![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB5iyDUcJEwrIpwPKDt5WNMDWrpfayvBzyK7m-TLwMxHQONR1Z16OTMeMlwqVH1U9lsdwGOO5iSWVZgAppfObNET_L3DJwtRj7I6Tw9tRdE86CAdueW8lwlkCxG7ciPOktdnOmBznBOS8/s400/Screen+Shot+2017-04-26+at+12.39.38+%25E1%259E%259B%25E1%259F%2592%25E1%259E%2584%25E1%259E%25B6%25E1%259E%2585.png)
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, April 26, 2017
សកម្មជនសិទ្ធមនុស្សដែលកំពុងជាប់ឃុំនៅកម្ពុជា ឈ្នះពានរង្វាន់អន្តរជាតិ Martin Ennals Awared 2017
សកម្មជនសិទ្ធមនុស្សដែលកំពុងជាប់ឃុំ ឈ្នះពានរង្វាន់អន្តរជាតិ
គណៈកម្មការពានរង្វាន់ «Martin Ennals» ដែលមានការចូលរួម ពីអង្គការអន្តរជាតិធំៗ ចំនួន១០ នៅលើពិភពលោក បានសម្រេចប្រគល់ពានរង្វាន់ សម្រាប់ឆ្នាំនេះ ទៅឲ្យសកម្មជនសិទ្ធិមនុស្ស៧រូប ក្នុងនោះមាន សកម្មជនសិទ្ធិមនុស្សខ្មែរ ៤រូប និងមន្ត្រី គ.ជ.ប ខ្មែរមួយរូប ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស សព្វថ្ងៃនេះ។ វត្ថុបំណង នៃពានរង្វាន់ គឺជាការទទួលស្គាល់ ពីកិច្ចការងារ របស់ក្រុមសកម្មជនសិទ្ធិមនុស្សទាំងនោះ ដែលពោរពេញដោយហនិភ័យ និងជួយការពារពួកគេ ពីការចាប់ចង ដោយអយុត្តិធម៌ ។ Freethe5kh៖ ការងាររបស់ពួកគេ ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ ខណៈការឃុំខ្លួនពួកគេ ត្រូវបានធ្វើឡើងយ៉ាងអយុត្តិធម៌ ដោយហេតុតែពួកគេ បានបំពេញការងារសិទ្ធិមនុស្ស តែប៉ុណ្ណោះ។ នេះ ជាការអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី ២៦ ខែមេសានេះ របស់គណៈកម្មការពានរង្វាន់ «Martin Ennals» នៅក្នុងប្រទេសស្វីស ដែលចូលរួមធ្វើការវិន្និច្ឆ័យ ដោយអង្គការអន្តរជាតិធំៗ ចំនួន១០ នៅលើពិភពលោក (ឈ្មោះអង្គការទាំងនោះ មានដាក់ជូន នៅខាងក្រោម)។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ «ស្ថាប័នអន្តរជាតិជាច្រើន ដូចយ៉ាងក្រុមការងារទទួលបន្ទុកផ្នែក ការឃុំឃាំងមនុស្ស ដោយគ្មានការជំនុំជម្រះ និងអ្នករាយការណ៍ពិសេស [ពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា] របស់អង្គការសហប្រជាជាជាតិ បានអំពាវនាវហើយអំពាវនាវទៀត សុំឲ្យមានការដោះលែងពួកគេ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ស្ថាប័នទាំងនោះ ថែមទាំងស្នើសុំ ឲ្យបញ្ឈប់នូវរាល់ការតាមយាយី ដោយប្រព័ន្ធតុលាការ ដែលក្រុមអ្នកធ្វើការ ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា តែងរងគ្រោះ ដោយសារតែពួកគេបានធ្វើការងារស្របច្បាប់ ផ្នែកសិទ្ធិមនុស្ស តែប៉ុណ្ណោះ។»។
អត្ថបទរបស់គណៈកម្មាការនោះ បានស្រង់សំដីលោក ធន់ សារាយ ប្រធានសមាគម អាដហុក ក្នុងនាមសកម្មជនសិទ្ធិមនុស្សខ្មែរ ទាំងប្រាំរូប មកនិយាយដែរថា៖ «វាជាកិត្តិយសធំធេងណាស់ ដែលសកម្មជនការពារសិទ្ធិមនុស្ស ទាំង៥រូប បានឈ្នះដើម្បីទទួលពានរង្វាន់នេះ។ ថ្ងៃ២៨ ខែមេសាខាងមុខ គឺជាខួបមួយឆ្នាំ នៃការចាប់ឃុំពួកគេ ដោយគ្មានការជំនុំជម្រះ។ (...) ពានរង្វាន់នេះ ជានិមិត្តរូបដ៏សំខាន់ ដើម្បីលើកទឹកចិត្ត ទៅដល់បណ្ដាជនខ្មែរទាំងអស់ ដែលកំពុងបន្តប្រយុទ្ធប្រឆាំង នឹងអំពើអយុត្តិធម៌ និងបន្តការពារសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។»។
» ព័ត៌មានបន្ថែម អាចរកបាននៅទីនេះ (ជាភាសាអង់គ្លេស និងបារាំង)
ព្រះសង្ឃ លួន សុវាត ធ្លាប់ឈ្នះពានរង្វាន់នេះ នៅឆ្នាំ២០១២
សូមជម្រាបជូនថា ពានរង្វាន់ «Martin Ennals» ជាកិច្ចសហប្រតិបត្តិការួមគ្នា តែមួយ រវាងអង្គការអន្តរជាតិធំៗ ចំនួន១០ នៅក្នុងពិភពលោក ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពានរង្វាន់នេះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ មានទិសដៅ ដើម្បីអះអាងជាថ្មី ពីកិច្ចការប្រកបដោយហនិភ័យ របស់ក្រុមអ្នកធ្វើកិច្ចការ ដើម្បីវិស័យសិទ្ធិមនុស្ស នៅលើពិភពលោក និងដើម្បីការពារពួកគេ។ កាលពីឆ្នាំ២០១២ ព្រះសង្ឃ លួន សូវាត ក៏បានឈ្នះពានរង្វាន់ខាងលើដែរ។ អង្គការអន្តរជាតិ ទាំង១០នោះ ដែលបានចូលរួម ក្នុងការវិន្និច្ឆ័យជ្រើសរើស អ្នកឈ្នះពានរង្វាន់នេះ រួមមាន៖
- Amnesty International
- Human Rights Watch
- Human Rights First
- FIDH – Fédération internationale des droits de l’homme
- Organisation mondiale contre la torture
- Front Line Defenders
- Commission internationale de juristes
- EWDE Germany
- Service international pour les droits de l’homme
- HURIDOCS
រីឯអ្នកឈ្នះទទួលពានរង្វាន់ «Martin Ennals» ទាំង៧រូប សម្រាប់ឆ្នាំ២០១៧នេះ រួមមាន៖
- មន្ត្រី គ.ជ.ប លោក នី ចរិយា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មកពីប្រទេសកម្ពុជា
- សកម្មជនសិទ្ធិមនុស្សខ្មែរ ៤រូប គឺអ្នកស្រី លឹម មុន្នី - លោក យី សុខសាន្ត - លោក នី សុខា និងលោក ណៃ វ៉ង់ដា មន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក មកពីប្រទេសកម្ពុជា
- អ្នកស្រី «Karla Avelar» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសសាលវ៉ាឌ័រ
- លោក «Mohamed Zaree» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសអេហ្សីព។
ការប្រគល់ពានរង្វាន់ នឹងត្រូវធ្វើនៅថ្ងៃទី១០ ខែតុលាខាងមុខ ក្នុងពិធីមួយនាទីក្រុង ហ្សឺណែវ ប្រទេសស្វីស ដែលរៀបចំឡើង ដោយគណៈកម្មការពានរង្វាន់ «Martin Ennals»៕
Read more at http://monoroom.info/news/post/7946#5gESI4z0HkQjPlBL.99
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB5iyDUcJEwrIpwPKDt5WNMDWrpfayvBzyK7m-TLwMxHQONR1Z16OTMeMlwqVH1U9lsdwGOO5iSWVZgAppfObNET_L3DJwtRj7I6Tw9tRdE86CAdueW8lwlkCxG7ciPOktdnOmBznBOS8/s400/Screen+Shot+2017-04-26+at+12.39.38+%25E1%259E%259B%25E1%259F%2592%25E1%259E%2584%25E1%259E%25B6%25E1%259E%2585.png)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment