Monday, February 23, 2015

អាឡិច ត្រូវបានបញ្ជូនចេញផុតពីកម្ពុជាហើយវេលាម៉ោងជាង៨យប់
















អាឡិច ត្រូវបានចាប់ខ្លួននិងបញ្ជូនចេញផុតពីកម្ពុជាហើយតាមយន្តហោះThai Airway វេលាម៉ោង៨:៣៥នាទីយប់ 23,02,2015 អមដោយប៉ូលីស២នាក់ទៅបឹងកក ។ មុនពេលចាកចេញ អាឡិច បានផ្តាំផ្ញើឲខ្មែរគ្រប់គ្នាការពារព្រៃឈើនៅតំបន់អារ៉ែងនិងចាំជួបគ្នាតាមរយ:Internet.Facebook ជាដើម
***********អត្ថបទVOD
សកម្មជន​តំបន់​អារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ​ហើយ​នៅ​យប់​វេលាម៉ោង​៨និង​៣៥នាទីនេះ។​
លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ នៅ​ថ្ងៃ​ចន្ទនេះ​ វេលាម៉ោង​​ជាង​១រសៀល ដោយ​ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍។
អង្គការ​លីកាដូ​ឲ្យ​ដឹង​ថា​លោកបាន​​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​របស់​ថៃ​(Thai Airways)ជើង​យន្តហោះ​ឈ្មោះ​​TG585 ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាង​កក ​ប្រទេស​ថៃ ហើយ​លោក​នឹង​ធ្វើ​ដំណើរ​បន្ត​តាម​ជើង​ហោះ​ហើរThai Airways លេខ​TG948 នៅ​ម៉ោង​១២​និង​១០នាទីអាធ្រាត្រ​​យប់​នេះ ឆ្ពោះទៅកាន់​ទីក្រុង​Madridនៃ​ប្រទេស​អេស្ប៉ាញ។​
លោក ម៉េង ហេង អ្នក​សម្រប​សម្រួល​មាតា​ធម្មជាតិ មានប្រសាសន៍ថា​លោក​បាន​ជជែក​ជាមួយ​​លោក​អាឡិច​តាម​ទូរស័ព្ទថា​មន្រ្តី​អន្តោប្រវេសន៍​កម្ពុជា​២នាក់​បាន​ទៅ​ជាមួយ​អាឡិច​ ដោយ​ខ្លាច​លោក​អាឡិច​មិន​ព្រម​ចាក​ចេញ​ពី​ប្រទេស​ថៃ។​ លោក​បន្ត​ថា​លោក​អាឡិចបាន​ផ្តាំផ្ញើ​​ឲ្យ​ការពារ​តំបន់​អារ៉ែង និង​ថា​លោក​នឹង​​ប្រើប្រាស់​​ប្រព័ន្ធ​អ៊ិនធើណែត ក្នុង​ការ​​ផ្តល់​ជា​គំនិតការពារ​តំបន់​អារ៉ែង។​
អ្នក​គាំទ្រ​ប្រមាណជា​១០០នាក់ បាន​រង់​ចាំ​នៅ​ខាង​មុខ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេស​ន៍ តាំងពីរសៀល​ថ្ងៃ​នេះ​ ដើម្បីរ​ង់ចាំ​ដំណឹង​នៃ​ការ​បញ្ជូន​លោក​អាឡិច​ទៅប្រទេស​កំណើត​វិញ។​
អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​ក្រោយ​ពី​ការ​ចាប់ខ្លួន​លោក​អាឡិចថា​​អាជ្ញាធរ​កម្ពុជា​បានប្រើប្រាស់វិធានការត្រជាក់អស់ពីសមត្ថភាព ដើម្បីឲ្យលោកអាឡិច ចាកចេញពីកម្ពុជាមួយរយៈសិន ប៉ុន្តែ​លោក​ថា​វិធីសាស្ដ្រនេះនៅតែមិនទទួលបានទទួលជោគជ័យ។ លោកបន្ដថាបើវិធីនេះអស់ជម្រើស គឺមានតែប្រើច្បាប់ខ្មែរតែម្ដង ដើម្បីបណ្ដេញចេញ ហើយអ្នកដែលត្រូវបណ្ដេញចេញនឹងត្រូវបានចាត់ចូលក្នុងបញ្ជីខ្មៅ ហើយនឹងមិនអាចអនុញ្ញាតឲ្យចូលក្នុងប្រទេសកម្ពុជាវិញឡើយ។ លោក ខៀវ សុភ័គ មានប្រសាសន៍ថា«យើងបានប្រើប្រាស់អស់ហើយវិធានការតាមការត្រជាក់ វិធានការត្រជាក់នោះគឺថាយើងបានប្រាប់គាត់ឲ្យចេញទៅម្តង​ហើយ​ ទៅហើយមកវិញមក គាត់និយាយមែនទែនទៅគាត់ប្រហែលជាស្ដាប់ខ្មែរមិនបាន ក្រែងលោគាត់ជាជនជាតិបរទេសស្ដាប់គ្នាមិនបានអញ្ចឹងទៅ យើងក៏សុំឲ្យទូតអេស្ប៉ាញនិយាយអេស្ប៉ាញជាមួយគាត់ ភាសាអេស្ប៉ាញជាភាសាកំណើ​តរបស់គាត់ ទូតក៏ប្រាប់ដែរ អាឡិចអើយចេញទៅ ជាភាសាអេស្ប៉ាញនោះណា ហើយគាត់នៅតែស្ដាប់ភាសាអេស្ប៉ាញមិនបានទៀត ដល់អញ្ចឹងមានតែធ្វើច្បាប់កម្ពុជា។ យើងមិនចាំអីឈឺក្បាលជាមួយមនុស្សម្នាក់នោះទេ តាមច្បាប់នេះបណ្ដេញចេញហើយចូលក្នុងបញ្ជីខ្មៅ ចូលមកកម្ពុជាវិញលែងបាន»។
ការ​ចាប់ខ្លួនសកម្មជន​រូប​​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ ប្រតិកម្ម​នឹង​អ្ន​ក​រិះគន់​រដ្ឋាភិបាល​ដែល​មិន​បានពន្យារ​ទិដ្ឋា​ការ​​ដល់​សកម្មជន​​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង លោក លោក​ អាឡិច ឲ្យបន្ត​​រស់​នៅប្រទេស​កម្ពុជា​បន្ត​ទៀត។​ លោក​បញ្ជាក់​ថា​«​ គេ​សុខចិត្ត​ឲ្យ​នៅ​រហូត​ដល់​អស់ទិដ្ឋាការ។ អញ្ចឹង​យើង​ចេញ​ទៅ​សិន​ទៅ រួចហើយ​ចាំ​សុំត្រឡប់​មកវិញ វា​ទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យ​កាន់​តែ​អាក្រក់)។ តែ​គេ​បណ្តេញចេញ​ហើយ​ វាត្រូវ​ចូលក្នុង​បញ្ជីខ្មៅ។ វា​ចប់​ហើយ។ អាហ្នឹង​ហើយ​គេថា​ចង់​ជ្រុល…»។
លោក អា​ឡិច ជា​ជនជាតិ​អេស្ប៉ាញ​ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០​ឆ្នាំមកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង។ ​ទិដ្ឋាការ​របស់លោក​អាឡិច បាន​ផុតកំណត់​កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ ឆ្នាំ​២០១៥៕
http://vodhotnews.com/27592

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment