Friday, October 5, 2012

ព្រះ​សង្ឃ​លួនសុវ៉ាត​ទទួល​រង្វាន់​សិទ្ធិ​មនុស្ស​អន្តរជាតិ


ព្រះ​សង្ឃ​លួនសុវ៉ាត​ទទួល​រង្វាន់​សិទ្ធិ​មនុស្ស​អន្តរជាតិ

ភ្នំពេញៈ ព្រះភិក្ខុ លួន សុវ៉ាត សកម្ម​ជន​សង្ឃ​ល្បី​ឈ្មោះ​នៅ​កម្ពុជា មាន​ឈ្មោះ​ជា​អ្នក​ទទួល​រង្វាន់ Maritin Ennals for Human Rights Defenders ​ជា​រង្វាន់​ផ្តល់​ឲ្យ​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដោយ​សារ​តែ​ការងារ​របស់​ព្រះ​អង្គ ក្នុង​ការ​លើក​កម្ពស់​សិទិ្ធ​ទាមទារ​ដី​ធ្លី​របស់​ប្រជាជន និង​ការ​ផ្សព្វផ្សាយ​ពី​ការ​រំលោភ​សិទិ្ធ​មនុស្ស។ 

ជា​បុគ្គល​ដែល គេ​ស្គាល់​មុខ​ច្រើន ក្នុង​ការ​តវ៉ា នៅ​កម្ពុជា ​រាប់​ទាំង​ក្នុង​ការ​តវ៉ា​ដ៏​ក្តៅ​គគុក កាល​ពី​ខែ​ឧសភា ចំពោះ​ការ​ជំនុំ​ជម្រះ​ស្រ្តី​បឹងកក់​ទាំង​១៣​នាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​នោះ ព្រះភិក្ខុ សុវ៉ាត ជា​ជន​ទី ១ នៅ​អាស៊ី​អាគ្នេយ៍ ដែល​ទទួល​បាន​រង្វាន់​នេះ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ និង​ពិនិត្យ​សម្រេច​ដោយ​អង្គការ​សិទិ្ធ​មនុស្ស​ ១០ ក្នុង​នោះ​មាន​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ និង​អង្គការ​ឃ្លាំ​មើល​សិទិ្ធមនុស្ស។ 

លោក Michael Khambatta នាយក​មូលនិធិ Martin Ennals បាន​ថ្លែង​ថា៖ «​គោល​បំណង​នៃ​រង្វាន់​នេះ គឺ​ដើម្បី​ផ្តល់​ការ​ទទួល​ស្គាល់ និង​ការ​ការពារ​»។ លោក​បន្ថែម​ថា ​ព្រះភិក្ខុ សុវ៉ាត «មាន​វិធីសាស្រ្ត​ច្នៃ​ប្រឌិត​ថ្មី ក្នុង​ការ​ការពារ​សិទិ្ធ​មនុស្ស» ហើយ​ជា​«អ្នក​តស៊ូ​មតិ​ខ្លាំងក្លា»​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ ដែល​សម​នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ពី​អន្តរជាតិ​បន្ថែម​ទៀត។

 យោង​តាម​លោក​ស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ព្រះភិក្ខុ ​ឲ្យ​ដឹង​ថា៖ «​ព្រះ​ភិក្ខុ​ជា​ព្រះ​សង្ឃ​កម្រ​ម្នាក់ ដែល​មាន​ឆន្ទៈ​ប្រើប្រាស់​ជំហរ​របស់​ខ្លួន​ជា​ឥស្សរជន​សាសនា​ដែល និយាយ​ប្រឆាំង​នឹង​ភាព​អយុតិ្តធម៌​នៅ​កម្ពុជា...»។

ល្បី​ឈ្មោះ​ថា​ជា «ព្រះ​សង្ឃ​ពហុមេឌា» ព្រះភិក្ខុ​សុវ៉ាត បាន​ថត​ព្រឹត្តិការណ៍​ប្រឈម​ជាមួយ​នឹង​រដ្ឋាភិបាល​ជា​ច្រើន​ដង ចាប់​តាំង​ពី​ឆ្នាំ ២០០៩ មក​ នៅ​ពេល​វីដេអូ​របស់​ព្រះភិក្ខុ ដែល​បង្ហាញ​អំពី​នគរបាល ប្រើ​អំពើ​ហិង្សា​បណ្តេញ​ប្រជាជន​ក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប​ចេញ​ពី​ដី​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គេច​វេះ​របស់​នគរបាល ដែល​អះអាង​ថា ខ្លួន​បាន​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ាជា​ការ​ការពារ​ខ្លួន​។

 ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះភិក្ខុ សុវ៉ាត បាន​គាំទ្រ​ដល់​ការ​ទាមទារ​សិទិ្ធ​ដីធ្លី​របស់​សហគមន៍​ជា​ច្រើន ក្នុង​នោះ​រួម​មាន​សហគមន៍​បុរី​កីឡា និង​បឹងកក់​ផង​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​គណៈ​សង្ឃ​ហាម​ឃាត់​ព្រះ​ភិក្ខុ​ មិន​ឲ្យ​គង់​នៅ​តាម​វត្ត​ទាំង​អស់ ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​មុន។ កាល​ពី​ខែ​ឧសភា ព្រះភិក្ខុ​បាន​ក្លាយ​ជា​អ្នក​ល្បី​ឈ្មោះ​លើ​គេហទំព័រ YouTube ​នៅ​ពេល​ព្រះភិក្ខុ​ត្រូវ​បាន​គេ​ថត សកម្មភាព​ពេល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​រថយន្ត ​ក្នុង​ពេល​តវ៉ា​របស់​ពលរដ្ឋ​បឹងកក់ បន្ទាប់​មក អាជ្ញាធរ​សង្ឃ បាន​គំរាម​ផ្សឹក​ព្រះភិក្ខុ ប្រសិន​បើ​ព្រះភិក្ខុ មិន​ព្រម​បញ្ឈប់​សកម្មភាព​ចូល​រួម​ជា​មួយ​ពល​រដ្ឋ​រងគ្រោះ​ទេ​នោះ​។

 លោក​ស្រី ពុង ឈីវកេក បាន​សម្តែង​ក្តី​សង្ឃឹម​ថា រង្វាន់​ Martin Ennals នឹង​ផ្តល់​ការ​ការពារ​ដល់​ព្រះភិក្ខុ សុវ៉ាត ចំពោះ​ការងារ​ថ្ងៃ​អនាគត។ ​លោក​ស្រី​បាន​បន្ត​ថា៖ «​និមិត្ត​សញ្ញា​ពេល​ខ្លះ​មាន​អំណាច​ជាង​កាំភ្លើង​យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល​វែង​»។ 

ព្រះ ភិក្ខុ សុវ៉ាត ដែល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​ទទួល​រង្វាន់ កាល​ពី​យប់​ថ្ងៃ​អង្គារ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ អ្នក​ទទួល​រង្វាន់​មុនៗ​គឺ Kasha Nabagesera ​សកម្មជន​សិទិ្ធ​មនុស្ស​ខ្ទើយ នៃ​ប្រទេស​អ៊ុយហ្គាន់ដា និង Emadeddin Baghi អ្នក​តស៊ូ​មតិ​សិទិ្ធ​មនុស្ស​នៃ​ប្រព័ន្ធ​យុតិ្តធម៌​អ៊ីរ៉ង់៕ T

No comments:

Post a Comment