Tuesday, January 1, 2019

ទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទបេងមាលា

ព្រះតេជគុណ លួន សុវ៉ាត ជូនដំណើរញាតិញោមមកពីអាមេរីកទៅទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ #ប្រាសាទបេងមាលា #ខ្មែរជួយខ្មែរ ១មករា២០១៩ ។ ប្រវត្តិប្រាសាទ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប ។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម ។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលទៅនឹងប្រាសាទអង្គរវត្តនោះ ដូច្នេះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក ) ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយទៅជាកោះមួយនោះដូច្នេះ ប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ ។ បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម ។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា ។

No comments:

Post a Comment