Monday, March 2, 2015

Hun Sen គំរាមតុលាការខ្មែរក្រហមកុំឲបន្តកាត់ក្តីសំណុំរឿង០០៣,០០៤ តទៅទៀតប្រយ័ត្នកើតសង្គ្រាម

ហ៊ុន សែន គំរាមតុលាការខ្មែរក្រហមកុំឲបន្តកាត់ក្តីសំណុំរឿង០០៣,០០៤ ប្រយ័ត្នកើតសង្គ្រាមស៊ីវីល
********************
លោក​ហ៊ុន សែន​ប្រកាស​ប្រឆាំង​មិន​ឲ្យ​សាលាក្តី​ខ្មែរក្រហម​​បន្ត​សំណុំ​រឿង​០០៣​និង​០០៤
******************អត្ថបទ.VOA,26,02,2015
លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ​ហ៊ុន សែន​បាន​ព្រមាន​សារ​ជាថ្មី​ថា​ ការ​ពង្រីក​វិសាលភាព​ការ​កាត់​ទោសអតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហមអាច​នឹង​បង្ក​ឲ្យ​មាន​ការ​កើត​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ឡើង​វិញ។​
ថ្លែងក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ខួប​លើក​ទី​១០​នៃ​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ការពារ​មនុស្ស​ជាតិ​ វឌ្ឍនភាព ​បញ្ហា​ប្រឈម ​និង​កាលានុវត្តភាព​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ទី​ក្រុង​ភ្នំពេញ​ លោក​ហ៊ុន សែន​បាន​និយាយ​យោង​ដល់អស្ថិរភាព ​ដែល​អាច​បង្ក​ឡើង​ដោយ​ការ​ពង្រីក​ការ​កាត់​ទោស​នេះ។​
«វិសាល​ភាព​ចេះ​តែ​ពង្រីក។​ រឿង​នេះ​ត្រូវ​គិត​អំពី​តម្លៃ​សន្តិភាព ​តម្លៃ​ជីវិត​មនុស្ស។​ បើ​សង្គ្រាម​កើត​ឡើង​វិញ​ តើ​ប៉ុន្មាន​នាក់​ទៅ​ដែល​ត្រូវ​ស្លាប់?»​
សេចក្តី​អត្ថាធិប្បាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​ឡើង​ស្រប​ពេល​ដែលការ​កាត់​ក្តី​សំណុំ​រឿងបន្ថែម​គឺ​សំណុំ​រឿង​០០៣​ និង​០០៤ហាក់​ដូចជា​មិន​បង្ហាញ​ភាព​ជឿន​លឿន​នោះ​ទេ។​
សំណុំ​រឿង​ទាំង​ពីរមាន​ជន​ជាប់​សង្ស័យ​ ដែល​គេ​ដឹង​ក្រៅ​ផ្លូវការ​ចំនួន​ប្រាំ​នាក់​ ដែល​សុទ្ធ​សឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម។ ​ក្នុង​នោះ​សម្រាប់​សំណុំ​រឿង​០០៣​មាន​ស៊ូ ម៉េត ​អតីត​មេ​បញ្ជាការ​កងទ័ព​អាកាស​ខ្មែរ​ក្រហម ​និងមាស​ មុត​ អតីត​មេ​បញ្ជាការ​កង​ទ័ព​ជើងទឹក​ខ្មែរក្រហម។​ រីឯ​សំណុំ​រឿង​០០៤​ មាន​ឱម​ អាន ​ហៅ​តាអាន ​អតីត​គណៈ​ស្រុក​កណ្តាល​ស្ទឹង​នៃ​តំបន់​២៥ ​ក្រោម​ការ​គ្រប់​គ្រង​របស់​តាម៉ុក ​ហើយ​និង​យឹម ទិត្យ ​ហៅតាទិត្យ​ អតីត​លេខាបក្ស​ស្រុក​គីរីវង្ស​ ខេត្ត​តាកែវ ​និង​អ្នកស្រី​អ៊ឹម ចែម ​អតីត​គណៈ​ស្រុក​ស្រុក​ព្រះ​នេត្រ​ព្រះ។​
មនុស្ស​រាប់​សែន​នាក់​ត្រូវ​គេ​ដឹង​ថា ​បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​ក្រោម​ការ​គ្រប់​គ្រង​របស់​ជន​សង្ស័យ​ទាំង​ប្រាំ។​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ថ្លែង​ការណ៍​ប្រឆាំង​នឹងការ​កាត់​ទោស​សំណុំ​រឿង​បន្ថែម​ទាំង​ពីរ ​ដោយ​លោក​លើក​ហេតុផល​ពី​ការ​ភ័យ​ខ្លាច​អំពី​បញ្ហា​អសន្តិ​សុខ ដែលអាចកើត​ឡើង​ដោយសារ​អតីត​កង​ទ័ព​ខ្មែរ​រត់​ចូល​ព្រៃតស៊ូ​ប្រដាប់​អាវុធ។​
ក្រោយ​ពី​ជំនួប​រវាង​លោក​ហ៊ុន សែន​ជាមួយ​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ខែតុលា​ឆ្នាំ​២០១០ ​លោក​ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស​ ​បាន​ប្រកាស​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ប្រាប់​ដល់​អង្គការ​សហ​ប្រជាជាតិ​«យ៉ាង​ច្បាស់»​ថា​ នឹង​មិន​មានករណី​កាត់​ទោស​អ្នក​ទទួល​ខុស​ត្រូវ​ខ្មែរ​ក្រហម​បន្ថែម​នោះ​ទៀត​នោះ​ទេ។​
នៅ​ថ្ងៃ​នេះ​ លោក​ហ៊ុន​ សែន​បាន​លើក​ពី​ភាព​ផុយ​ស្រួយ​នៃ​សង្គ្រាម​ស៊ីវិល​ឡើង​វិញ។
«អា​រឿង​ជីវិត​មនុស្ស​ យើង​ដក​ពិសោធន៍​ហើយ។​ ឥឡូវ​មនុស្ស​នៅ​ក្នុងពិភព​លោក​កំពុង​តែ​ស្លាប់​ដោយ​សារ​តែ​ទង្វើ​ខ្លះ​របស់​មនុស្ស​បង្កើត​ឡើង​ ហើយ​ក្លាយ​ជា​សង្រ្គាម​ស៊ីវិល​នៅ​ប្រទេស​នោះ។​ ​តើ​រឿង​ទៅ​ជា​យ៉ាង​ម៉េច?»​
ដោយ​សារ​មាន​ការ​ប្រឆាំង​ជំទាស់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែននោះ ភាគី​កម្ពុជា​នៅ​ក្នុង​សាលាក្តីខ្មែរ​ក្រហម​មិន​សហការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤​នោះ​ទេ ​ពោល​គឺ​ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​ជា​ឯក​តោភាគី​ដោយសហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​តែ​ប៉ុណ្ណោះ។​
លោក​ឡាស​ អលសិន (Lars Olsen) ​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​កិច្ច​ការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​ បញ្ជាក់​ថា ការ​ស៊ើប​អង្កេតក្នុងសំណុំ​រឿង​ទាំង​ពីរកំពុង​បន្ត​ទៀត​នៅ​ឡើយ។​ ប៉ុន្តែ​លោក​មិន​អាច​ដឹង​បាន​ទេ​ថា តើ​កិច្ចការស៊ើប​អង្កេត​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ។
នៅ​ថ្ងៃ​នេះ​ដែរ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែនក៏​បាន​លើក​ពី​បញ្ហា​កង្វះ​ថវិកា​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​ប្រឈម​នោះ​ដែរ៕
http://m.khmer.voanews.com/a/cambodia-pm-reiterates-his-objection-to-prosecute-more-khmer-rouge-leaders/2660325.html

YouTube Video

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment