++++++++++++VOD,8,4,2015
នៅថ្ងៃទី២៦ ខែមេសា ខាងមុខនេះ លោក សុភ័ណ្ឌ ឡារី ដែលត្រូវគេស្គាល់ឈ្មោះក្នុងសិល្បៈថា សោភ័ណ្ឌ ឡារី និងជាតារាល្បីឈ្មោះមួយរូបដំបូងដែលហ៊ានរិះគន់រដ្ឋាភិបាលដោយបើកចំហរនោះ នឹងរៀបអាពាហ៍ពិពាហ៍តាមការគ្រោងទុក ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺលោក នឹងចូលប្រឡូកនយោបាយដោយឈរជាតំណាងរាស្ត្រតែម្ដង នៅក្រោយរៀបមង្គលការរួច ។
សុភ័ណ្ឌ ឡារី ឲ្យដឹងថា ពិធីមង្គលការនៅចុងខែមេសានោះនឹងប្រារព្ធធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ចំនួន៧០តុ ដោយភ្ញៀវភាគច្រើនគឺជាមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សសង្គ្រោះជាតិ ។ លោកថា តារាសិល្បៈលោកអញ្ជើញមានតែប្រមាណ១០តុប៉ុណ្ណោះ បូករួមទាំងក្រុមផលិតករ និងអ្នករៀបចំកម្មវិធី ដែលមានទំនាក់ទំនងជាមួយលោកនាពេលកន្លងមកផង ។
សុភ័ណ្ឌ ឡារី ឲ្យដឹងដែរថា កូនក្រមុំរបស់លោកមានឈ្មោះថា លីឌា ស្រស់ អាយុ២៩ឆ្នាំ ជាកូនស្រីអ្នកជំនួញមានមុខមាត់ម្នាក់នៅរាជធានីភ្នំពេញ និងជានិស្សិតទើបបញ្ចប់ការសិក្សានៅក្នុងប្រទេសអូស្ត្រាលី ។ លោកថា កញ្ញាគឺជាបុគ្គលិកប្រចាំនៅក្នុងក្រុមហ៊ុនមួយ ដោយទទួលបានប្រាក់ចំណូលខ្ពស់មិនធម្មតានោះទេ បើធៀបនឹងសមត្ថភាពរបស់លោក បន្ទាប់ពីបាត់ចំណូលដែលធ្លាប់រំពឹងច្រើនពីការងារសម្ដែង និងថតស្ពត ។
លោកមានប្រសាសន៍ថា «ចំពោះសមត្ថភាពគាត់ល្អជាងខ្ញុំទាំងសមត្ថភាព ទាំងជីវភាពគ្រួសារ ប៉ុន្តែពួកគាត់អត់ប្រកាន់នឹងខ្ញុំទេ សូម្បីតែម៉ាក់ប៉ាគាត់ អញ្ចឹងហើយបានខ្ញុំសម្រេចចិត្តឈរធ្វើតំណាងរាស្ត្រ ក្រោយពីរៀបការហើយ»។ យ៉ាងណាក៏ដោយ លោកថាអនាគតភរិយារបស់លោក មិនចូលចិត្តការងារនយោបាយនោះទេ បើទោះជានាងបានជំរុញឲ្យលោកចូលប្រឡូក ។ លោកគ្រោងឈរឈ្មោះជាតំណាងរាស្ត្រប្រចាំនៅក្នុងខេត្តកំពង់ចាមរបស់គណបក្សសង្គ្រោះជាតិ ដែលលោករមែងបង្ហាញខ្លួនយ៉ាងសកម្មនាពេលកន្លងមក រហូតបណ្ដាលឲ្យបាត់អាជីពដែលធ្លាប់តស៊ូ ។ លោកនិយាយថា «ពេលរៀបការហើយ ខ្ញុំនឹងឈរតំណាងរាស្ត្រតែម្ដង ព្រោះខ្ញុំបានទទួលការអនុញ្ញាតិពីខាងគណបក្សរួចហើយ ហើយភរិយាខ្ញុំ និងក្រុមគ្រួសារខ្ញុំក៏ចង់ឃើញខ្ញុំដើរលើផ្លូវនោះផងដែរ»។
លោកថា បើទោះជាបានតម្រុយថាឈរឈ្មោះជាបេក្ខភាពនៅក្នុងមណ្ឌលខេត្តកំពង់ចាមសម្រាប់អាណត្តិឆ្នាំ២០១៨ ក៏លោកមិនច្បាស់ថាលោកបានទទួលឱកាសឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ ឬបម្រុងនៅឡើយដែរ ដោយសារតែពេលវេលានៅឆ្ងាយនៅឡើយ ។ លោកមានប្រសាសន៍ថា «ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៥ហ្នឹងទៅ ខ្ញុំនឹងចុះសកម្មតែម្ដងក្នុងឆាកនយោបាយ ពិសេសសកម្មភាពចុះផ្ទាល់នៅខេត្តកំពង់ចាម ដើម្បីឲ្យការឈរឈ្មោះរបស់ខ្ញុំក្នុងនាមជាតំណាងរាស្ត្រ ទទួលបានជោគជ័យសម្រាប់អាណត្តិក្រោយ»។
សុភ័ណ្ឌ ឡារី ប្រកាសថា លោកត្រៀមខ្លួនរួចរាល់អស់ហើយ បើទោះជាបានដឹងថាគុណវិបត្តិ៣របស់អ្នកនយោបាយគឺ ជាប់គុក រត់ចោលស្រុក និងត្រូវបាត់បង់ជីវិតនោះក៏ដោយ ។ លោកអះអាងថា បញ្ហាសង្គមជាអ្វីដែលធ្វើឲ្យលោកហ៊ានក្លាហាន ហើយភាពក្លាហានបានក្លាយជាកម្លាំងជំរុញបណ្ដាលឲ្យលោកសម្រេចចិត្តឈរឈ្មោះធ្វើជាតំណាងរាស្ត្រ បើទោះជាលោកទើបតែស្គាល់ពីភាពជូរចត់ក្នុងឆាកនយោបាយតិចតួចនៅឡើយ ។
អ្វីដែលលោកអួតមិនដាច់ពីមាត់គឺអនាគតភរិយា និងឪពុកម្ដាយក្មេកបានឈរពីក្រោយក្នុងការបោះទុន ដើម្បីឲ្យលោកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផែនការចុះមូលដ្ឋាន ដែលជានិច្ចកាលគឺត្រូវចាយលុយ ទើបជំរុញឲ្យលោកស្គាល់ច្បាស់ពីឆាកនយោបាយ និងមានគំនិតឈរធ្វើតំណាងរាស្ត្រ ។ អញ្ចឹងហើយទើបលោក និងភរិយាគ្រោងបើកជំនួញមួយទៀត ដើម្បីកុំឲ្យមានបញ្ហាថវិកា នៅពេលការងារចូលប្រឡូកក្នុងឆាកនយោបាយរបស់ខ្លួនកាន់តែត្រូវការប្រាក់ច្រើនពង្រឹងកេរ្តិ៍ឈ្មោះ ។
អតីតតារារូបនេះថ្លែងថា «ក្រៅពីត្រៀមឈរធ្វើតំណាងរាស្ត្រនៅកំពង់ចាម ខ្ញុំ និងភរិយាក៏នឹងបើករកស៊ីនាំនេះនាំនោះយកមកលក់នៅក្នុងស្រុកផងដែរ ដោយសារតែរយៈពេលកន្លងមក ខ្ញុំបានស្គាល់រាប់អានជាមួយបងប្អូនខ្មែរច្រើនរស់នៅអាមេរិក ដែលពួកគាត់សុទ្ធតែចាំជួយខ្ញុំៗ»។ លោកបង្ហើបប្រាប់ថា ជំនួញដែលគ្រោងនឹងគិតនោះអាចជាការនាំចូលរថយន្តមួយទឹកពីខាងក្រៅប្រទេសដែលមានបងធម៌ជាអ្នកបោះទុន ហើយលោកជាអ្នកឈររកម៉ូយនៅក្នុងស្រុក ។ លោកអះអាងថា ការបោះជំហានរិះគន់រដ្ឋាភិបាលមិនបានទាញទម្លាក់ឲ្យលោករអិលធ្លាក់នោះទេ ប៉ុន្តែកំពុងតែរុញឲ្យលោកឈានឡើង ដោយក្រៅពីបានរៀបការជាមួយកូនស្រីអ្នកជំនួញសម្បូរទ្រព្យម្នាក់ ក៏នឹងមានសំណាងឈរធ្វើតំណាងរាស្ត្រជាផ្លូវការផងដែរ ៕
http://vodhotnews.com/28692



Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
No comments:
Post a Comment