលើប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួស និងធ្លាក់ខ្លួនពិការរហូតដល់បច្ចុប្បន្ននេះ ។ អ្នកស្រីបន្ថែមថា មិនតែប៉ុណ្ណោះ សមត្ថកិច្ចបានចាប់ពលរដ្ឋដាក់ពន្ធនាគារថែតមទៀត ធ្វើឲ្យពួកគាត់ជួបការលំបាកដល់សព្វថ្ងៃ ។
តំណាងសហគមន៍មួយរួបទៀត មកពីស្រុកស្វាយលើ លោក ស្វាយ ជុំ ឲ្យដឹងថា ដីធ្លីពួកគាត់ចំនួន២៩៧ហិកតាស្មើ៧៥គ្រួសារ មានជម្លោះជាមួយយោធាភូមិភាគទី៤ ដឹកនាំដោយ លោក ទេព រួន លោក ស៊ាង ស្រ៊ៀន និងឈ្មោះ ហូវ ហឺយ ។ លោកថា ក្រុមយោធាបានកាប់បំផ្លាញដំណាំអស់ជាច្រើនហិកតា និងលួចយកសម្ភារពលរដ្ឋជាច្រើនទៀត ព្រមទាំងប្រើអាវុធគំរាមពលរដ្ឋថែមទៀតផង ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃពួកគាត់ ។
បន្ថែមលើនោះ ពលរដ្ឋមកពីស្រុកពួក លោក ឃុត ជា ឲ្យដឹងថា ពួកគាត់កំពុងរងការបាត់បង់ដីភូមិនិងស្រែ ដោយក្រសួងធនធានទឹក បានជីកប្រឡាយទឹក និងធ្វើផ្លូវ ដោយមិនផ្ដល់សំណង ។ លោកស្នើឲ្យគណៈកម្មការទី១នៃព្រឹទ្ធសភា ជួយដោះស្រាយជម្លោះនោះ បើមិនដូច្នោះទេ ប្រជាពរដ្ឋទាំងនោះអាចរស់នៅតាមចិញ្ចើមផ្លូវ ដោយសារការបណ្ដេញចេញ ។
ករណីនេះ គណៈកម្មការទី១នៃព្រឹទ្ធសភា លោក គង់ គាំ មានប្រសាសន៍ថា លោកមិនទាន់អាចផ្ដល់ចម្លើយភ្លាមៗនៅឡើយទេ ដោយត្រូវពិភាក្សាជាមួយអាជ្ញាធរខេត្ដសៀមរាប នៅថ្ងៃស្អែកនេះ ។
បើតាមរបាយការណ៍របស់អង្គការលីកាដូ ឃើញថា ជម្លោះដីធ្លីនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៤ មានចំនួន១០ករណី ក្នុងនោះពលរដ្ឋរងផលប៉ះពាល់ចំនួន ៥២៣គ្រួសារ ស្នើនឹង៩៩៥ហិកតា ៦៥០ម៉ែត្រការ៉េ ។ របាយការណ៍ឲ្យដឹងទៀតថា នៅដើមឆ្នាំ២០១៥ ជម្លោះដីធ្លីនៅខេត្តសៀមរាបមានចំនួន៥ករណី ប៉ះពាល់ដល់ពលរដ្ឋចំនួ៥៣១គ្រួសារ ស្នើនឹង ២០៨៨ហិកតា ព្រមទាំងមានការចាប់ខ្លួនពលរដ្ឋចំនួន២នាក់ដាក់ពន្ធនាគារផងដែរ ៕
http://vodhotnews.com/29679
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment