Saturday, March 28, 2015

ពលរដ្ឋនៅស្រុកជីក្រែងប្រមាណ១០០០នាក់ពុលនំប័ុងសាច់ប៉ាតេ

ការពុលនៅស្រុកជីក្រែងខេត្តសៀមរាបតាមការឲដឹងពីអ្នកភូមិដែលធ្វើការពិសោធន៍ដោយឆ្កឹះយកសាច់ប៉ាតេពីក្នុងនំប័ុងទៅឲឆ្កែស៊ី ជាលទ្ធផលឆ្កែដែលស៊ីសាច់ប៉ាតេនោះក៏ពុលផងដែរប៉ុន្តែតាមការឲដឹងពីចៅហ្វាយខេត្តសៀមរាប ថាការពុលនេះគឺបណ្តាលមកពីត្រសក់ ។
***************
ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំ និងមន្ទីរពេទ្យបង្អែកស្រុក ដោយមានអាការៈក្អួតចង្អោរ និងរាគរូស សង្ស័យពុលនំប៉័ងដាក់សាច់ ។

ប្រជាពលរដ្ឋជាច្រើននាក់ ដែលVODបានជួបសម្ភាសន៍នៅឃុំពង្រលើ និងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាបនិយាយដូចៗគ្នា នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែមីនា ម្សិលមិញ អង្គការទស្សនៈពិភពលោក បានចែកនំប៉័ងដាក់សាច់ដល់សិស្សតូចៗយកទៅចែកគ្នាហូប ហើយពួកគាត់ក៏បានទទួលទាននំប៉័ងដាក់សាច់នោះដែរ ។ ពលរដ្ឋទាំងនោះបន្តថា រហូតដល់ម៉ោងប្រមាណ១០ យប់ ពួកគាត់ក៏មានអាការៈក្អួតចង្អោរ និងរាគរូស ។ ពួកគាត់សម្ដែងការសង្ស័យថា អាការៈនេះអាចបណ្ដាលមកពីការពុលនំប៉័ងដាក់សាច់នោះ ព្រោះទាំងអស់គ្នាដែលមានអាការៈនេះ សុទ្ធតែបានទទួលទាននំប៉័ងដាក់សាច់នោះទាំងអស់គ្នា ។

គ្រូសាលាបឋមសិក្សាក្បាលដំរី ស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង លោកប៉ឹង វិសាល ជាអ្នករៀបចំបញ្ជីឈ្មោះសិស្សទទួលបាននំប៉័ងនោះ និយាយថា អង្គការទស្សនៈពិភពលោក ក្នុងកម្មវិធីលុបបំបាត់ពលកម្មកុមារ បានចែកនំប៉័ងចំនួន៨០០ដុំ ដល់សិស្សនៅអនុវិទ្យាល័យពង្រ ។

ប្រធានមណ្ឌលសុខភាពពង្រលើ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប លោកអ៊ុំ សារ៉ាត និយាយថា អ្នកជំងឺរាប់រយនាក់ទាំងចាស់ទាំងក្មេង បានសម្រុកមកមណ្ឌលសុខភាពរបស់លោក ដើម្បីព្យាបាលអាការៈក្អួតចង្អោរ និងរាគរូស ។ លោកថា ចាប់ពីម៉ោង៨ព្រឹករហូតមកដល់ពេលនេះ នៅតែមានអ្នកជំងឺបន្តចូលមកមន្ទីរពេទ្យជាបន្តបន្ទាប់ ហើយមិនមាននរណាម្នាក់បានធូរស្បើយត្រឡប់ទៅផ្ទះវិញទេ ។ លោកអ៊ុំ សារ៉ាត បន្ថែមថា ចំពោះអ្នកមានអាការៈធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកស្រុកជីក្រែង និងស្រុកសូទ្រនិគមបន្តទៀត ។

មន្ត្រីទំនាក់ទំនងសាធារណៈនៃអង្គការទស្សនៈពិភពលោក លោកហុង ច័ន្ទភក្ត្រា មានប្រសាសន៍ថា មកដល់ពេលនេះ នគរបាលមិនទាន់អាចផ្ដល់ការសន្និដ្ឋានបានថា តើប្រជាពលរដ្ឋទាំងនោះពុលដោយសារអ្វីនោះទេ ។ លោកថា នំប៉័ងប៉ាតេទាំងនោះ មិនមែនផ្ដល់ដោយផ្ទាល់ដោយអង្គការទស្សនៈពិភពលោកនោះទេ ។

លោកហុង ច័ន្ទភក្ត្រាបន្តថា ជាទូទៅពេលមានកម្មវិធីផ្ដល់អាហារសម្រន់បែបនេះ អង្គការទស្សនៈពិភពលោកជាអ្នកផ្ដល់ថវិកា ឯយុវជនតំណាងស្រុកជីក្រែងជាអ្នករៀបចំអាហារដោយផ្ទាល់ ។

ទោះយ៉ាងណា លោកហុង ច័ន្ទភក្ត្រា បញ្ជាក់ថា ពេលបានទទួលព័ត៌មាននេះ អង្គការទស្សនៈពិភពលោក បានកំពុងជួយដល់មណ្ឌលសុខភាពនៅតំបន់នោះឲ្យព្យាបាលពលរដ្ឋទាំងនោះ និងបានត្រៀមរថយន្តសម្រាប់ដឹកអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរទៅមន្ទីរពេទ្យបង្អែកស្រុក និងខេត្តបន្តទៀត ៕














Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment